អូស្ត្រាលី ហៅកិច្ចព្រមព្រៀង បញ្ហាអាកាសធាតុ នៅប៉ារីស ជារឿងសំខាន់បំផុត មិនធ្លាប់មាន

កង់បេរ៉ា៖ សមាជិកសភា របស់ប្រទេសអូស្ត្រាលី បានសម្តែងការអបអរសាទរ ចំពោះកិច្ច ព្រមព្រៀងស្តីពីបញ្ហា បម្រែបម្រួលអាកាសធាតុ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ កំពូលរយៈពេល ១២ថ្ងៃ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយ ថាវាជាកិច្ចព្រមព្រៀង ផ្នែកបរិស្ថានសកល ដ៏សំខាន់បំផុត ដែលមិនធ្លាប់កើតមាន ពីមុនមកឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នំា ២០១៥ នេះថា លោក ហ្គ្រេក ហាន់ត៍ រដ្ឋមន្ត្រី បរិស្ថានអូស្ត្រាលី បានត្រឡប់មកពីចូលរួមកិច្ចប្រជុំ នៅទីក្រុង ប៉ារីស កាលពីចុងសប្តាហ៍មុន ដោយក្នុងលោកបាន អះអាងថា ប្រទេសចំនួន ១៨៧ ក្នុងចំណោម ប្រទេសចំនួន ១៩៥ ដែលបានចូលរួមកិច្ចប្រជុំ បានប្តេជ្ញាដូចៗគ្នាថា នឹងកាត់បន្ថយការ បញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយាកាស ក្នុងកម្រិត ២៥ ទៅ ២៨ភាគរយ ដល់ឆ្នាំ២០៣០។

បន្ថែមពីការកាត់បន្ថយខាងលើនេះ ប្រទេសហត្ថលេខីទាំងឡាយ បានប្តេជ្ញាបន្ថែមទៀត ក្នុង ការរក្សាកម្រិតនៃការ ឡើង កម្តៅផែនដី ឲ្យនៅក្រោម ២ អង្សាសេ សម្រាប់បីទសវត្សរ៍ ខាងមុខ ទៀត។ យ៉ាងណាក៏ដោយ លោក ហាន់ត៍ ក៏បានទទួលការរិះគន់ផងដែរ ចំពោះការយល់ព្រម ចុះហត្ថលេខាតំណាងឲ្យអូស្ត្រាលី ក្នុងការកាត់ បន្ថយការផលិត ថាមពលធ្យូងថ្មនោះ ព្រោះថា សេដ្ឋកិច្ចអូស្ត្រាលី នឹងដើរកាន់តែយឺតប្រសិន បើអនុវត្តន៍ វិធានការនេះ។

ទោះបីជាបែបនេះក្តី លោក ហាន់ត៍ បានបកស្រាយថា ថ្មីត្បិតតែប្រទេសអូស្ត្រាលី ធ្វើការកាត់ បន្ថយការប្រើប្រាស់ ធ្យូងថ្ម ដើម្បីផលិតថាមពល ប៉ុន្តែការនាំចេញធ្យូងថ្ម គឺវានឹងមិនផ្លាស់ប្តូរ នោះឡើយ សម្រាប់ថ្ងៃអនាគត់ដ៏ ខ្លីខាង មុខនេះ។ ដោយឡែកលោកស្រី រដ្ឋមន្ត្រីការបរទេស ជូលី ប៊ីសប បានអះអាងថា កិច្ចព្រមព្រៀងផ្នែក បរិស្ថាននេះ ត្រូវបានធ្វើឡើង ដើម្បីការពារ មិនឲ្យប្រទេសនានា រងការប៉ះទង្គិចលើផ្នែកសេដ្ឋកិច្ចខ្លាំងពេកនោះឡើយ៕

អូស្ត្រាលី ហៅកិច្ចព្រមព្រៀង បញ្ហាអាកាសធាតុ នៅប៉ារីស ជារឿងសំខាន់បំផុត មិនធ្លាប់មាន