លោក ស៊ុន ចាន់ថុល ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​កាណាដា អំពី​បើក​ដំណើរការ​ការិយាល័យ​ស្ថានទូត​កាណាដា​នៅ​ទីក្រុង​ភ្នំពេញ​

ភ្នំពេញ: នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Philip Calvert ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Francis Huot ភារធារី​នៃ​ការិយាល័យ​ស្ថានទូត​កាណាដា​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី​អំពី ការបើក​ដំណើរការ​ការិយាល័យ​ស្ថានទូត​កាណាដា​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ការបើក​ដំណើរការ​ការិយាល័យ​ស្ថានទូត​នេះ ធ្វើឡើង​ជាការ​ឆ្លើយតប​ទៅនឹង​សារសំខាន់​នៃ​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ស្ថានទូត​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដ៏​មាន​សារសំខាន់​បន្ថែមទៀត រវាង​កម្ពុជា​និង​កាណាដា​។ ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន​ក្នុងការ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​បន្ថែមទៀត មក​ស្វែងយល់​អំពី​ការវិនិយោគ​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត និង​រដ្ឋាភិបាល​កាណាដា និង​បាន​យល់ស្រប​ថា​៖ ការបើក​ដំណើរការ​ស្ថានទូត​កាណាដា នៅ​កម្ពុជា​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ រវាង​ប្រទេស​ទាំងពីរ ។
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​វិនិយោគិន ពិនិត្យ​ទៅលើ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ឧស្សាហកម្ម​ធុន​ស្រាល និង​ឧស្សាហកម្ម​គ្រឿង​បង្គុំ​។ ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ចង្អុលបង្ហាញ​ពី​សារសំខាន់​នៃ​ឧស្សាហកម្ម​សេវា​នៅ​កម្ពុជា ដែល​ទាក់ទង​នឹង​វិស័យ​បដិសណ្ឋារកិច្ច​សណ្ឋាគារ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ប្រតិបត្តិ​ការជួល និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដែល​វិស័យ​ទាំងអស់នេះ នឹង​ជួយ​ពង្រីក​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​។

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត និង​រដ្ឋាភិបាល​របស់​ឯកឧត្តម​ផ្តល់​ការគាំទ្រ​ដល់​កម្មវិធី​កសាង​សមត្ថភាព​សម្រាប់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ផងដែរ​៕​

លោក ស៊ុន ចាន់ថុល ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​កាណាដា អំពី​បើក​ដំណើរការ​ការិយាល័យ​ស្ថានទូត​កាណាដា​នៅ​ទីក្រុង​ភ្នំពេញ​

លោក ស៊ុន ចាន់ថុល ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​កាណាដា អំពី​បើក​ដំណើរការ​ការិយាល័យ​ស្ថានទូត​កាណាដា​នៅ​ទីក្រុង​ភ្នំពេញ​