មនុស្ស​៧០​ម៉ឺន​នាក់​​ភៀស​ខ្លួន​ពី​ព្យុះទីហ្វុង​នៅ​ហ្វីលីពីន

មនុស្ស​៧០​ម៉ឺន​នាក់​​ភៀស​ខ្លួន​ពី​ព្យុះទីហ្វុង​នៅ​ហ្វីលីពីន

Loriedin De La Cruz អ្នក​ព្យាករណ៍​អាកាសធាតុ​របស់​រដ្ឋាភិបាល​ បាន​ពន្យល់អំពី​ស្ថានភាព​ព្យុះ​ទីហ្វុង​ Melor ដល់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​ Quezon ​ភាគឦសាននៃ​រដ្ឋធានី​ម៉ានីល​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

មនុស្ស​ដល់​ទៅ​៧០​ម៉ឺន​នាក់​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​ ដើម្បី​គេច​ចេញ​ពី​ផ្លូវ​នៃ​ដំណើរ​ព្យុះ​ទីហ្វុង​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការបាក់​ដី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ព្យុះ​ទីហ្វុង​ឈ្មោះ​ Melor ​បាន​ទៅ​ដល់​ភូមិ​ Batag ​នៅ​កោះ​ ​Samar ដោយ​មាន​ល្បឿន​ ១៨៥​គ.ម​.ក្នុង​មួយ​ម៉ោង។

ក្រុម​ព្យាករណ៍​អាកាសធាតុនិយាយ​ថា ​ព្យុះ​ទីហ្វុង​ Melor ​ដែល​ប្រជាជន​ក្នុង​ស្រុក​ហៅ​ថា ព្យុះ ​Nona​ នឹង​បង្ក​ឲ្យ​មាន​រលក​យក្ស​ក្នុង​មហា​សមុទ្រ។​ រលក​នេះ​អាច​មាន​កម្ពស់​ដល់​ទៅ​៤​ម៉ែត្រ ​ព្រម​ទាំង​មាន​ភ្លៀង​ខ្លាំង​ ទឹក​ជំនន់​ និង​ការបាក់ដី​នៅក្នុង​បរិវេណ​អង្កត់​ផ្ចិត​ព្យុះ​ទំហំ​៣០០គ.ម.។

ការជម្លៀស​មនុស្ស​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត ​Albay​ ដែល​មនុស្ស​រស់​នៅ​៦០​ម៉ឺន​នាក់​ត្រូវ​ភៀស​ខ្លួន​ដោយសារ​ខ្លាច​ដី​បាក់​ពី​ជម្រាល​ភ្នំ​ភ្លើង​ Mayon ដែល​នៅ​ជិត​នោះ។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​បាន​រាយ​ការណ៍​មក​ថា​ ជើង​យន្តហោះរាប់​សិប​ក្នុង​តំបន់​នេះ​ត្រូវ​ផ្អាក ​ហើយទូក​នេសាទ​រាប់​រយ​ត្រូវ​គេ​បញ្ជា​ឲ្យ​មិន​ចេញ​នេសាទ។​

កោះ​ Samar ​គឺ​ជា​កន្លែង​មួយ​នៃ​កន្លែង​ជា​ច្រើន​ដែល​ត្រូវ​ជម្លៀស​មនុស្ស​ចេញ​ នៅ​ពេល​ព្យុះ​ទីហ្វុង​ Haiyan បាន​បោក​បក់​ចំ​ប្រជុំកោះ​នេះ​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​ហើយ​មាន​មនុស្ស​៧​៣០០​នាក់​បាន​ស្លាប់។

​ក្នុង​មួយ​ឆ្នាំៗ​ ប្រទេស​ហ្វីលីពីនមាន​ព្យុះ​ប្រហែល​២០​ដង៕​