«​បែក​សង្សារ​» សោកស្តាយ​អង្គុយ​យំ ឬ គួរតែ​អបអរសាទរ​!

ភ្នំពេញ​៖ នៅតាម​បទ​ចម្រៀង មួយថ្ងៃៗ លឺសូរ​តែ​សម្រែក​របស់​យុវវ័យ ថា «​បែក​សង្សារ​» ហេតុអ្វី​អូន​មាន​អ្នកថ្មី​? បើ​គ្មាន​បង អូន​មិនអាចរ​ស់បាន ឬ​អូន​ក្បត់​បង បង​ក្បត់​អូន​។ ពាក្យ​ទាំងនេះ កំពុង​ពេញនិយម​ខ្លាំង​នៅក្នុង​ចំណោម​យុវវ័យ​។ តើ​ការ​បែក​សង្សារ ជា​រឿង​គួរ​ឲ្យ​សោកស្តាយ ឬ គួរតែ​សាទរ​?

ស្នេហា​យុវវ័យ នរណា​ក៏​ធ្លាប់​ឆ្លងកាត់ នរណា​ក៏​ធ្លាប់​ភ្លក់​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​នេះដែរ​។ ស្នេហា​គ្រា​ដំបូង ធ្វើ​ឲ្យ​មនុស្ស​ពិបាក​នឹង​បំភ្លេច ពីព្រោះ ជា​ស្នេហា​លើកទីមួយ សម្រាប់ ជីវិត​មនុស្ស​ម្នាក់ៗ​។ ផ្អែម​ល្អែ​ម មាន​សេចក្តីសុខ និង​ការទទួល​អារម្មណ៍​រំភើប​សប្បាយរីករាយ គឺជា​អ្វីដែល​អ្នកមាន​សេ្ន​ហា​ដំបូង​ធ្លាប់​ភ្លក់​។ អូន​ស្រលាញ់​បង បង​ស្រលាញ់​អូន គឺជា​ពាក្យ​ដែល​ដៃគូរ​គ្រប់​គូរ បាន​ប្រើ​ជាប្រចាំ ចំពោះ​គ្នា​ទៅវិញទៅមក​។ ភាព​ថ្នាក់ថ្នម ការយកចិត្តទុកដាក់ ការប្រើ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ បានធ្វើ​ឲ្យ​មនុស្ស​តែងតែ​ចងចាំ ពី​ព្រោះនេះ​អនុស្សាវរីយ៍​ល្អៗ​។

អនុស្សាវរីយ៍​ល្អៗ​គរ​ដូច​ភ្នំ​នេះហើយ ទើប​បណ្តាល​មនុស្ស​ឈឺចាប់ ក្តុកក្តួល អួលណែន​ដើម​ក រក​ពាក្យ​អ្វី​ថ្លែង​មិន​ចេញ នៅពេលដែល​ស្នេហា​ដំបូង​ត្រូវ​បរាជ័យ​។ ការ​បែក​សង្សារ សំណព្វចិត្ត បានធ្វើ​ឲ្យ​អាកប្បកិរិយា​របស់​យុវវ័យ​ផ្លាស់ប្តូរ​។ កាល​ជា​គូរ​ស្នេហ៍ មាន​ភាពល្អូកល្អឺន ហៅ​បងៗ ឬ​អូនៗ ពេញមាត់ តែ​ពេល​ចែកផ្លូវ​គ្នា សូម្បីតែ​ឈ្មោះ​ក៏​មិន​ចង់​លឺ ឬ​រហូតដល់​ប្រើ​ធ្ងន់ៗ​ដូចជា ប្រុស​ក្បត់ ស្រី​ផិត ជាដើម​។ តើ​ការ​បែក​ស្នេហ៍​គ្រា ដំបូង​គឺជា​រឿង​ល្អ ឬ​គួរ​ឲ្យ​សោកស្តាយ​?

តើ​ការ​បែក​សង្សារ បង្ក​ផល​លំបាក​អ្វីខ្លះ​?
មិន​ងាយស្រួល​ទេ សម្រាប់​អ្នក​បែកបាក់​ស្នេហា​គ្រា​ដំបូង ពីព្រោះ​រឿងរ៉ាវ​ផ្អែម​ល្អែ​ម​ជាច្រើន បាន​ដក់​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​ពិបាក​នឹង​បំភ្លេច​។ ប្រសិនបើ​មិនបាន​គ្រប់គ្រង​អារម្មណ៍ អាច​បណ្តាល​ឲ្យ​យុវវ័យ​ខ្លះ សម្លាប់ខ្លួន ឬ​ខូចចិត្ត​បណ្តាល​ឲ្យ​បាក់​ទឹកចិត្ត ក្លាយជា​មនុស្ស​វិកលចរិត​។ លើសពីនេះ ការ​បែក​សង្សារ​ភ្លាមៗ គឺ​មនុស្ស​មិនទាន់​អាច​ទទួលយក បាន ប្រសិនបើ​ពួកគេ​មិនទាន់បាន​ព្រាងទុក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បែក​សង្សារ ក៏បង្ក​ឲ្យ​បាត់បង់​មិត្តភាព បាត់បង់​អ្នកយក​ចិត្ត​ទុក និង​ធ្វើ​ឲ្យ​ភាគី​ទាំងសងខាង​មាន​អារម្មណ៍​ឯកោ​។​

តើ​ការ​បែក​សង្សារ មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?
ជាការ​ពិត មនុស្ស​មិនមែន​ព្រះ​នោះទេ​។ មនុស្ស​តែងតែ​ជួប​ភាព​ផ្អែម ល្វីង ជូរចត់ គឺជា​រឿង​ធម្មតា ពីព្រោះ​ស្នេហា ធ្លាប់តែ​ជា​ទឹកឃ្មុំ បាន​ប្រែក្លាយជា​ទឹកខ្មេះ គឺ​រឿង​ពិបាក​ទទួលយកបាន​ភ្លាម​ណាស់​។ ប៉ុន្តែ បើ​គេ​និយាយ​ពី​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ​វិញ គេ​ត្រូវ​សិក្សា​ពី​ចរន្ត​សង្គម ប្រពៃណី វប្បធម៌ និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​យុវជន​។ ទំនាក់ទំនង​ស្នេហា​ដំបូង ដែល​យុវជន​ស្ទើរ​គ្រប់គ្នា​បាន​ហៅថា សង្សារ គឺ​មិន​ឋិតថេរ​នោះទេ​។ ពាក្យ​សង្សារ បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ស្ត្រី​ជា​គូរ​កំសត់ ឬ​ស្ត្រី​ជា​សហាយស្មន់​។ ប៉ុន្តែ ក្នុងន័យ យុវវ័យ​ខ្មែរ ពាក្យ​សង្សារ​មិនមែន​មានន័យ​បែប​ហ្នឹង​ទេ តែ​សង្សារ​សំដៅលើ​គូរ​ស្នេហ៍ នៅ​ដំណាក់កាល​ដំបូង មុន​ឈានដល់​ដំណាក់កាល​រៀប​អាពាហ៍ពិពាហ៍​។ 

គេ​ត្រូវ​ទទួលស្គាល់ថា សង្សារ មិនមែន​ប្តី​ឬ​ប្រពន្ធ​នោះទេ ពីព្រោះ​សង្សារ គ្រាន់តែ​ជាការ​សន្យា រវាង​បុរស​និង​ស្ត្រី មុនពេល​រៀបការ​ប៉ុណ្ណោះ​។ ត្រឹមតែ​ជា​សង្សារ គេ​ត្រូវ​ដឹងថា មាន​ភាពផុយស្រួយ​ក្នុងការ​បែក​គ្នា​ខ្លាំងណាស់ ពីព្រោះ​សង្សារ​គ្រាន់តែ​ដំណាក់កាល​សិក្សា និង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក រវាង​គូរ​ស្នេហ៍​ថ្មីថ្មោង ដូចជា ចរិតលក្ខណៈ ការសិក្សា មុខរបរ ចំណង់​ចំណូលចិត្ត និង​ក្រុមគ្រួសារ​សាច់ញាតិ​តាំង​សងខាង​ជាដើម​។

ប្រសិនបើ​អាច​ទទួលយកបាន អាច​រស់នៅ​ជាមួយគ្នា​បាន អាច​ពឹង​គ្នា​បាន គឺ​បាន​ចូលដល់​ដំណាក់កាល​រៀបការ​។ ភាពជា​សង្សារ គឺ​ងាយ​បែក​គ្នា​ខ្លាំងណាស់​។ កុំ​ថា​ឡើង​សង្សារ សូម្បីតែ​ប្តី​ប្រពន្ធ​ដែល​រៀបការ​រួចហើយ មាន​ចំណង​ដោយ​អាពាហ៍ពិពាហ៍ និង​ច្បាប់សង្គម នៅតែ​អាច​បែក​គ្នា​បាន ចុះ​ត្រឹមតែ​សង្សារ ហេតុម្តេច​មិនអាច​បែក​គ្នា​បាន​? ការ​បែក​សង្សារ មិន​ត្រឹមតែ​ផ្តល់​ផល​អវិជ្ជា​មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​ប្រយោជន៍​របស់​វា​ដែរ​។ ក្នុងនោះ​រួមមាន​៖ ទី​១៖ អាច​ឲ្យ​អ្នក​ដកឃ្លា​ពី​ការគិតគូរ​ពី​រឿង​ស្នេហា មក​ចំណាយពេល​ច្រើន​ដល់​ការសិក្សា និង​ការងារ កាន់តែ​ល្អប្រសើរ​។ ទី​២៖ អាច​ឲ្យ​អ្នក​កាត់បន្ថយ​ការ​ចាយលុយ​ផ្តេសផ្តាស់ ដូច​កាលពី​មាន​សង្សារ និង​ដក​ពេលវេលា​មួយចំនួន ដែល​ធ្លាប់​នៅក្បែរ​សង្សារ មក​ធ្វើ​ការងារ​ដែលមាន​ប្រយោជន៍​។ ទី​៣៖ ផ្តល់​បទពិសោធន៍​ជីវិត​ដល់​អ្នក ក្នុង​ការពង្រឹង​ចិត្តសាស្ត្រ​សង្គម ពីព្រោះ​អ្នកនឹង​ជួប​បញ្ហា​នេះ​ដដែលៗ​បន្តទៀត ប៉ុន្តែ​អ្នក​ធ្លាប់មាន​បទពិសោធន៍ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ដោះស្រាយ​បញ្ហា​បាន​កាន់​តែមាន​ប្រសិទ្ធភាព​។ ទី​៤៖ អ្នក​មានការ​ជ្រើស​ល្អ​ជាង​មុន ពីព្រោះ​ការ​ជម្រើស​ដំបូង ភាគច្រើន​ជា​ជម្រើស​ដែល​ពុំបាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដោយសារតែ​ការប្រើប្រាស់​អារម្មណ៍​ដើម្បី​ជ្រើសរើស ជាជាង​ប្រើ​គំនិត​។ និង​ទី​៥៖ អ្នកមាន​សេរីភាព គ្រប់គ្រាន់​ក្នុង​ធ្វើ​ការងារ ការសិក្សា ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ដោយ​គ្មាន​ឧបសគ្គ ព្រមទាំង​ទទួលផល​ប្រយោជន៍​ជាច្រើន​ទៀត ពី​សកម្មភាព​យកចិត្ត​ទុកដាក់​របស់ខ្លួន​។​

ដូច្នេះ ទន្ទឹមនឹង​ភាពឈឺចាប់​មួយ​ភ្លែត ប៉ុន្តែ ការ​បែក​សង្សារ មិនគួរ​ឲ្យ​ខ្លាច​ទេ ប្រសិនបើ វា​ជា​ជម្រើស​ចុងក្រោយ មិនអាច​បន្តទៀត​បាន​នោះ​។ ការ​បែក​គ្នា​ក្នុងពេល​ជា​សង្សារ ប្រសើរ​ជាង​បែក​គ្នា​នៅពេល​ក្លាយជា​ប្តី​ប្រពន្ធ ពីព្រោះ​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រសិនបើ​មានកូន​ទៀត គឺ​កូន​បាន​ក្លាយជា​កូនកំព្រា​ម្តាយ​ឬ​ឪពុក​ដែល​បង្កបញ្ហា​ស្មុគស្មាញ​ដល់​សង្គម​។ ប៉ុន្តែ​យុវជន គួរ​ចៀសវាង​ការធ្វើអត្តឃាត​ខ្លួនឯង ឬ​មិន​ដោះស្រាយ ទុក​ឲ្យ​ការបែកបាក់​សង្សារ បង្កបញ្ហា មក​យាយី​ជីវិត​ខ្លួនឯង​នោះទេ ព្រោះ​វា​មិនមែនជា​ទង្វើ​ឆ្លាត​វៃ​នោះឡើយ​។ យុវវ័យ​ទាំងឡាយ មិនគួរ​ផ្តេកផ្តួល​ឲ្យ​ខ្លួនឯង ធ្លាក់ខ្លួន​ជា​ទាសករ​ស្នេហា​នោះទេ ពោលគឺ​ត្រូវ​ចេះ​គ្រប់គ្រង និង​ដោះស្រាយ​ប្រកបដោយ​ភាព​វៃឆ្លាត នោះ​ទើប​ធ្វើ​ឲ្យ​ជីវិត​មាន​សុភមង្គល និង​មាន​ពន្លឺ​ទៅ​ថ្ងៃ​អនាគត​៕