កញ្ញា​សួ​ស វី​ហ្សា ត្រៀម​បង្កើត​វង់ភ្លេង​មហោរី

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សួ​ស វី​ហ្សា ប្រចាំ​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស គ្រោង​នឹង​បង្កើត​វង់ភ្លេង​មហោរី​ទៅ​តាម​ក្តី​ប្រាថ្នា​របស់​ខ្លួន​តាំងពី​យូរ​មក​ហើយ ។

អាច​ជា​រូបភាព​ថ្មី​មួយទៀត​សម្រាប់​តារាចម្រៀង​សួ​ស វី​ហ្សា ដែល​បង្កើត​វង់ភ្លេង​មហោរី​ក្នុង​ន័យ​បង្កើន​ទីផ្សារ​សិល្បៈ​ឲ្យ​ស្ទុះ​ឡើង​មួយ​ក្រឺត​ទៀត ។ បើ​រំឭក​ពី​អតីតកាល​វិញ មុន​នឹង​ក្លាយជា​តារាចម្រៀង​ល្បី វី​ហ្សា​ធ្លាប់​ប្រឡូក​សិល្បៈ​បុរាណ​ជា​ច្រើន​ខែ​ដែរ ដោយ​នាង​ចេះ​ច្រៀង​មហោរី ប្រពៃណី និង​រាំ​របាំ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​សួ​ស វី​ហ្សា​ដែល​ជាប់​ឈ្មោះ​ជា​បេ​ក្ខ​នារី​ប្រកួត​យក​ពានរង្វាន់​អប្សរា​ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា ក្រុម​ភ្លេង​មហោរី​របស់​នាង​នឹង​បង្កើត​ឡើង ឆាប់​ៗ​នេះ ។ វង់ភ្លេង​មហោរី​នេះ​រូប​នាង​នឹង​ប្រគំ​ជាមួយ​ឧបករណ៍​តាខេ ដែល​ច្រៀង​ផង​កេះ​ប្រគំ​ផង ។ វី​ហ្សា​ចេះ​ដេញ​តាខេ​តាំងពី​តូច​មក ហើយ​កំពុង​តែ​រំឭក​ឡើង​វិញ ។ មូលហេតុ​មក​ពី​ស្រឡាញ់​ខ្លាំង​ព្រោះ​ជំនាញ​នេះ​នាង​តស៊ូ​មុន​ហាត់រៀន​ច្រៀង​ទៅ​ទៀត គឺ​ហាត់រៀន​តាខេ​តាំងពី​អាយុ​១៤​ឆ្នាំ​។ ស្រប​ពេល​អាជីព​ចម្រៀង​ចេះ​តែ​រីក​ចម្រើន ទើប​មានគំនិត​ចង់​ចេះ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់ ។ សួ​ស វី​ហ្សា​និយាយ​ថា នាង​បង្កើត​ក្រុម​មហោរី​នេះ​ត្រៀម​បង្ហោះ​ជា​ចម្រៀង​តាម​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប ដោយសារ​តែ​មិត្ត​យុវវ័យ​ជា​ច្រើន​ចង់​ឲ្យ​នាង​ផុស​ចម្រៀង​មហោរី ។ លើស​ពី​នេះ​នៅ​ពេល​ដែល​នាង​សម្តែង​តាម​កម្មវិធី​ប្រគំ​តន្ត្រី ធំ​ៗ នាង​នឹង​សុំ​អ្នក​រៀបចំ ឬ​ម្ចាស់​ក្រុមហ៊ុន​យក​ក្រុម​មហោរី​របស់​នាង​ឡើង​សម្តែង ដោយ​នាង​លេង​ជាមួយ​តាខេ​ផង និង​ច្រៀង​ផង ។

សួ​ស វី​ហ្សា ចេះ​រនាតឯក តាខេ និង​វាយ​ស្គរ​សម្ភោរ ប៉ុន្តែ​ពេល​នេះ​ចេះ​តិចតួច​បទ​ប៉ុណ្ណោះ ដោយ​ខាន​យូរ​ទាល់តែ​ហាត់រៀន​ឡើង​វិញ ។ វី​ហ្សា​មិន​ទាន់​ដឹង​ថា ក្រុម​មហោរី​របស់​នាង​នឹង​មាន​ជា​ខ្សែ​ចម្រៀង​ក្នុង​ឈុត​ខារ៉ាអូខេ​របស់​ហង្ស​មាស ឬ​អត់​ទេ អាស្រ័យ​លើ​ការ​គិត​របស់​អ្នកដឹកនាំ ប៉ុន្តែ​បើសិនជា​មាន​បែប​នេះ​នាង​ពិតជា​សប្បាយចិត្ត ហើយនឹង​ខំ​សម្តែង​ឲ្យ​បាន​ល្អ​បំផុត ។ ចំពោះ​ជោគជ័យ​លើ​អាជីព​ចម្រៀង មក​ពី​មួយ​រយៈ​នេះ​ខំ​ហាត់ប្រាណ​ឲ្យ​មាន​កម្លាំង​ល្អ និង​សុខភាព​មាំទាំ ណាមួយ​នាង​តមចំណី​អាហារ​ណា​ដែល​គួរ​ចៀស ។ មាន​យុវវ័យ​ដែល​ស្រឡាញ់​គាំទ្រ​វី​ហ្សា​បាន​ទទូច​ឱ្យ​ច្រៀង​បទ​បែប​មហោរី​ឲ្យ​ច្រើន​បទ​។  ជា​ការ​ឆ្លើយ​តប​នាង​នឹង​ច្រៀង​គ្រប់​ទម្រង់​ទាំងអស់​មិន​ឲ្យ​មិត្ត​យុវវ័យ​ខកបំណង​ឡើយ ។ ជាមួយ​គ្នា​នេះ​វី​ហ្សា​កាន់តែ​មមាញឹក​ជាមួយ​ការ​ហាត់​រាំ ដើម្បី​ចេញ​ជាមួយ​បទ​ចម្រៀង ថ្មី​ៗ ខណៈ​ដែល​ផលិតកម្ម​ហង្ស​មាស មានកម្ម​វិធី​ចេញ​សម្តែង​ច្រើន​តាម​ខេត្ត ដែល​នេះ​ជា​ឱកាស​មួយ​ជួយ​ពង្រីក​ទីផ្សារ​សិល្បៈ​របស់​នាង​ឱ្យ​កាន់តែ​លេចធ្លោ​ឡើង ៕