អាជ្ញាធរ​ខណ្ឌទួលគោក​វាយ​កម្ទេច​ទូ​ហ្គេ​ម​ល្បែងស៊ីសង​៣៤​ទូ ក្រោយ​បង្ក្រាប​បាន​ក្នុង​មូលដ្ឋាន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក​បាន​វាយ​កម្ទេច​ទូ​ហ្គេ​ម​ចំនួន​៣៤​ទូរ​ក្នុង​នោះ​មាន​ទូ​ហ្គេ​ម​បាញ់​ត្រី​១២​ទូ ហ្គេ​ម​បៀនិង​សេះ​២២​ទូ ដែល​ការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ខណ្ឌទួលគោក កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥​នេះ ។

លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា ដើម្បី​លុប​បំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ស្រប​តាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ផង​ដែរ​នោះ សាលា​ខណ្ឌទួលគោក​បាន​វាយ​កម្ទេច​ទូ​ហ្គេ​ម​ប្រភេទ​ល្បែងស៊ីសង​ចំនួន​៣៤​ទូ ក្នុង​នោះ​មាន​ហ្គេ​ម​ប្រភេទ​បាញ់​ត្រី​ចំនួន​១២​ទូ ទូ​ហ្គេ​ម​បៀ​និង​ប្រភេទ​ហ្គេ​ម​សេះ​ចំនួន​២២​ទូ ដែល​សមត្ថកិច្ច​ខណ្ឌ​ទួល​គោក​បង្ក្រាប​បាន​នា​ពេល​កន្លង​មក ។

លោក​អភិបាល​ខណ្ឌទួលគោក​បាន​បន្ត​ថា ទូ​ហេ្គ​ម​ទាំង​៣៤​ទូ​នេះ​ត្រូវ​បាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខណ្ឌទួលគោក ខណៈ​ដែល​ពួក​គេ​លួច​បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែន ។

គួរ​រំលឹក​ផង​ដែរ​ទូ​ហេ្គ​ម​ទាំងនេះ​គឺជា​ប្រភេទ​ហេ្គ​ម​ល្បែងស៊ីសង​ដែល​ពង្វក់​ស្មារតី​សិស្សានុសិស្ស និង​យុវវ័យ​មួយ​ចំនួន​ឲ្យ​លះបង់​ការ​សិក្សា​ចូល​ទៅ​លេង​ហេ្គ​ម​ទាំងនោះ​ធ្វើ​ឲ្យ​បំផ្លាញ​លុយ ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល លើស​ពី​នេះ​ទៀត​បាន​ធើ្វ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្ដិសុខ​សង្គម​តាម​រយៈ​លេង​ហេ្គ​ម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិស្សានុសិស្ស ឬ​យុវវ័យ​ទាំងនោះ​អាច​ប្រព្រឹត្ដ​អំពើ​​ខុស​ច្បាប់ដូច​ជា លួច ឆក់ ប្លន់ជា​ដើម ដែរ​បង្ក​អសន្ដិសុខ​ដល់​សង្គម​ជាតិ ៕