ការលួចចម្លង​ចម្រៀង​ពី​បរទេស​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ជាតិ​!

លោក ជា ច័ន្ទបរិបូរណ៍ បណ្ឌិតផ្នែកតូរ្យតន្រ្តី​ស្ទើរ​គ្រប់​ផលិតកម្ម និង​តារាចម្រៀង​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា តែង​លួច​ចម្លង​បទ​ចម្រៀង​ពី​បរទេស​មក​ច្រៀង​បន្ត​។ ដោយសារ​ការលួចចម្លង​នេះ ពេលខ្លះ​ផលិតកម្ម​បរទេស​មួយចំនួន បាន​រិះគន់​ធ្ងន់ៗ​តារាចម្រៀង​ ឬ​ផលិតកម្ម​​ស្រុក​ខ្មែរ​។ អ្នកជំនាញ​ផ្នែក​តន្ត្រី និង​ប្រជាជន​ខ្លះ​​​យល់ថា ការលួចចម្លង​បទ​ចម្រៀង​ពី​ក្រៅប្រទេស​ធ្វើ​ឲ្យ​កិត្តិយស​ជាតិ​អាប់ឱន​។​
​អ្នក​ស្រឡាញ់​ចម្រៀង​ខ្មែរ​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​លួច​បទ​ចម្រៀង​ពី​បរទេស​របស់​តារា និង​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ កំពុង​អង្គុយ​នៅលើ​ស្មៅ​ក្នុង​បរិវេណ​សាលា​ភូមិន្ទ​ភ្នំពេញ ស្រី​ណុ​ច ដែលជា​អ្នក​ចូលចិត្ត​ស្តាប់​បទ​ចម្រៀង​ម្នាក់​ផងដែរ​នោះ បាន​និយាយថា មូល​ហេតុដែល​ផលិតកម្ម​ស្រុក​ខ្មែរ ចូលចិត្ត​ចម្លង​បទ​ចម្រៀង​ពី​បរទេស ដោយសារ​ពួកគេ​ចង់បាន​ចំណូល​ច្រើន។ យុវនារី​វ័យ ២៣ ឆ្នាំ សម្បុរ ស រូបនេះ​បញ្ជាក់ថា​៖« ខ្ញុំ​យល់ថា ផលិតកម្ម​ក្នុងស្រុក គាត់​យក​ពី​គេ​ស្រួល ព្រោះ​គេ​ផលិត​មក​ល្អ​ស្រាប់ ហើយ​គាត់​គ្រាន់តែ​យក​បទ​ច​មៀង​នោះ ផលិត ឬ​កែច្នៃ​តែ​បន្តិច​បាន​លទ្ធផល​ភ្លាម​»​។ តែ​យ៉ាងណា ស្រី​ណុ​ច មិន​គាំទ្រ​ឲ្យ​តារាចម្រៀង ឬ​ផលិតកម្ម​ស្រុក​ខ្មែរ គិតតែ​ចម្លង​បទ​ចម្រៀង​ពី​បរទេស​នោះទេ​។ « យើង​លួ​យ​ពី​គេ មាន​ឈ្មោះថា ជា​ចោរ​។ វា​មិនល្អ​ទេ សម្រាប់​មុខមាត់​ប្រទេស​យើង​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​ស្រី​ណុ​ច​។

​នៅ​ខាងឆ្វេង​ដៃ ស្រី​ណុ​ច គឺ​កញ្ញា ណា​រី ដែលជា​មិត្ត ស្រី​ណុ​ច យល់​ស្រដៀង​ស្រី​ណុ​ច​ដែរ​ថា  ការទទួលបាន​ប្រាក់ចំណេញ​ច្រើន និង​ចំណាយ​ដើមទុន​បន្តិចបន្តួច ជា​ហេតុផល​សំខាន់​ដែល​ផលិតកម្ម​ក្នុងស្រុក​លួ​យ​ចម្លង​ចម្រៀង​ពី​បរទេស​។ ណា​រី រិះគន់ថា បើ​ម្ចាស់​ផលិតកម្ម ឬ​អ្នកចម្រៀង លួច​ចម្លង​ចម្រៀង​តែ​ពី​បរទេស​នឹងធ្វើ​ឲ្យ​កិត្តិយស​របស់​កម្ពុជា​អាប់ឱន​។​«​កន្លងទៅ​ខ្ញុំ​ឮថា ផលិតកម្ម​បរទេស​ខ្លះ​ចង់​រករឿង​តារា​ឬ​ផ​លិតកម្ម​​ខ្មែរ ដែល​លួច​ចម្រៀង​ពី​បរទេស​។ ខ្ញុំ​ឮដូច្នេះ ខ្ញុំ​ខ្មាស​គេ​ជំនួស​ក្នុងនាម​ជា​ខ្មែរ​ម្នាក់​»​។ នេះ​ជាការ​បរិយាយ​បន្ថែម​របស់​និស្សិត​ផ្នែក​គណនេយ្យ​ខាងលើ​។

​ចេញពី ស្រី​ណុ​ច និង​ណា​រី យើង​ងាក​មក​ចាប់អារម្មណ៍​ពី​ការយល់ឃើញ​របស់លោក តាន សុផល ជា​កម្ម​រោងចក្រ​នៅ​ម្តុំ​ទូល​សង្កែ រាជធានី​ភ្នំពេញ​។ កម្មករ​វ័យ ២២ ឆ្នាំ​រូ​នេះ បាន​ថ្លែងថា លោក​ក៏​ជា​អ្នក​ចូលចិត្ត​ស្តាប់​ចម្រៀង​ផងដែរ ហើយ​លោក​ធ្លាប់​ឮថា បទ​ចម្រៀង​ខ្លះ ត្រូវ​តារា ឬ​ផលិតកម្ម​ខ្មែរ ចម្លង​ពី​បរទេស​។ លោក សុផល​បញ្ជាក់​យ៉ាងនេះ​ថា​៖«​ខ្ញុំ​ក៏​មិន​ពេញចិត្ត​ដែរ​ពេល​ឮថា​ខ្មែរ​យើង​លួច​ចម្រៀង​ពី​បរទេស តែ​ខ្ញុំ​នៅតែ​ស្តាប់ ព្រោះ​បទ​ចម្រៀង​ត្រូវចិត្ត​ខ្ញុំ ហើយ​បើ​មិន​ស្តាប់​បាន​អ្វី​ស្តាប់​»​។​

​ចំណែក​យុវជន សម្បត្តិ និស្សិត​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​យល់ថា ធន​មនុស្ស​ផ្នែក​តន្ត្រី​នៅ​កម្ពុជា​នៅមានកម្រិត​។ « ខ្ញុំ​ថា អាចមកពី​បញ្ហា​ធនធានមនុស្ស​នៅ​កម្ពុជា​យើង​ផ្នែក​តន្ត្រី​មិនសូវមាន ហើយ​គួបផ្សំ​នឹង​ការចង់បាន​លុយ ភាពល្បីល្បាញ ទើប​ធ្វើ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​យើង​ចម្លង​ពី​គេ​»​។ សម្បត្តិ​និយាយ​ដូច្នេះ​ទន្ទឹមនឹង​ព្រួយបារម្ភ​ពី​វិស័យ​ចម្រៀង​ខ្មែរ​ធ្លាក់ចុះ បើ​ផលិតកម្ម​ស្រុក​ខ្មែរ​នៅតែ​បន្ត​លួច​ចម្លង​ពី​បរទេស​។ 

ទាក់​ទងនឹង​បញ្ហានេះ​ ​លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌មាន និង​ជា​បណ្ឌិត​ផ្នែក​តូរ្យតន្ត្រី​មកពី​ប្រទេស​ប៊ុលហ្ការី មានប្រសាសន៍ថា ក្រុមហ៊ុន​ដែល​លួច​ចម្លង​បទ​ចម្រៀង​បរទេស​អាច​ប្រឈម​នឹង​ហា​នី​ភ័យ​នៃ​ការ​ប្តឹងផ្តល់​ខ្ពស់​។ «​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ការលួចចម្លង​នេះ នឹងធ្វើ​ឲ្យ​បាត់បង់​នូវ​ស្នាដៃ ដែល​អ្នកនិពន្ធ​យើង​បាន​បន្សល់​ពី​អតីតកាល​។ ហើយ​អ្នកចម្រៀង​ឬ​ផលិតកម្ម​បច្ចុប្បន្ន​បើ​យើង​មិនបង្កើត​ស្នាដៃ​ថ្មី យើង​មិនអាច​បន្សល់ទុក​ស្នា​ដៃដល់​អ្នកជំនាន់ក្រោយ​ទេ​។ ជាងនេះទៀត​បាត់​បង់ធំ គឺ​បាត់បង់​មោទនភាព​ជាតិ បើ​យើង​នៅតែ​លួច​ចម្លង​ពី​គេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​បណ្ឌិត​ផ្នែក​តូរ្យតន្ត្រី​ខាងលើ​។​

​លោក ជា ច័ន្ទ​បរិបូរណ៍ អំពាវ​នាង​ឲ្យ​ម្ចាស់​ផលិតកម្ម និង​អ្នកចម្រៀង​ខ្មែរ​ទាំងអស់ ត្រូវ​មានគំនិត​ជាតិនិយម​ឲ្យ​បាន​ច្រើន​បន្តិច ជាជាង​គិតតែ​រកប្រាក់​ចំណេញ​មួយ​មុខ​។ លោក​ថា តារាចម្រៀង ឬ​ផលិតកម្ម​ខ្មែរ ត្រូវតែ​បង្កើន​ស្នាដៃ​ដោយ​ខ្លួនឯង​ឲ្យ​បាន​ច្រើន ជាជាង​ចាំតែ​លួច​ចម្លង​ពី​គេ​៕