ឃាត់ខ្លួន បុរសម្នាក់ ក្នុងករណី ឆបោករឿងលក់ដី ២កន្លែង នៅព្រៃនប់

ព្រះសីហនុ៖ កម្លាំងនគរបាល ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន បុរសម្នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្នុងការ លក់ដី២កន្លែង ឲ្យអ្នកនេសាទម្នាក់ កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងភូមិគគីរ ឃុំបិតត្រំាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពាក់ព័ន្ធនិងករណីនេះ អាជ្ញាធរមូលដ្ឋានបានរៀបរាប់ដំណើររឿងឲ្យដឹងថា នៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៥ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលបណ្តឹងពីឈ្មោះឯមដាំ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនេសាទ មានទីលំនៅក្រុម៣៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយប្តឹងរាយការណ៍ថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ គាត់បានទិញដី២ កន្លែងពីឈ្មោះផែងកែវ ភេទប្រុសអាយុ៤០ ឆ្នាំមុខរបរ ជាងសំណង់មានទីលំនៅក្រុមទី៦ ភូមិ៦ សង្កាត់៤។

ដីដែលជនរងគ្រោះទិញនោះ មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានទហំ ៤៦៤៨ម៉ែត្រការេ តម្លៃ២៥០០០ដុល្លារដោយមានកិច្ចសន្យា ផ្ទេរសិទ្ធិលក់ផ្តាច់ដី ផ្តិតម្រាមដៃភាគី ទិញ លក់ហើយ អាជ្ញាធរចុះហត្ថលេខា រួមមាន អនុភូមិគគីរ លោក ហ៊ួត សុខជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ មេឃុំរងលោក ព្រំ កែម នៅថ្ងៃទី១ខែ តុលា ឆ្នាំ២០១៥ និងអភិបាលរងស្រុកព្រៃនប់ លោក អក សុងហ៊ន នៅថ្ងៃទី២ខែ១០ឆ្នាំ២០១៥ តែក្រោយពេលប្រគល់ប្រាក់រួចយកលិខិតផ្ទេរសិទ្ធិចុះស្រាវជ្រាវទើបដឹងថាដីដែល គាត់ទិញនោះ គឺជាដីរបស់អ្នកផ្សេង ហើយមានបណ្ណ័កម្មសិទ្ធិរួចទៅហើយ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងទៀតថា ក្រោយពេលទទួលបានបណ្តឹង ការិយាល័យជំនាញបានកោះហៅឈ្មោះ ផែង កែវ មកធ្វើការសាកសួរគាត់បានសារភាពថាគាត់ពិជាបានលក់ដីឲ្យ ឈ្មោះ ឯម ដាំ ប្រាកដមែន ហើយលុយ ដែលលក់បាននោះ គឺគាត់បានប្រគល់ឲ្យ ឈ្មោះព្រំ កែម និងឈ្មោះ ហ៊ួត សុខជា ចំនួន៣០០០ដុល្លារ ឲ្យឈ្មោះ ព្រុំ ប៊ុនី ស្មៀនសាលាស្រុកព្រៃនប់ចំនួន២០០០ដុល្លារ ឈ្មោះ អក សុងហ៊ន ចំនួន២៥០០ដុល្លារ ដើម្បីធ្វើលិខិត ផ្ទេរសិទ្ធិលក់ផ្តាច់។

ក្រោយពិនិត្យឃើញថាទង្វើនេះ គឺជាករណីឆបោក ការិយាល័យជំនាញបានរាយការណ៍ សុំយោបល់ព្រះរាជអាជ្ញា ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ឃាត់ខ្លួន បុរសម្នាក់ ក្នុងករណី ឆបោករឿងលក់ដី ២កន្លែង នៅព្រៃនប់