សាក្សីថា កុំតែបាន ការជួយរំដោះ ពីកងទ័ព វៀតណាម ទើបមាន ជីវិតដល់ សព្វថ្ងៃ

ភ្នំពេញ៖ អ្នកស្រី ស៊ីន ឆែម មានអាយុ៧៤ឆ្នាំ មានស្រុកកំណើត នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាសាក្សី ថ្មីមួយទៀត បានថ្លែងថា កុំតែបានការជួយ រំដោះពី កងទ័ពវៀតណាម ទើបអ្នកស្រី និងប្រជាពលរដ្ឋ កម្ពុជា ផ្សេងទៀត បានរួចរស់រាន មានជីវិតរហូត មកទល់ពេលនេះ។ អង្គជំនុំជម្រះ សាលាដំបូង នៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការ កម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានបន្តសវនាការ ស្តាប់ការសួរដេញដោល ភស្តុតាងទាក់ទង នឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិវៀតណាម ដោយបានស្តាប់ការផ្តល់ សក្ខីកម្មរបស់ អ្នកស្រី ស៊ីន ឆែម។

ការស្តាប់សក្ខី កម្មសាក្សី ស៊ីន ឆែម ត្រូវបានបញ្ចប់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ហើយអង្គជំនុំ ជម្រះសាលាដំបូងនឹង បន្តដវនាការនៅថ្ងៃទី១៥ ខែធ្នូ បន្តទៀត។ អ្នកស្រីបានថ្លែងថា ជនជាតិវៀតណាម ដែលរៀបការប្តី ឬប្រពន្ធជាមួយជនជាតិខ្មែរ ព្រមទាំងកូនៗ របស់ពួកគេ ក៏ត្រូវបានចាប់ខ្លួន និងយកទៅ សម្លាប់ចោលដែរ។
អ្នកស្រីថា ប្តីអ្នកស្រី ជាគណៈឃុំ ស្វាយយា ត្រូវបានខ្មែរក្រហម ចាប់ខ្លួន និងជំនួសដោយ កម្មាភិបាលថ្មី ដែលធ្វើការបោសសម្អាត លើជនជាតិវៀតណាមដែលនៅសេសស់។ អ្នកស្រីបានថ្លែងបន្តថា អ្នកស្រីមាន បងប្អូនគាត់ បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្រីជាជនជាតិវៀតណាម ហើយត្រូវគេយកប្រពន្ធទៅសម្លាប់ចោល។ អ្នកស្រីបានថ្លែងថា អ្នកស្រីមិនបានឃើញ ពីការសម្លាប់មនុស្ស ដោយផ្ទាល់ភ្នែកទេ ប៉ុន្តែបានឃើញរណ្តៅ សាកសពនៅក្បែរផ្ទះ របស់គាត់ដែលមាន សាកសពជាច្រើន។

អ្នកស្រីបញ្ជាក់ថា អ្នកស្រីក៏បានដឹងថា មានការចាប់បញ្ជូនជន ជាតិវៀតណាមទៅ ប្រទេសកំណើត របស់ពួកគេវិញ ប៉ុន្តែមិនច្បាស់ថា តើជនជាតិវៀតណាម ទាំងនោះបានទៅដល់ ប្រទេសវៀតណាមវិញ ឬត្រូវបាត់ខ្លួននោះទេ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ សាលាក្តីខ្មែរក្រហម បានថ្លែងថា អង្គជំនុំជម្រះសាលាដំបូង គ្រោងកោះហៅ សាក្សី និងដើមបណ្តឹង រដ្ឋប្បវេណីចំនួន ១០ រូប ដើម្បីស្តាប់ សក្ខីកម្មទាក់ទង នឹងអង្គហេតុ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ប្រឆាំងនឹង ជនជាតិវៀតណាម។ លោកបានថ្លែងថា រហូតមក ទល់ថ្ងៃទី១៤ ខែធ្នូ នេះ អង្គជំនុំជម្រះ សាលាដំបូង បានដំណើរការ សវនាការសួរដេញដោល លើអង្គហេតុក្នុងសំណុំរឿង ០០២/០២ បានចំនួន ១២៣ ថ្ងៃ និងបានស្តាប់ការផ្តល់ សក្ខីកម្មរបស់សាក្សីចំនួន ៥២ រូប ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៣១ រូប និងអ្នកជំនាញចំនួន ១ រូប។

តាមការគ្រោងទុក អង្គជំនុំជម្រះសាលាដំបូង មានផែនការក្នុង ការបញ្ចប់ការសួរដេញដោល លើអង្គហេតុក្នុង សំណុំរឿង ០០២/០២ នៅអំឡុងត្រីមាសទី៣ ឆ្នាំ ២០១៦ និងការធ្វើ សេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសួរដេញដោល នៅអំឡុងត្រីមាសទី៤ ឆ្នាំ ២០១៦ ខាងមុខ៕