សេន​ ប៊ុនថេន ​ប្រាប់​ហេតុផល​២ចង់​ឡើង​សង្វៀន​ប្រដាល់​វិញ​នៅ​ឆ្នាំ​ក្រោយ​


សេន​ ប៊ុនថេន ​ប្រាប់​ហេតុផល​២ចង់​ឡើង​សង្វៀន​ប្រដាល់​វិញ​នៅ​ឆ្នាំ​ក្រោយ​

មាន​កត្តា​២​ដែល​ធ្វើ​ឱ្យ ខ្លា​ចាស់ សេន ប៊ុនថេន ​កំពុង​ព្យាយាម​ហ្វឹកហាត់​រាល់​ថ្ងៃ​ដើម្បី​ឡើង​សង្វៀន​ប្រដាល់​វិញនៅ​ដើម​ឆ្នាំ​២០១៦​ គឺ​ទី​មួយ កត្តា​អ្នក​គាំទ្រ​ដែល​នៅ​តែ​ស្រលាញ់ ហើយ​ចង់​ឃើញ​​រូប​លោក​ឡើង​វ៉ៃ​បន្ត​ ​និង​កត្តា​ទី​២ ប៊ុនថេន ​ត្រូវ​ការ​ប្រាក់​មួយ​ចំនួន​ដើម្បី​ទិញ​ផ្ទះ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ដើម្បី​ស្នាក់នៅ​ឱ្យ​បាន​សមរម្យ។

 

 សេន​ ប៊ុនថេន ​ប្រាប់​ហេតុផល​២ចង់​ឡើង​សង្វៀន​ប្រដាល់​វិញ​នៅ​ឆ្នាំ​ក្រោយ​សេន ប៊ុនថេន

 

សេន ប៊ុនថេន ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន ស្រលាញ់​និង​ពេញ​ចិត្ត​ចំពោះ​ការ​វាយ​របស់​គេ តែ​ដោយសារ​តែ​មាន​ការ​អាក់​ខន​ចិត្ត​បន្តិចបន្តួច​ទើប​បណ្ដាល​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី ខាន់ សោភ័ណ្ឌ ​បញ្ឈប់​អាជីព​ប្រដាល់​មួយ​រយៈ មក​បង្ហាត់​កូន​សិស្ស​វិញ​ម្ដង។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ​និង​មាន​គេ​ទាក់ទង​ទៅ​សាមី​ខ្លួន ប៊ុនថេន ​ច្រើន​ដើម្បី​ឱ្យ​ឡើង​សង្វៀន​ជា​ថ្មី​ទៀត ទើប​បណ្ដាល​ឱ្យ​កីឡាករ​រូប​នេះ​សម្រេច​ចិត្ត​គិត​ឡើង​វិញ ហើយ​ក៏​ហ្វឹកហាត់ ​បន្ថែម​កម្លាំង​សារ​ជា​ថ្មី​ត្រៀម​ចូល​ប្រកួត​នៅ​ឆ្នាំ​ក្រោយ​នេះ។

 

ប៊ុនថេន ​បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​៖ “ខ្ញុំ​កំពុង​ហាត់​រាល់​ថ្ងៃ​ដើម្បី​ឡើង​សង្វៀន… តែ​បើ​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​មិន​កើត​ឬ​មិន​ដល់​អ្វី​ដែល​ខ្ញុំ​គិត​ថា​ល្អ​ទេ​នោះ ខ្ញុំ​អត់​ឡើង​វ៉ៃ​ទេ ព្រោះ​ឡើង​វ៉ៃ​ធ្វើ​អី​បើ​យើង​មិន​កើត នាំ​តែ​ចាញ់ លក់​ឈ្មោះ​ទទេ។ មាន​រឿង​ពីរ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ឡើង​វ៉ៃ​វិញ គឺ​អ្នក​គាំទ្រ​ចង់​ឱ្យ​ខ្ញុំ​វ៉ៃ និង​ទី​២ ខ្ញុំ​ចង់​រក​ប្រាក់​បាន​ខ្លះ​បន្ថែម​ដើម្បី​ទិញ​ផ្ទះ​នៅ​ជាយ​ក្រុង​មួយ​សម្រាប់​រស់​នៅ ជុំ​គ្រួសារ។ មិន​ខ្វះ​ទេ គេ​ទាក់ទង​មក​ច្រើន​ណាស់ ​ឱ្យ​តែ​ខ្ញុំ​អាច​វ៉ៃ​បាន តែ​សំខាន់​គឺ​ខ្ញុំ​ពង្រឹង​សមត្ថភាព​សិន”។

 

ជើង​ខ្លាំង​ប្រើ​ជើង​ខាង​លើ ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ចូល​ប្រកួត​នៅ​ព្រឹត្តិការណ៍ Thai Fight ​ហើយ​បាន​ប្រាក់​រង្វាន់​ច្រើន​ដល់​ទៅ​៦​ពាន់​ដុល្លារ ​បន្ទាប់​ពី​រូបគេ​បាន​យក​ឈ្នះ​កីឡាករ​ជប៉ុន Takeru​ Shinmizu​ ដោយ​ពិន្ទុ កាល​ពី​ចុង​ឆ្នាំ​២០១៤៕

 

​អត្ថបទ៖ មុន្នី រម្យ