សាលាក្តីខ្មែរក្រហម បន្តសួរសាក្សី ករណីសម្លាប់ជនជាតិ វៀតណាម

ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន បន្តសវនាការស្តាប់ ការសួរដេញដោលភស្តុតាង ទាក់ទងនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំង នឹងជនជាតិវៀតណាម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៥ ដោយបានស្តាប់ការផ្តល់ សក្ខីកម្ម របស់សាក្សី ថ្មីមួយរូបទៀត គឺអ្នកស្រី ស៊ីន ឆែម មានអាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

អ្នកស្រី ស៊ីន ឆែម បានថ្លែងថាជនជាតិវៀតណាម ចំនួនបីគ្រួសារ រស់នៅក្នុងឃុំរបស់ អ្នកស្រីត្រូវ បានខ្មែរ ក្រហមចាប់យកទៅសម្លាប់ចោល។ អ្នកស្រីបានថ្លែងថាជនជាតិវៀតណាម

ដែលរៀបការប្តី ឬប្រពន្ធជាមួយជនជាតិខ្មែរព្រមទាំងកូនៗរបស់ពួកគេ ក៏ត្រូវបានចាប់ខ្លួន និងយកទៅសម្លាប់ចោលដែរ។

អ្នកស្រីស៊ីន ឆែម បានថ្លែងថាប្តីអ្នកស្រីជាគណៈឃុំ ស្វាយយាត្រូវបានខ្មែរក្រហមចាប់ខ្លួន និងជំនួសដោយ កម្មាភិបាលថ្មីដែលធ្វើការបោសសម្អាត លើជនជាតិវៀតណាមដែលនៅសេសស់។ អ្នកស្រីបានថ្លែងថា អ្នកស្រីមានបងប្អូនគាត់ បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្រី ជាជនជាតិវៀតណាម ហើយត្រូវគេយកប្រពន្ធ ទៅសម្លាប់ចោល។ អ្នកស្រីបានថ្លែងថាអ្នកស្រីមិនបានឃើញពីការសម្លាប់មនុស្សដោយផ្ទាល់ភ្នែកទេ ប៉ុន្តែបានឃើញរណ្តៅសាកសព នៅក្បែរ ផ្ទះរបស់គាត់ដែលមានសាកសពជាច្រើន។ អ្នកស្រីបានថ្លែងថាអ្នកស្រីក៏បានដឹងថាមានការចាប់បញ្ជូនជន ជាតិវៀតណាមទៅប្រទេសកំណើតរបស់ពួកគេវិញ ប៉ុន្តែមិនច្បាស់ថា តើជនជាតិវៀតណាមទាំងនោះបានទៅដល់ ប្រទេសវៀតណាមវិញ ឬត្រូវបាត់ខ្លួននោះទេ។

អ្នកស្រី ស៊ីន ឆែម បានលើកឡើងថា មានការវាយប្រយុទ្ធគ្នា រវាងក្រុមខ្មែរក្រហម និងកងទ័ពវៀត ណាម និង បានបង្ករបួសស្នាមជាច្រើន។ តាមការបញ្ជាក់របស់សាក្សី មានការចាប់ខ្លួនកម្មាភិបាល ខ្មែរក្រហមជាច្រើន នៅក្នុងភូមិភាគបូព៌ា ដោយបានចោទប្រកាន់អ្នកទាំងនោះ ថាជាជនក្បត់។ អ្នកស្រីបានថ្លែងថា កុំតែបានការជួយរំដោះពីកងទ័ពវៀតណាម ទើបអ្នកស្រី និងប្រជាពលរដ្ឋកម្ពុជា ផ្សេងទៀតបានរួចរស់រានមានជីវិតរហូតមកទល់ពេលនេះ។ ការស្តាប់សក្ខីកម្មសាក្សី ស៊ីន ឆែម ត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែធ្នូ ហើយអង្គជំនុំជម្រះសាលាដំបូងនឹង បន្តដវនាការនៅថ្ងៃទី១៥ ខែធ្នូ បន្តទៀត។

ដីកាដំណោះស្រាយក្នុងសំណុំរឿង០០២ បានបង្ហាញថា យោងតាមរបាយការណ៍របស់អ្នកជំនាញ ប្រជាសាស្ត្រ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៩ បានធ្វើការសន្និដ្ឋានថាមានប្រហែល ៤០០.០០០ នៃប្រជាជនវៀតណាម ដែលរស់នៅកម្ពុជាក្នុងឆ្នាំ១៩៧០។ ក្នុងចំណោម ៤០០.០០០ នាក់ មានប្រជាជនប្រហែលពាក់កណ្តាល ត្រូវបានគេបណ្តេញ ឲ្យទៅប្រទេសវៀតណាមវិញ ឬត្រូវបានសម្លាប់ដោយរបប លន់ នល់ នៅក្នុងឆ្នាំដដែល ខណៈពេលដែលជនជាតិវៀតណាម ១៥០.០០០ ទៅ២០០.០០០ នាក់ ផ្សេងទៀតបានចាកចេញពីកម្ពុជាបន្ទាប់ពីបក្សកុម្មុយនីសកម្ពុជា កាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥។ អ្នកជំនាញការដែលសរសេររបាយការណ៍ បានសន្និដ្ឋានថា មានជនជាតិវៀតណាម ប្រហែលចំនួន ២០.០០០នាក់នៅបន្តរស់នៅលើទឹកដីប្រទេសកម្ពុជា នៅឡើយនៅខែមេសា ឆ្នាំ ១៩៧៥ ហើយថា“ពួកគេស្ទើរតែទាំងអស់ត្រូវបាន សម្លាប់ក្រោមដៃ របស់ខ្មែរក្រហមក្នុងចន្លោះខែមេសា ឆ្នាំ១៩៧៥ ដល់ ខែមករា ឆ្នាំ១៩៧៩។ ទំនងដូចជាមានចំនួន ប្រជាជនវៀតណាម ដែលនៅរស់រានមានជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានចំនួនតិចគួរ ឲ្យកត់សម្គាល់។ សាក្សីពីរនាក់បានផ្តល់ភស្តុតាងថា ពួកគេបានដឹងថា មានប្រជាជនវៀតណាម ដែលរួចផុតពីការសម្លាប់ ដោយបានលាក់ខ្លួន ឬបានបន្លំខ្លួនជាប្រជាជនខ្មែរ។

  លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា អង្គជំនុំជម្រះសាលាដំបូង គ្រោងកោះហៅ សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១០ រូប ដើម្បីស្តាប់សក្ខីកម្មទាក់ទងនឹង អង្គហេតុ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិវៀតណាម។ អង្គជំនុំជម្រះសាលាដំបូងក៏កំពុងពិចារណាផងដែរថាតើនឹងត្រូវកោះហៅ អ្នកជំនាញពាក់ព័ន្ធនឹង បញ្ហានេះមកស្តាប់សក្ខីកម្មដែរឬយ៉ាងណា។ លោកបានថ្លែងថារហូតមក ទល់ថ្ងៃទី១៤ ខែធ្នូ នេះ អង្គជំនុំជម្រះសាលាដំបូងបានដំណើរការសវនាការសួរដេញដោលលើអង្គហេតុក្នុងសំណុំរឿង ០០២/០២ បានចំនួន ១២៣ ថ្ងៃ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៥២ រូប ដើមបណ្តឹង រដ្ឋប្បវេណីចំនួន ៣១ រូប និងអ្នកជំនាញចំនួន ១ រូប។ តាមការគ្រោងទុក អង្គជំនុំជម្រះសាលាដំបូង មានផែនការក្នុងការបញ្ចប់ការសួរដេញដោលលើ អង្គហេតុក្នុងសំណុំរឿង ០០២/០២ នៅអំឡុងត្រី មាសទី៣ ឆ្នាំ ២០១៦ និងការធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសួរដេញដោល នៅអំឡុងត្រីមាសទី៤ ឆ្នាំ ២០១៦ ខាងមុខ៕