កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជាង​៤៥​ម៉ឺន​តោន ក្នុង​រយៈពេល​១១​ខែ

​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៤៥៦,៩១៧​តោន​។ បរិមាណ​នេះ​កើនឡើង​៣៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ​២០១៤ ។ តួលេខ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ​។

​នេះ​បើតាម​របាយការណ៍​ដដែល នៅក្នុង​វិច្ឆិកា​កន្លងទៅ បរិមាណ​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​មាន​ចំនួន​៤៨,៧៤៨​តោន កើនឡើង​៥៦.៦​ភាគរយ​។

​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​មាន​ចំនួន​៥៨​ប្រទេស រួមមាន​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប ចំនួន​២៦ ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៣​គឺ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី​ក្នុង​បរិមាណ និង​២៩​ប្រទេស​ផ្សេងទៀត ដូចជា​ប្រទេស​ចិន ហុងកុង អូ​ស្រា្ត​លី អាមេរិក និង​តៃវ៉ាន់​ជាដើម​៕