យុវជនម្នាក់ សារភាពថា គ្រោងធ្វើភេរវកម្ម វាយប្រហារ នៅអូស្រ្តាលី

ស៊ីដនី៖ យុវជនរស់នៅក្នុងទីក្រុង Melbourne ម្នាក់ដែលត្រូវបានចោទ ប្រកាន់ថា មានកាន់កាប់ ឧបករណ៍ផលិតគ្រាប់បែក  បានសារភាពថា ខ្លួនពិតជាបានត្រៀម ក្នុងការធ្វើសកម្មភាព ភេរវកម្មនៅអូស្រ្តាលី ពិតមែន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

សារព័ត៌មានអូស្រ្តាលីបានឲ្យដឹងថា ក្មេងប្រុសវ័យ១៧ឆ្នាំរូបនេះ បានថ្លែងក្នុងតុលាការកុមារ ថា រូបគេមានពាក់ព័ន្ធ នឹងបទឧក្រិដ្ឋក្នុងការត្រៀម ឬគ្រោងធ្វើសកម្មភាពភេរវកម្មពិតមែន។ រដ្ឋាភិបាល អូស្ត្រាលីកន្លងមកបានបង្ហាញក្តី បារម្ភខ្ពស់ទាក់ទងនឹងក្រុមជ្រុលនិយម ព្រមទាំងធ្លាប់បានព្រមានពីបញ្ហាភេរវកម្ម ដែលមានការកើនឡើង ខ្ពស់កាលពីឆ្នាំ២០១៤កន្លងទៅនេះ។

គួររំលឹកផងដែរថា កាលពីដើមឆ្នាំ២០១៥នេះ ប៉ូលីសបានរឹបអូសបានកុំព្យូទ័រមួយគ្រឿងនៅផ្ទះក្មេងប្រុសម្នាក់ បន្ទាប់ពីគេត្រូវបានចាប់ខ្លួនកាលពីខែឧសភាកន្លងទៅនេះ។ ក្នុងកុំព្យូរទ័រនោះ មានអត្ថបទដែលបង្ហាញពី ការបង្កើតគ្រាប់បែកផ្សេងៗ។

ដោយឡែកកាលពីសប្តាហ៍មុន មានមនុស្សប្រាំនាក់ ក្នុងនោះរួមមានទាំងក្មេងប្រុសវ័យ១៥ឆ្នាំមា្នក់ផងដែរ ដែលរស់នៅក្នុងទីក្រុង ស៊ីដនីត្រូវបានចោទប្រកាន់ពីបទគ្រោងធ្វើភេវកម្ម ដោយមានគោលដៅ វាយប្រហារទៅលើអគាររដ្ឋាភិបាល៕

យុវជនម្នាក់ សារភាពថា គ្រោងធ្វើភេរវកម្ម វាយប្រហារ នៅអូស្រ្តាលី