សេអ៊ូល៖ កូរ៉េខាងជើង អាចនឹងសាកល្បង អាវុធនុយក្លេអ៊ែរ ទៀតក្នុងឆ្នាំ២០១៦

សេអ៊ូល៖ យោងតាម សេចក្ដីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា នៅ រសៀលថ្ងៃចន្ទ នេះយោធាកូរ៉េខាងត្បូង បានបង្ហាញការរំពឹងទុកថា ប្រទេសកូរ៉េខាងជើង កំពុងមានបំណងធ្វើ តេស្ដអាវុធនុយ ក្លេអ៊ែរ និងមីស៊ីលក្នុងឆ្នាំ ២០១៦ខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា រដ្ឋមន្រ្តីក្រសួង ការពារជាតិ កូរ៉េខាងត្បូងលោក ហាន មិនគូ បានដឹកនាំកិច្ចប្រជុំមួយជាមួយ នឹងបណ្ដាមេបញ្ជាការ កងទ័ពជាច្រើនរូបទៀត ដែលរដ្ឋមន្រ្តីការពារជាតិលោក ហាន និង សមាជិកមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀត បានលើកឡើងពីការរំពឹងទុកដូចៗគ្នា។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំមេបញ្ជាការជាន់ខ្ពស់ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើ ការចែករំលែក ស្ថានភាព សន្ដិសុខ និងគម្រោងការពារ ហើយឆ្នាំ២០១៥ នេះមានរយៈពេល ២ឆ្នាំកន្លះហើយដែលកិច្ចប្រជុំ ត្រូវបានធ្វើឡើង ក្រោមវត្តមានចូលរួមពីមន្រ្តីយោធាប្រមាណជា ១៥០រូប។

សម្រាប់បញ្ហាសំខាន់ជាងគេរបស់កូរ៉េខាងត្បូង គឺតែងតែពិភាក្សា ចំពោះសន្តិសុខ ជាមួយនឹង កូរ៉េខាងជើង ព្រោះថា ប្រទេសជិតខាងមួយនេះ តែងតែធ្វើតែស្តសាកល្បងអាវុធ ដូចជា មីស៊ីល, នុយក្លេអ៊ែរ, និង សព្វាវុធផ្សេង ទៀត ដើម្បីបង្ហាញពីអានុភាពរបស់ខ្លួន ប៉ុន្តែទីក្រុង សេអ៊ូល បានចាត់ទុកទង្វើទាំងនោះ ជាការបង្កហេតុ ដែល ត្រូវតែប្រុងប្រយ័ត្នបំផុត៕

សេអ៊ូល៖ កូរ៉េខាងជើង អាចនឹងសាកល្បង អាវុធនុយក្លេអ៊ែរ ទៀតក្នុងឆ្នាំ២០១៦