អ.ស.ប នឹង​រៀបចំ​សន្និសីទ​ផ្ដោត​លើ​បញ្ហា​ប្រឈម​របស់​អ្នក​រស់នៅ​ឬ​ធ្វើ​ការ​លើ​ចិញ្ចើម​ផ្លូវ

អង្គការ​សហប្រជាជាតិ (អ.ស.ប) សម្រាប់​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា នឹង​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ផ្ដោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ប្រឈម​ដល់​កុមារ និង​មនុស្ស​ចាស់ កំពុង​រស់នៅ ឬ​ធ្វើ​ការ​លើ​ចិញ្ចើម​ផ្លូវ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​បញ្ជាក់​ថា សន្និសីទ​នេះ​នឹង​រិះរក​វិធី​ដោះស្រាយ​ផ្ដល់​ការ​ថែទាំ​ឲ្យ​បាន​សមរម្យ និង​គោរព​សិទ្ធិ​ពួក​គេ។ ក្រៅ​ពី​នេះ ក៏​នឹង​សង្កត់​ធ្ងន់​ទៅ​លើ​ការ​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​យូរ​អង្វែង​ប្រកប​ដោយ​ចីរភាព និង​ផ្អែក​លើ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន សម្រាប់​ជន​ងាយ​រងគ្រោះ​បំផុត ក្នុង​ចំណោម​ជន​កំពុង​រស់នៅ និង​ធ្វើ​ការ​នៅ​តាម​ចិញ្ចើម​ផ្លូវ រាប់​ទាំង​កុមារ ស្ត្រី អ្នក​ប្រកប​របរ​សេវា​កម្សាន្ត ជន​ពិការ អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​អ្នក​ជំងឺ​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។