អ្នកប្រដាល់ឆ្លងដែន ២ប្រទេស មកតតាំងកីឡាករ​ កម្ពុជា នាថ្ងៃសៅរ៍សប្តាហ៍នេះ

ភ្នំពេញ៖ នៅសង្វៀន របស់ PNN  នាថ្ងៃសៅរ៍ទី១៩ ខែ ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ នឹងមានការប្រកួតប្រដាល់អន្តរជាតិ  ដើម្បីដណ្តើមខ្សែក្រវាត់ «សមរភូមិអ្នកប្រយុទ្ធស្រាបៀរ លីអូវគ្គ២» ក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ដោយមានកីឡាករឆ្លងដែន២ប្រទេស មកតតាំងជាមួយនឹងកីឡាករកម្ពុជា ៤រូប ។នេះបើយោងតាមសន្និសីទបង្ហាញខ្លួនកីឡាករនាសណ្ឋាគារភ្នំពេញនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥។

ប្រដាល់លក្ខណៈអន្តរជាតិដើម្បីដណ្តើមខ្សែក្រវ៉ាត់នេះ នឹងមានកីឡាករ ឆ្លងដែន ២ប្រទេស ដោយ មានថៃ ២រូប និង ឡាវ ២រូប  ។ ដោយឡែកសម្រាប់កម្ពុជា ដែលជាម្ចាស់សង្វៀនក្នុងការប្រកួតនេះ បានរៀបចំកីឡាករជើងខ្លាំង ដើម្បីតតាំង ជាមួយនឹងកីឡាករ ថៃ និងឡាវ មាន៤រូប គឺ ឡៅ ចន្ទ្រា របស់ទ័ពពិសេសឆ័ត្រយោង៩១១ សូត្រ ប៊ុនធី សិស្សគុនក្លឹបបក្សីស្លាបដែក ឃីម បូរ៉ា មកពីរស្មី ភូមិភាគ ខេត្តបន្ទាយមានជ័យ និង សេក គីមផៃ នៃក្លឹបអង្គរមានជ័យខេត្តសៀមរាប។

សម្រាប់កីឡាករថៃ ដែលសំលៀងកែង និងជញ្ជង់មកផ្តួលកីឡាករកម្ពុជា មាន Jack Nondagyim និង Kongprachin Sitsojolay ខណៈកីឡាករឡាវមាន Nawna Chopadcharaphon និង Chhlam Khaw ។ 

«ក្រុមហ៊ុនស្រាបៀរលីអូដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខបានស្នើឲ្យមានព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិសារជាថ្មី។

សម្រាប់លក្ខន្តិកៈនៃការប្រកួតវិញ គឺកីឡាករកម្ពុជាស្ថិតក្នុងពូលជាមួយគ្នា ស្របពេលអ្នកប្រដាល់ថៃ នៅពូលជាមួយឡាវ ហើយត្រូវប្រកួតឆ្លងពូល។ អ្នកលេខ១ និង លេខ២ ប្រចាំពូលនីមួយៗ ត្រូវឡើងទៅប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្វែងរកជើងខ្លាំងដើម្បីទៅរកជើងឯកទឹកប្រាក់៥ពាន់ដុល្លារអាម៉េរិកនៅវគ្គផ្ដាច់ព្រ័ត្ររួមទាំងប្រាក់ខែបំប៉ន២៥០ដុល្លារក្នុង១ខែចំនួន៣ខែ។ ចំណែក ជើងឯករងនឹងទទួលបានប្រាក់រង្វាន់៣ពាន់ដុល្លារ លេខ៣បាន២ពាន់ដុល្លារ និង លេខ៤បាន១ពាន់ ដុល្លារ»។  នេះបើតាមការឲ្យដឹងរបស់ លោក សំណព្វ អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំ ស្ថានីយ៍ទូរទស្សន៍ PNN ។

សូមរំឭកផងដែរថា «សមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូវគ្គ១» បានរកឃើញម្ចាស់ក្រវ៉ាត់ សៀវ ង៉ុយ ជាម្ចាស់ខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាម សែន រ៉ាឌី ម្ចាស់ខ្សែក្រវាត់៥៧គីឡូក្រាម ខណៈកីឡាករថៃ មង្គុនពេជ្រ ចរប្រាឌិត ឈ្នះខ្សែក្រវាត់ទម្ងន់៦៣គីឡូក្រាម ដែលបានបញ្ចប់កាលពីថ្ងៃទី ២៤ ខែតុលា ៕

អ្នកប្រដាល់ឆ្លងដែន ២ប្រទេស មកតតាំងកីឡាករ​ កម្ពុជា នាថ្ងៃសៅរ៍សប្តាហ៍នេះ

អ្នកប្រដាល់ឆ្លងដែន ២ប្រទេស មកតតាំងកីឡាករ​ កម្ពុជា នាថ្ងៃសៅរ៍សប្តាហ៍នេះ