នឹងតម្លើងថានៈសាលាមធ្យមសិក្សាអប់រំកាយ និង កីឡាដល់កម្រិតបរិញ្ញាប័ត្រ

ភ្នំពេញ:     ​ភ្នំពេញ​:​ក្រសួង​អប់រំ​យុវជន និង កីឡា​បាន​បង្កើត​រួចជាស្រេច​ហើយ​នូវ​គណៈកម្មការ​មួយ​ដែលមាន​សមាជិក​ ១០​រូប​ដើម្បី​រៀបចំ​សេណារីយោ​តម្លើង​ថា​នៈ​សាលា​មធ្យម​សិក្សាអប់រំ​កាយ និង កីឡា​ឲ្យ​ដល់​បរិញ្ញាប័ត្រ ។​

​    ​លោក​ប៊ូ ជុំ​សេរី​អនុ​រដ្ឋា​លេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា​គឺជា​ប្រធាន​គណៈកម្មការ​នេះ ។ សាលា​មធ្យមសិក្សា​អប់រំ​កាយ និង កីឡា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ដែល​សព្វថ្ងៃ​មាន​ តួនាទី​បណ្ដុះ​គ្រូ​អប់រំ​កាយ និង កីឡា​កម្រិត​មធ្យម​សម្រាប់​បម្រើការ​តាម​សាលារៀន​នានា​ទូទាំងប្រទេស ។​

​     ​លោក​ប៊ ជុំ​សេរី​មានប្រសាសន៍ថា​ដើម្បី​តម្លើង​ថា​នៈ​សាលា​កីឡា​នេះ​ឲ្យ​ដល់​កម្រិត​ បរិញ្ញាប័ត្រ​បាន​នោះ​យើង​ត្រូវតែមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ មាន​ធនធានមនុស្ស និង ធ្វើ​កម្មវិធីសិក្សា​ឲ្យ​បានច្បាស់លាស់ និង ស្របតាម​តាម​ស្ដង់ដារ​សាកល ។​

​    ​សព្វថ្ងៃនេះ​សាលា​មធ្យម​សិក្សាអប់រំ​កាយ និង កីឡា​សិក្សា​តែ​រយៈពេល ២ ឆ្នាំ​ប៉ុណ្ណោះ តែ​នៅពេល​តម្លើង​ដល់​កម្រិត​បរិ​ញ្ញា​គឺ​ត្រូវ​សិក្សា​រយៈពេល ៤ ឆ្នាំ​ឲ្យ​ស្របតាម​ស្ដង់ដារ​បរិញ្ញាប័ត្រ ។ ពេលនេះ​ក្រសួង​អប់រំ យុវជន និង កីឡា​កំពុងតែ​រៀបចំ​នូវ​កម្មវិធី​សម្រាប់​កម្រិត​បរិញ្ញាប័ត្រ​ឲ្យ​ស្របតាម​ ស្ដង់ដារ​អាស៊ាន​ដើម្បី​ឲ្យ​តម្លៃ​សញ្ញាប័ត្រ​បរិ​ញ្ញាប័ត្រ​របស់​យើង​សមមូល ​ជាមួយ​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ប្រទេស​ក្នុង​តំបន់ ។​

​    ​បន្ទាប់ពី​សាលា​កីឡា​នេះ​តម្លើង​ថា​នៈ​ដល់​កម្រិត​បរិញ្ញាប័ត្រ​ហើយ​នោះ​ ការបណ្ដុះបណ្ដាល​មិនមែន​ធ្វើ​ត្រឹមតែ​ប​ណ្ដុះ​បណ្ដាល​គ្រូ​អប់រំ​កាយ ប៉ុណ្ណោះ​ទេ​តែ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​ជំនាញ ព្រមទាំង​អ្នកគ្រ​បោ់​គ្រង​កីឡា​ទៀតផង​។​

​    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ដែរ ​ថា​ដើម្បី​បណ្ដុះ​ បណ្ដាល​ធនធាន​មួយ​បានល្អ​ប្រសិនបើ​សាលា​កីឡា​បង្កើត​នូវ​កម្មវិធី​មួយ​ ដើម្បី​ឲ្យ​និស្សិត​សាលា​កីឡា​បានមក​ទទួល​បទ​ ពិសោធន៍​ខ្លះៗ​ពី​សហព័ន្ធ​ជាតិ​នោះ​គឺ​កាន់តែ​ប្រសើរ ។​

​    ​លោក​បន្តថា​សហព័ន្ធ​ជាតិ​គឺជា​សាលារៀន​ដ៏​ល្អ​សម្រាប់​ពួកគេ ជា​កន្លែង​ឲ្យ​ពួកគេ​កាន់តែ​ស្គាល់​កីឡា របៀប​ដឹកនាំ​កីឡា ការត្រៀមខ្លួន​មុន និង ក្រោយ​ការរៀបចំ​ការប្រកួត​កីឡា​ជាដើម ។ មាន​មេរៀន​ច្រើនណាស់​នៅ​សហព័ន្ធ​ជាតិ​នីមួយៗ ។​