សាលារៀនត្រូវបិទ និងការនេសាទ ត្រូវផ្អាកដើម្បីត្រៀម ទប់ទល់ព្យុះទីហ្វុង មួយទៀត ដែលជិតមកដល់ ហ្វីលីពីន

ម៉ានីល៖ អាជ្ញាធរហ្វីលីពីន បានសម្រេចបិទសាលារៀន និង ផ្អាកការនេសាទនានា នៅលើ ផ្ទៃសមុទ្រ ជាបណ្តោះ អាសន្ន ចាប់ពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០១៥ នេះតទៅ បន្ទាប់ពីទទួល បានព័ត៌មានពីផ្នែក ឧតុនិយមមកថា តំបន់ ភាគខាងកើតប្រទេសដីកោះមួយនេះ នឹងអាច ទទួលរងនូវព្យុះទីហ្វុង កំណាចជាថ្មី លាយឡំនឹង ភ្លៀងធ្លាក់ខ្លាំង និង ការបាក់ដីផងដែរ។

សារព័ត៌មានសិង្ហបុរី CNA ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា ព្យុះទីហ្វុង មែឡ័រ ដែលអាច ហៅឈ្មោះមួយទៀត ថា ណូណា បានធ្វើដំណើរមកដល់រយៈចម្ងាយ ២០៥ គីឡូម៉ែត្រ ពីកោះ សាម៉ារ ភាគខាងកើតប្រទេសហើយ ដែល វានឹងមកដល់ទឹកដីហ្វីលីពីន នៅយប់ថ្ងៃចន្ទ នេះ ជាមួយនឹងល្បឿនខ្យល់បោកបក់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង (ព្យុះកម្រិតទីពីរ)។

ផ្នែកឧតុនិយមហ្វីលីពីន បានអះអាងទៀតថា ព្យុះខាងលើនេះ វាមានមុខព្រួញមិនខុសពី ខ្យល់ព្យុះហៃយ៉ាន ដែល បានបោកបក់ និង បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ នៅហ្វីលីពីន កាលពី ឆ្នាំ ២០១៣ នោះឡើយ ដែលកាលណោះ មនុស្ស ៨.០០០ នាក់បានបាត់បង់ជីវិត និង បាត់ខ្លួន ដោយសារតែព្យុះហៃយ៉ាន វាយប្រហារ។

ដូច្នេះប្រទេសហ្វីលីពីន កំពុងតែត្រៀមខ្លួន កម្រិតខ្ពស់បំផុត សម្រាប់ទប់ទល់នឹងព្យុះ ណូណា ដែលអាចនឹងមក ដល់ក្នុងយប់ថ្ងៃចន្ទ នេះ។ អាជ្ញាធរខេត្ត  សរសូហ្គន ដែលស្ថិតនៅមុខព្យុះ បាន បញ្ជាឲ្យបិទសាលារៀន និង ផ្អាក ការនេសាទ ដើម្បីសុវត្ថិភាព៕

សាលារៀនត្រូវបិទ និងការនេសាទ ត្រូវផ្អាកដើម្បីត្រៀម ទប់ទល់ព្យុះទីហ្វុង មួយទៀត ដែលជិតមកដល់ ហ្វីលីពីន