ពលរដ្ឋលើកគ្នាមកជំទាស់ ការសម្រេចដកដំណែងមេភូមិ០១ នៅមុខសង្កាត់ជ្រោយចង្វា

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិ១ ក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វា ប្រមាណជា ២០០នាក់នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០១៥ បានចេញមកតវ៉ាសុំការពន្យល់ជាក់លាក់ពីមន្រ្តីសង្កាត់ លើមូលហេតុដែលឈានទៅដល់ការសម្រេច ដកតួនាទីមេភូមិ ពីលោក ជេត ស៊ុបព្រី ដោយមិនបានជូនដំណឹងជាមុនដល់សាម៉ីខ្លួន និងប្រជាពលរដ្ឋនៅក្នុងភូមិ។

រទាមទារសេចក្តីពន្យល់ដោយភ្ជាប់ និងសំណើរសុំឲ្យមានការរៀបចំបោះឆ្នោត ជ្រើសរើសមេភូមិឡើងវិញនេះ ធ្វើឡើងក្រោយពេលដែល ក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វា បានសម្រេចបញ្ចប់តួនាទីមេភូមិ១ ជាស្ថាពរនៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ។

នៅក្នុងហ្វូងពលរដ្ឋតវ៉ាជំទាស់ ការសម្រេចដកដំណែងមេភូមិ១ នៅមុខសង្កាត់ជ្រោយចង្វា ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការដកតួរនាទីមេភូមិដែលពួកគាត់គោរពស្រលាញ់ ដោយមិនបង្ហាញនៅមូលហេតុណាមួយយ៉ាងសម្ងាត់ និងមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន គឺជាមូលហេតុដែលធ្វើឲ្យពួកគាត់មិនអស់ចិត្ត និងមកចូលរួមទាមទារការពន្យល់ហេតុផលច្បាស់លាស់ លើករណីដែលបានកើតឡើងនេះពិសេសចង់ផ្តល់ភាពយុត្តិធម៌ និង កិត្តិយសជូនលោក ជេត ស៊ុបព្រី ដែលបានបំរើការងារជូនសង្កាត់និង ប្រជាជនជាយូរឆ្នាំមកហើយនោះ។ ពលរដ្ឋទាំងនោះបានបន្ថែមថា ការតែងតាំងមេភូមិថ្មីភ្លាមៗ ក្រោយបញ្ចប់ដំណែងមេភូមិចាស់ នៅក្នុងថ្ងៃ និងពេលតែមួយ គឺ គាត់មិនអាចទទួលយកបានទេ ព្រោះការដកហូត និងការតែងតាំងតួនាទីជាមេភូមិ គួរត្រូវបានធ្វើឡើងដោយមានការសម្រេចពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ពលរដ្ឋទាំងនោះ បានស្នើសុំអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ ឲ្យពលរដ្ឋនៅក្នុងភូមិមានសិទ្ធិបោះឆ្នោតជ្រើសរើសមេភូមិថ្មី ដោយតម្លាភាព ជំនួសការផ្តល់តួរនាទី ដោយការចាត់តាំងនេះ។

ទាក់ទិននឹងបញ្ហាខាងលើ លោក ជេត ស៊ុបព្រី ជាមេភូមិ១ ដែលទើបត្រូវបានដកចេញពីតួនាទី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនអាចទទួលយកបានទេ លើករណីដកហូតតួនាទីរបស់លោក ដោយលើកយកមូលហេតុ កំហុសផ្តល់សេវាសាធារណៈតូចតាច មកដាក់បន្ទុក ដើម្បីដកដំណែងរបស់លោកនេះ។ លោកថា កំហុសតិចតូចគួរត្រូវបានហៅ ទៅធ្វើការណែនាំ ម្តងជាពីរដង មិនមែនធ្វើការសម្រេចបញ្ចប់មុខដំណែង និងតែងតាំងតួនាទីថ្មីជំនួសដោយ ខ្វះគោលការណែនាំ និងគោលការយុត្តិធម៌បែបនេះទេ។

ឆ្លើយតបបញ្ហានេះ លោក ម៉ៅ ប៊ុនថា តំណាងសមាជិកក្រុមប្រឹក្សាសង្កាត់ ជ្រោយចង្វារ បានឲ្យដឹងថា ករណីនេះមិនមែនជាការដកដំណែង ដូចអ្វីដែលប្រជាពលរដ្ឋ បានលើកឡើងនោះទេ តែជាការផ្លាស់ផ្តូរតួរនាទីពីមេភូមិ មកជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៅក្នុងសង្កាត់ ។ 

លោក អះអាងថា សំឡេងឆ្នោតក្រុមប្រឹក្សាសង្កាត់១១សំឡេងលើ១១សំឡេង បានសម្រេចផ្លាស់ប្តូរមុខដំណែងរបស់លោកមេភូមិ១នេះ មិនមែនជាការសម្រេចដែលខ្វះមូលដ្ឋាន និងគ្នាន ហេតុផលនោះទេ។ លោកថា ការទាមទារឲ្យមានការបោះឆ្នោតជ្រើសរើស មេភូមិថ្មី ជំនួសដោយការចាត់តាំង និងអាចកើតមាន ប្រសិនបើមានការសម្រេចពី ក្រុមប្រឹក្សាសង្កាត់ ទាំង១១រូប ឲ្យអនុវត្តតាមទម្រង់បែបនេះ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វា ទាំង១១រូប មកពីគណបក្សសង្គ្រោះជាតិ ៣រូប និងគណបក្សប្រជាជនកម្ពុជា ៨រូប បានធ្វើការធ្វើការប្រជុំ និងប្រកាសជាសំងាត់ ផ្លាស់ប្តូរតួរនាទីមេភមិ១ ដែលគ្រប់គ្រងភូមិជាង៧ឆ្នាំ មកហើយនោះ។ ក្រោយការប្រកាសភ្លាមៗ ក្រុមប្រឹក្សា និងមន្រ្តីសង្កាត់ មិនបានប្រាប់ពីតំណែង ដែលត្រូវផ្លាស់ប្តូរពីការគ្រប់គ្រងភូមិ ទៅជាមន្រ្តីផ្នែកសេដ្ឋកិច្ចក្នុ ងសង្កាត់នោះទេ។ បែបនេះទំនងមកពីកង្វះព័ត៌មានគ្រប់គ្រាន់ ក្នុងការផ្តល់ជូនសាម៉ីខ្លួន និងពលរដ្ឋហើយទើបឈានដល់កើតមានបាតុភា ពចោទប្រកាន់ដាក់គ្នាទៅវិញទៅមក លើការផ្ទេផ្ទូតួនាទីមេភូមិ១នេះ៕