ចោរ​បាញ់​1​គ្រាប់​ប្លន់​កាបូប​ប្រាក់​ជាង​1​មឺ​ុ​ន​ដុល្លារ

ចោរ​បាញ់​1​គ្រាប់​ប្លន់​កាបូប​ប្រាក់​ជាង​1​មឺ​ុ​ន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជា​អាជីវករ​លក់​ខោអាវ បាន​ត្រូវ​ក្រុម​ចោរ​ពីរ​នាក់​ជិះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ និង​បាញ់​គំរាម​មួយ​គ្រាប់​ដណ្តើម​យក​បាន​កាបូបស្ពាយ​ទៅ​បាត់ ខណៈ​ពេល​គាត់​ជិះ​រថយន្ត​មក​លេង​ផ្ទះ​ដន្លង ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ នៅ​មុខ​ផ្ទះ​លេខ ៥៦A ផ្លូវ​លេខ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។ តាម​ប្រភព​ព័ត៌មាន​ថា ក្នុង​កាបូបស្ពាយ​ដែល​ចោរ​តាម​ប្លន់​យក​ទៅ​នោះ​មាន​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ និង​ជាង​៧​លាន​រៀល ព្រមទាំង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។
ស្ត្រី​រង​គ្រោះ​ឈ្មោះ ហេង សុខ​លី អាយុ​ជាង ៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក ។ នេះ​ជា​សកម្មភាព​ឆក់​ប្លន់​ថ្មី​បំផុត​ដែល​បាន​កើតឡើង ខណៈ​ពេល​ដែល​អំពើ​ចោរកម្ម​ឆក់​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ ហាក់​ស្ងាត់​មួយ​ដង្ហើមចង្រិត បន្ទាប់​ពី​ការ​បង្ក្រាប​ក្រុម​ចោរប្លន់​មុន​នេះ ដោយ​កងរាជអាវុធហត្ថ​និង​នគរបាល ក្រោយ​ពី​មានការ​បាញ់​សម្លាប់​ប្លន់​ម៉ូតូ​ជា​បន្តបន្ទាប់ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​ឃើញ​ស្ត្រី​រង​គ្រោះ​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៦៨៨៣ តែ​ម្នាក់ឯង​ទៅ​ចត​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​ជីវិត​ថ្មី ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ​ពី​ផ្ទះ​ដន្លង​របស់​គាត់ ។ ពេល​គាត់​ចុះ​ពី​រថយន្ត ក៏​ដើរ​ស្ពាយ​កាបូប​ដោយ​ត្បៀត​ជាប់​នឹង​ក្លៀក សំដៅ​ទៅ​កាន់​ផ្ទះ​ដន្លង​របស់​គាត់​ដែល​នៅ​ក្បែរ​នោះ ។
ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ពេល​នោះ​ក៏​លេចមុខ​ចោរ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​ដើរមក​ក្បែរ រួច​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម​ពី​ចង្កេះ ភ្ជង់​ប្លន់​យក​កាបូប​ពី​ស្ត្រី​រង​គ្រោះ​។ ក្រោយ​ពេល​ត្រូវ​ចោរ​ដណ្តើម​យក​កាបូប​បាន​ហើយ ដោយ​មានការ​ភិតភ័យ​ស្ត្រី​រង​គ្រោះ​បាន​រត់​មក​ខាង​មុខ​ផ្ទះ​ដន្លង​របស់​គាត់ ពេល​នោះ​ក៏​ត្រូវ​ចោរ​ម្នាក់​បាញ់​ទៅ​លើ​គាត់ តែ​ជា​សំណាង​មិន​បាន​ត្រូវ​ទេ ហើយ​ចោរ​នោះ​ក៏​រត់ឡើង​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​កញ្ចាស់​មួយ​គ្រឿង​របស់​បក្សពួក​គេ​ដែល​កំពុង​តែ​រង់ចាំ ចេញពី​កន្លែង​កើតហេតុ​ដោយ​សុវត្ថិភាព​ទៅ ។
តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​និយាយ​ដែរ​ថា ក្រុម​ចោរប្លន់​ទាំង​ពីរ​នាក់​នេះ​មិន​នឹក​ស្មានថា​ហ៊ាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ទាំង​ថ្ងៃ ដោយ​ជិះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ដែល​មើលឃើញ​ជិះ​រត់​ស្ទើរតែ​មិន​ចង់ទៅ​មុខ​ផង ។
ក្រោយ​ពេល​កើតហេតុ​ដែល​មាន​ស្នូរ​កាំភ្លើង ទើប​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ចុះ​ទៅ​ដល់ និង​ត្រួតពិនិត្យ ព្រមទាំង​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​២ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ដ៏​ព្រហើន​នេះ​។ ចំពោះ​ករណី​នេះ​ដែរ មាន​មហាជន​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ករណី​ប្លន់​ដោយ​គ្រោងទុក​ដែល​ក្រុម​ចោរ​បាន​តាមដាន​និង​ឃ្លាំមើល​ស្ត្រី​រង​គ្រោះ​ដោយ​ហ្មត់ចត់​ទើប​ធ្វើ​សកម្មភាព មិនមែន​ជា​ករណី​ប្លន់​ដោយ​ចៃដន្យ​នោះ​ទេ ។
ទោះបីជា​បែប​ណា សកម្មភាព​ចោរប្លន់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​និង​ភ័យ​ខ្លាច​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​គ្រប់​សមត្ថកិច្ច និង​អាជ្ញាធរ ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​តែ​បើក​យុទ្ធនាការ​បង្ក្រាប ខណៈ​ក្រុម​ចោរប្លន់​កំពុង​បញ្ចេញ​សកម្មភាព​គគ្រឹក​គ្រេង បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ ៕