ម្តាយ​របស់​មិត្ត​ប្រុស​បដិសេធ​នាង​ខ្ញុំ​

ម្តាយ​របស់​មិត្ត​ប្រុស​នាង​ខ្ញុំ​លើកឡើងថា ខ្ញុំ​មិនដែល​ទៅលេង​ផ្ទះ​គាត់​មិនដឹងថា​នាង​ខ្ញុំ​ជា​មនុស្ស​ប្រភេទ​ណា ហើយ​ថែមទាំង​និយាយថា​មិន ចូលចិត្ត​នាង​ខ្ញុំ និង ប្រាប់​កូនប្រុស​របស់គាត់​ឱ្យ​រក​នារី​ផ្សេង ដាច់ខាត​មិនឱ្យ​ទាក់ទង​នាង​ខ្ញុំ​ទៀត ។ នាង​ខ្ញុំ និង មិត្ត​ប្រុស​ស្គាល់គ្នា​ប្រហែល ៣ ឆ្នាំ​មកហើយ ប៉ុន្តែ​យើង​ទើបតែ​ស្រឡាញ់គ្នា​ប្រហែល​ជិត​មួយឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ។ គាត់​បានដឹង ហើយ​ថា នាង​ខ្ញុំ​មិនទាន់​គិតដល់​រឿង​រៀបការ​ទេ ព្រោះ​នាង​ខ្ញុំ​ត្រូវបំពេញ​ភារកិច្ច​មួយចំនួន​ទៀត​នៅក្នុង​គ្រួសារ​នាង​ខ្ញុំ ។

ម្តាយ​របស់​មិត្ត​ប្រុស​បដិសេធ​នាង​ខ្ញុំ​

ម្យ៉ាងទៀត​ចាប់តាំងពី​បញ្ចប់​បរិញ្ញាបត្រ និង បាន​ចូលធ្វើការ​នាង​ខ្ញុំ​ក៏​មិនទាន់​បានធ្វើ​អ្វីមួយ​ធំដុំ​ដើម្បី​ជាការ​សងគុណ​ឪពុកម្តាយ​ទេ ។ ប្រសិន​នាង​ខ្ញុំ​ទៅលេង​ផ្ទះ​របស់​សង្សារ គឺ​ហាក់​មានន័យថា នាង​ខ្ញុំ​ព្រមទទួលយក​ភារកិច្ច​អ្វីមួយ​ចំពោះ​គ្រួសារ​គាត់ ថ្វីបើ​មួយរយៈ​ចុង​ក្រោយនេះ​ស្នេហា​របស់​យើង​បាន​ឈានដល់​កម្រិត​មួយ​ដែល​ប្រៀបដូចជា​ប្តី និង ប្រពន្ធ ហើយ​យើង​ពិតជា​ពិបាក​នឹង​ឃ្លាត​ពីគ្នា​ណាស់ ។ កាលពី​ខែ​មុន​មិនដឹងថា​ម្តាយ​របស់គាត់​បាន​ស្តាប់​សម្តី​របស់​អ្នកណា​ទេ ដែល​និយាយ​មិនល្អ​អំពី​នាង​ខ្ញុំ ។ ម្តាយ​របស់គាត់​យ​កលេ​ស​ថា ព្រោះ​នាង​ខ្ញុំ​មិនដែល​ទៅលេង​ផ្ទះ​គាត់ ទើប​គាត់​មិនដឹងថា​នាង​ខ្ញុំ​ជា​ស្ត្រី​ប្រភេទ​ណា ។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ម្តាយ​របស់គាត់​ថែមទាំង​ប្រាប់​ទៅ​កូនប្រុស​គាត់​ឱ្យ​រក​នារី​ផ្សេង ហើយ​ហាម​គាត់​មិនឱ្យ​ទាក់ទង​នាង​ខ្ញុំ​ទៀត ។

នាង​ខ្ញុំ​កាន់​តែមាន​អារម្មណ៍​តានតឹង​ក្រោយពី​បាន​ស្តាប់​ការរៀបរាប់​របស់​មិត្ត​ប្រុស​អំពី​បំណង​របស់​ម្តាយ​គាត់ ។ ចំណែក​សង្សារ​នាង​ខ្ញុំ​វិញ បានត្រឹមតែ​បបួល​នាង​ខ្ញុំ​ទៅលេង​ផ្ទះ​គាត់ គឺ​មិនមាន​វិធីសាស្ត្រ​ណា​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទេ ។ ពេលនេះ​ស្ថានភាព​មនោសញ្ចេតនា​រប​ស់​យើង​ទាំងពីរ​កំពុង​ជួប​បញ្ហា​ស្មុគស្មាញ ។ នាង​ខ្ញុំ​ចង់ទៅ​លេង​ផ្ទះ​គាត់​តាម​ការស្នើសុំ​របស់គាត់ ប៉ុន្តែ​សម្តី​ម្តាយ​គាត់​ធ្វើឱ្យ​នាង​ខ្ញុំ​រារែក ។ ម្យ៉ាង​ពេលនេះ​នាង​ខ្ញុំ​ក៏​កំពុងតែ​ស្មុគស្មាញ​នឹង​ការងារ​ផងដែរ ។ នាង​ខ្ញុំ​សុំ​សួរថា ការ​ទៅលេង​ផ្ទះ​គាត់​អាច​នឹង​ធ្វើឱ្យ​ម្តាយ របស់គាត់​ផ្លាស់ប្តូរ​ចិត្ត​ដែរ​ឬ​យ៉ាងណា ? ហើយ​នាង​ខ្ញុំ​គួរតែ​ធ្វើ​អ្វីខ្លះ​ដើម្បី រក្សា​ចំណង​ស្នេហ៍​នេះ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​

ម្តាយ​របស់​មិត្ត​ប្រុស​បដិសេធ​នាង​ខ្ញុំ​

តាម​ការរៀប​រាប់រប​ស់​នាង ‘​ប្រជាប្រិយ​”​ដឹងថា នាង​ជាម​នុស្ស​ដែលមាន​កតញ្ញូ​ចំពោះ​ឪពុកម្តាយ ហើយ​ការ​តបស្នង​សងគុណ​ដល់​លោកអ្នក​មានគុណ គឺ​គួរឱ្យ​សរសើរ​បំផុត ព្រោះ​ការដឹងគុណ និង ការសង​គុណ​ជា​ភារកិច្ច​ធំ​មួយ​របស់​កូន ។ ក៏ប៉ុន្តែ​ហេតុអ្វី​ក៏​នាង​មិន​ព្រមធ្វើ​កិច្ច​ការល្អ​ពីរ​យ៉ាង ( តបស្នង​សងគុណ​ឪពុកម្តាយ និង រក្សា​ស្នេហា ) ក្នុងពេល​តែមួយ ? ទាក់ទិន​នឹង​រឿង​ស្នេហា «​ប្រជាប្រិយ​» យល់ថា នាង​ជា​មនុស្ស​អាត្មានិយម និង មិនទាន់​យល់​ពី​បុរស​ច្បាស់​នៅឡើយ ។ ធម្មតា​បុរស​ដែលមាន​គំនិត​មិនល្អ ភាគច្រើន​មិន​ចង់ឱ្យ​សង្សារ​ស្គាល់​ផ្ទះ​របស់ខ្លួន​ទេ ព្រោះ​ងាយស្រួល​ដោះដៃ​នៅពេល​បាន​ខ្លួន​ស្ត្រី ។ ក្នុងករណី​របស់​នាង «​ប្រជាប្រិយ​» ជឿថា​មិត្ត​ប្រុស​នាង​គឺជា​បុរស​ល្អ ដោយសារ​ថា​គាត់​បានស្នើ​សុំឱ្យ​នាង​ទៅលេង​ផ្ទះ​គាត់​ដើម្បី​បាន​ស្គាល់​ឪពុកម្តាយ​គាត់ នេះ​ជា​ភ័ស្តុតាង​មួយ បញ្ជាក់ថា គាត់​ពិតជា​ចង់បាន​នាង​មក​ធ្វើជា​គូជីវិត ។​

​ចំណែក​រឿង​ដែលថា នាង​កំពុង​តែមាន​ភាព​តានតឹង​ដែល​កើតឡើង ដោយសារ​ការងារ​គឺជា​រឿង​ធម្មតា ។ នាង​មិនគួរ​យក​ប្រការនេះ​មក​លាយឡំ​នឹង​បញ្ហា​ស្នេហា​នោះទេ ។ មួយវិញទៀត​ចូរ​កុំ​សម្តែង​ឱ្យគេ​ឃើញថា នាង​ជា​ស្ត្រី​ដែល​មិន​ចូលចិត្ត​បំពេញភារកិច្ច​ជា​កូនប្រសា​ល្អ ។ ប្រសិន​យល់ថា​ខ្លួន​មិន​ស្រឡាញ់​បុរស​ម្នាក់នេះ​ទេ នាង​គួរតែ​ពិនិត្យឡើងវិញ​ថា គួរតែ​បន្ត​ទំនាក់ទំនង​ស្នេហា​នេះ​ឬ​យ៉ាងណា ។ ផ្ទុយទៅវិញ​ប្រសិន​គិតថា​ខ្លួន​ពិតជា​ចង់បាន​សង្សារ​ម្នាក់នេះ​ជា​ស្វាមី​នាង​គួរ​ទៅលេង​ផ្ទះ​មិត្ត​ប្រុស​របស់​នាង តាម​ការស្នើសុំ​របស់គាត់ ហើយ​គួរ​នាំ​សង្សារ​មកលេង​ផ្ទះ​នាង​ផងដែរ ។​ ​នាង​បាន​និយាយថា ស្នេហា​របស់​នាង និង សង្សារ បាន​ឈានដល់​កម្រិត​មួយ​ដែល​ប្រៀបដូចជា​ប្តី​ប្រពន្ធ ហើយ​អ្នក​ទាំងពីរ​ពិតជា​ពិបាក​ឃ្លាត​ពីគ្នា ។ ចំណុច​នេះ​បើតាម​’​ប្រជាប្រិយ​”​ស្មាន អ្នក​ទាំងពីរ​ប្រហែល​កំពុងស្ថិត ក្នុងស្ថានភាព​«​ទុំ​មុន​ស្រគាល​»​ទៅហើយ ។

ដូច្នេះ​ប្រសិនបើ​អាច នាង​គួរ​រក្សា​ចំណង​ស្នេហ៍​នេះ ដោយ​ចាប់ផ្តើម​ពី​ការដោះស្រាយ​បញ្ហា​រវាង​នាង និង អនាគត​ម្តាយក្មេក ។ ទន្ទឹមនឹង​ការបំពេញភារកិច្ច​ជា​កូន​ល្អ «​ប្រជាប្រិយ​» សូម​ផ្តល់យោបល់​ថា នាង​គួរ​ធ្វើជា​អនាគត​កូនប្រសា​ស្រី​ដ៏​ល្អ​ម្នាក់​ផងដែរ និង គួរតែ​ចំណាយ​ពេលខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​មនោសញ្ចេតនា និង ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​របស់​នាង​ជាមួយ​អនាគត​ម្តាយក្មេក​បានល្អ​ប្រសើរ ។ ម្តាយ​របស់​មិត្ត​ប្រុស​នាង​ប្រហែលជា​មិនទាន់​បានដឹងថា​នាង​ជា​កូន ស្រី​កតញ្ញូ​នោះទេ ទើប​គាត់​សង្ស័យ និង បដិសេធ​នាង​បែបនេះ ។ ល្អ​បំផុត​នាង​គួរតែ​ទៅសួរសុខទុក្ខ​គាត់​ឱ្យបាន​ញឹកញាប់ ហើយ​នៅពេល​ទៅសួរសុខទុក្ខ​អនាគត​ម្តាយក្មេក​នាង​ក៏​មិនត្រូវ​ភ្លេច​នាំ​អំណោយ​ខ្លះៗ​ដើម្បី​ជូន​គាត់​នោះដែរ ។ មុនពេល​ទៅសួរសុខទុក្ខ​អនាគត​ម្តាយក្មេក នាង​គួរ​ឈ្វេងយល់​អំពី​គាត់​ទាក់ទិន​នឹង​ចំណង់​ចំណូលចិត្ត តាមរយៈ​ការសាកសួរ​មិត្ត​ប្រុស​របស់​នាង។

ម្តាយ​របស់​មិត្ត​ប្រុស​បដិសេធ​នាង​ខ្ញុំ​

ក្រោយមក​ចូរ​ត្រៀម​អំណោយ ឬ ធ្វើ​ម្ហូប​ឱ្យ​ត្រូវ​ទៅតាម​ចំណូលចិត្ត​របស់គាត់ ។ ក្រៅពីនេះ​ការ​ស្លៀកពាក់​ការនិយាយស្តី និង ឥរិយាបថ​របស់​នាង​ក៏​ត្រូវតែ​ធ្វើឱ្យ​ស្របទៅតាម​អ្វីដែល​គេ​ហៅថា​សុភាព​ថ្លៃថ្នូរ និង ភាពជា​ស្ត្រី​ខ្មែរ ។ លើក​ទី ១ ដែល​នាង​ទៅសួរសុខទុក្ខ​គាត់ «​ប្រជាប្រិយ​» ជឿថា​ម្តាយ​របស់​សង្សារ​នាង​នឹងមិន​ទាន់​ប្តូរ​ចិត្ត​ភ្លាមៗ​ទេ ប៉ុន្តែ​វា​គឺជា​ការបើកផ្លូវ​មួយ​សម្រាប់​នាង​ក្នុងការ​កែប្រែ​នូវ​ការយល់ឃើញ​របស់​អនាគត​ម្តាយក្មេក​ចំពោះ​រូបនាង ។ ចាប់ពី​ការ​ទៅសួរសុខទុក្ខ​ជា​លើក​ទី ២ ខ្ញុំ​ប្រាកដថា ម្តាយ​របស់​សង្សារ​នាង​នឹង​ផ្តើម​មាន​មនោសញ្ចេតនា​ល្អ​ចំពោះ​នាង​មិន​ខាន ហើយ​មិនយូរប៉ុន្មាន​គាត់​នឹង​ទន់​ចិត្ត​ងាក​មក​ស្រឡាញ់​នាង​ដូច​កូន​របស់គាត់ ៕