ក្រុមរាំបែបស្រ្ទីតដេនរបស់ជប៉ុន នឹងមកបង្ហាញក្បាច់រាំ ដ៏អស្ចារ្យ នៅកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនហៅកាត់ថា CJCC នឹងនាំមកជូននូវការសម្តែងរបាំរបស់កម្ម-វិធី DANCE DANCE ASIA – Crossing the Movements នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី សិល្បករ សិល្បការនីរបាំ ដូចជា Hilty & Bosch Memorable Moment និង AREA ROCK STYLER នៅសាលសន្និសីទចតុមុខ នៅថ្ងៃ ព្រហស្បតិ៍ ទី១៧ និងថ្ងៃ សុក្រ ទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦ ចូលទស្សនាដោយសេរី។

ក្រុមរបាំទាំងបីនេះ នឹងបង្កើតវគ្គបណ្តុះបណ្តាលផ្សេងៗផងដែរ សម្រាប់អ្នកដែលស្រឡាញ់វិស័យរបាំ (ទោះជាអ្នកទាំងនោះគ្មានបទពិសោធន៍របាំ ក៏ដោយ) ដែលវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តិទៅ នៅថ្ងៃអង្គារទី១៥ និង ថ្ងៃពុធ ទី១៦ ខែធ្នូ នៅមជ្ឈមណ្ឌលសៀកនិងសិល្បៈទស្សនីយភាព នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុនCJCC។

DANCE DANCE ASIA ជាគម្រោងមួយរបស់ មជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី ធ្វើឡើងក្នុងគោលបំណង លើកតម្កើងការផ្លាស់ប្តូរការសិក្សា និងកិច្ចសហការរវាង ក្រុមរាំបែបស្រ្ទីតដេននៅ តំបន់អាស៊ី។ ព្រោះថាចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅប្រទេសជប៉ុនមក ក្បាច់រាំបែបស្រ្ទីតដេន បានក្លាយទៅជាវិស័យរបាំមួយ ដែលមានប្រជាប្រិយភាពជាងគេ ហើយចំនួនស្ទូឌីយោរបាំ និងអ្នករាំក្បាច់ប្រភេទនេះ ក៏មានការកើនឡើងគួរឱ្យកត់សំគាល់ផងដែរ ក្នុងពេលត្រឹមតែ ជាង៤០ឆ្នាំនេះ។ ក្បាច់រាំ ជាចង្វាក់បែបនេះ ត្រូវមានរួមបញ្ចូល ទៅក្នុងកម្មវិធីអប់រំ តាមរយៈមុខវិជ្ជា “ក្បាច់រាំជាចង្វាក់បែបសម័យ” ដែលញ៉ាំងឱ្យក្បាច់រាំប្រភេទនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងចំណោមយុវវ័យ។

បន្ថែមលើនេះ ចាប់ពីដើមទសវត្សរ៍ ឆ្នាំ២០០០មក ក្រុមហ៊ុនរបាំបែបស្រ្ទីតដេន បានចាប់ផ្តើម បង្កើតស្នាដៃរបាំពេញលេញ រួមជាមួយនឹងការផ្តួចផ្តើមបច្ចេកទេស និងការដឹកនាំរបាំប្លែកៗ ដែលបានក្លាយទៅជាចលនារបាំមួយ មានប្រជាប្រិយភាពខ្ពស់ និងជាវិស័យរបាំថ្មីមួយ ដែលកំពុងរីកលូត លាស់ខ្លាំងនៅក្នុងឧស្សាហកម្ម សិល្បៈទស្សនីយភាព នឹងកំពុងរីករាលដាលទៅប្រទេសឯទៀតនៅ តំបន់អាស៊ី ហើយអ្នករបាំស្រ្ទីតដេន ក៏ចាប់ផ្តើមបង្កើតបណ្តាញរបស់ពួកគាត់ តាមរយៈការប្រកួតក្បាច់រាំផ្សេងៗ។

កម្មវិធី DANCE DANCE ASIA បានខិតខំប្រឹងប្រែងបង្កើត ស្នាដៃសិល្បៈមហោស្រពថ្មីដោយខ្លួនឯង និងលើកតម្កើងការផ្លាស់ប្តូរបទពិសោធន៍ នៅអាស៊ីតាមរយៈ ក្បាច់រាំបែបស្រ្ទីតដេន ដើម្បីដើរតួនាទីសំខាន់មួយ នៅក្នុងវប្បធម៌ថ្មីនេះ នៅអាស៊ី។

Hilty & Bosch ដែលជាអ្នកជំនាញក្បាច់រាំបែប locking គឺជាគូសិល្បកររបាំ កម្រិតពិភពលោក ដែលបានធ្វើការសម្តែងមហោស្រព ការសម្តែងតាមទូរទស្សន៍ ការបង្កើតវគ្គបណ្តុះបណ្តាលផ្សេងៗ និងធ្វើជាគណៈវិនិច្ឆ័យការប្រកួតនានា នៅទីក្រុងធំៗជាង១៥០ ក្នុងប្រទេសជាង ៣០ នៅលើទ្វីបចំនួន៥។ អ្នករបាំអន្តរជាតិមួយគូនេះ ឈ្នះពានរង្វាន់ជើងឯក ក្នុងវេទិកាប្រកួតរបាំស្រ្ទីតដេនធំបំផុតគឺ JAPAN DANCE DELIGHT និងបន្តទៅឈ្នះពានរង្វាន់ផ្សេងៗទៀត ទូទាំងពិភពលោក។
សូមបញ្ជាក់ថា រាល់ការចូលរួមទស្សនា គឺឥតគិតថ្លៃ និងមិនទាមទារឱ្យមានការកក់សំបុត្រទុក ជាមុនឡើយហើយ កម្មវិធីនេះធ្វើឡើង ដើម្បីចូលរួមអបអរចុងឆ្នាំ ជាមួយនឹងក្បាច់រាំពិសេសៗ ជាមួយយើងទាំងអស់គ្នា៕