ដូន​ចាស់​វ័យ៩០ឆ្នាំម្នាក់​សន្លប់​​នៅ​ក្រោម​ដើម​អម្ពិលបារាំងគួរឱ្យអាសូរ

​រាជ​ធានីភ្នំពេញ ៖ លោកយាយ​វ័យ​៩០​ឆ្នាំ​ម្នាក់​ ​បាន​​​សន្លប់​នៅ​តាម​ក្រោម​ដើម​​អម្ពិល​​បារាំង​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ​ធ្នូ ​ស្ថិតទល់មុខ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។

ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​ បាន​និយាយ​ថា​ លោកយាយ​ខាងលើ​មិន​មាន​អ្នក​ស្គាល់ឈ្មោះ ​និង​កន្លែង​ស្នាក់​នៅទេ បើ​តាម​ការ​សន្និដ្ឋាន​គាត់​មាន​អាយុប្រមាណ​៩០​ឆ្នាំ ហើយ​ មិនដឹង​ជា​ធ្វើ​ដំណើរ​មកពីណា​ទៅ​ណា​ទេ ​ឃើញ​គាត់​មក​សម្រាក​នៅ​ក្រោម​ដើម​ឈើ​នេះ​​តាំងពី​វេលា​ម៉ោង​១០​​ព្រឹក​មក​ម៉្លេះ​​ហាក់​ដូច​ជា​​មិន​មាន​​កម្លាំងកំហែង​បន្តិច​សោះ ឃើញ​បែប​នេះ​ អ្នកខ្លះ​​យក​បាយ​ឱ្យ​​គាត់​ហូប ​តែ​​គាត់​មិន​បាន​និយាយ​ស្តី​អ្វី​ទាំងអស់ ពេល​ដែលសួរនាំ​គាត់ គាត់​គ្រាន់តែ​ងក់​​ក្បាល​អង្គុយ​ឈ្ងោក​មុខតែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ រហូត​ដល់​យប់​​​ស្រាប់តែ​ឃើញ​ស្ថានភាព​របស់​គាត់កាន់តែ​ខ្សោយ​រហូត​ដេក​សន្លប់​ដាស់​យ៉ាងណា​ក៏​មិន​ព្រម​ភ្ញាក់​ ទើប​ប្រជាពលរដ្ឋ​រាយការណ៍ទៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​៧១១​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ មិន​មាន​សាច់ញាតិ​នៅ​មើលថែ​ទេ បើសិនជា​សាច់​ញាតិ​បានឃើញ​ហើយ សូម​អញ្ជើញ​មក​ទាក់​ទង​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕