លោក​នាយក​រដ្ឋមន្ត្រី​​អំពាវនាវ​ឱ្យ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ

លោក​​​នាយក​​​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​បញ្ជា​​ឲ្យអាជ្ញាធរ​​​ទូទាំង​​​ប្រទេស​​​ “បង្ក្រាប” ​​​ក្រុម​​ដែល​ជាប់​ពាក់​ព័ន្ធ​អំពើ​ប្លន់​​​ប្រដាប់​​​អាវុធ​​​បន្ទាប់​​​ពីមាន​បទ​​​ឧក្រិដ្ឋ​កើត​​​ឡើង​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​មួយ​​​ចំនួន​​​ស្លាប់​​​ និង​​​រង​​​របួស​​​។

មាន​​​ប្រសាសន៍​​​នៅ​​​ពិធី​​​ជួបជុំ​​​​​​មេដឹក​​​នាំ​​​ពុទ្ធ​​​សាសនា មូស្លីម និង​​​គ្រិស្ត​​​សាសនា​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពី​​​ម្សិល​​​មិញ  លោក ហ៊ុន សែន បាន​​​ថ្លែង​​​ថា បើ​​​ទោះ​​​ជា​​​”ប្រទេស​​​គំរូ​​​” សម្រាប់​​​ភាពស្ងាប់​​​ស្ងាត់​​​ខាង​​​​​សាសនា​​​ ក៏​​​ដោយ​​​ ​​​ក៏​​​ប្រទេស​​​កម្ពុជា​​​បាន​​​ជួប​ប្រទះ​អំពើ​​​ហិង្សា​​​ប្រដាប់​​​អាវុធ​​​កើត​​​ឡើង​​​ញឹក​​​ញាប់​​​ដែរ​។

ស្ត្រី​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ បន្ទាប់ពី​​​ការ​​​បាញ់​​​សម្លាប់​​​នៅក្នុង​​​ខណ្ឌ​​​ប្ញស្សីកែវ រាជធានីភ្នំពេញដែល​​​បាន​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធនោះ​​​​​​ ត្រូវ​​​បាន​​​​​​បណ្តើរ​​​ចូល​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ព​​​ី​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

ស្ត្រី​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ បន្ទាប់ពី​​​ការ​​​បាញ់​​​សម្លាប់​​​នៅក្នុង​​​ខណ្ឌ​​​ប្ញស្សីកែវ រាជធានីភ្នំពេញដែល​​​បាន​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធនោះ​​​​​​ ត្រូវ​​​បាន​​​​​​បណ្តើរ​​​ចូល​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ព​​​ី​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ថា “សាសនា​​​អប់​​​រំ​​​មនុស្ស​​​ឲ្យ​​​ប្រព្រឹត្ត​អំពើ​​​ល្អ​​​ មិន​​​ឲ្យ​​​លួច​​​ប្លន់​​​ទេ​​​។ ប៉ុន្តែ អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​បាន​​​​​​កើត​​​ឡើង​​​ក្នុង​​​រយៈ​​​កាល​កន្លង​ទៅ​នេះ​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “ដូច្នេះ​​​ខ្ញុំ​​​បាន​​​ចេញ​​​បញ្ជា​​​ បន្ថែម​…ឲ្យ​​​​​​អាជ្ញាធរ​​​មាន​​​សមត្ថកិច្ច​​​ សុំ​ឱ្យ​គ្រប់​​​ទី​​​កន្លែងទាំង​អស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​​​ និង​វ៉ៃ​​​​​​ បង្ក្រាបពួក​ឧក្រិដ្ឋ​​​ជន​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​នេះ​”។

មាន​​​អំពើ​​​ប្លន់​​​ប្រដា​ប់​​​អាវុធ​​​​​​មួយ​​​ចំនួន​​​កើត​​​ឡើង​​​ទូទាំង​​​ប្រទេស​​​ចាប់​​​តាំង​​​ពី​​​ខែ​​​មុនមក។ ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥​​​ ខែ​​​វិច្ឆិកា ក្មេង​​​ប្រុស​​​អាយុ​​​១៣​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​ក្នុង​​​ខេត្ត​​​​​​កំពត​​​នៅ​​​ពេល​​​បុរស​​​ពីរ​​​នាក់​​​បាន​​​ប៉ុន​​​ប៉ង​​​ប្លន់​​​ម៉ូតូ​​​ហុងដាឌ្រីម មួយ​​​គ្រឿង​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​វិច្ឆិកា មនុស្ស​បី​​​នាក់​​​ត្រូវ​​​បាន​​​បាញ​​​់ឲ្យរង​​​របួស​​​នៅ​​​ពេល​​​បុរស​​​បួន​​​នាក់​​​ប្លន់​​​ម៉ូតូ ​​KTM ​​​Duke ពីពួកគេ​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​រាជ​​​ធានី​​​ភ្នំពេញ។

កាល​​​ពី​​ថ្ងៃ​​​សុក្រ​​​ បុរស​​​អាយុ​​​២១​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក រាជ​​​ធានី​​​ ក្នុង​​​អំពើ​​​ប្លន់​​​ម៉ូតូ​​​ហុងដា​​​ឌ្រីម​​​មួយ​​​គ្រឿង​​​ទៀត​​​។ ទី​​​បំផុត​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​បាន​បួន​​​នាក់​​​ក្នុង​​​ករណី​​​នោះ ដោយ​​​បាញ់​​​សម្លាប់​​​​​​ពួក​​​វា​​​ពីរ​​​នាក់​​​។ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ អំពើ​​​​​​ ប្លន់​​​ប្រដាប់​​​អាវុធ​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​នៅ​ក្នុង​​​ខេត្ត​​​កណ្តាល​​​ បាត់​​​ដំបង និង​​​ខេត្ត​​​ពោធិ៍​​​សាត់ បណ្តាល​​​ឲ្យ​​​ស្ត្រី​​​អាយុ​​​៣១​​​ឆ្នាំ​​​ម្នាក់​​​ស្លាប់​​​និង​​​ប្លន់​​​បាន​​​មាស​​​និង​​​ប្រាក់​​​ជាង​​​៣០០.០០០​​​ដុល្លារ​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​បន្ថែម​នៅ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​លោក​​​ថា ភាគ​​​ច្រើន​​​នៃ​​​អ្នក​​​ទាំង​នេះ​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ ​​​ធ្លាប់​​​ជាប់​​​ពន្ធ​នា​គារ​​​ ហើយត្រូវ​​​បាន​​​ដោះ​​​លែង​​​ ហើយ​​​ថា ត្រូវ​​​ពិនិត្យ​ពិច័យ​ពី​​​ការ​​​លើក​​​លែង​​​ទោស ​​​និង​​​ការ​​​បន្ធូរ​​​បន្ថយ​​​ទោស​​​ចំពោះ​​​អ្នក​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​។

ថ្លែង​ទៅកាន់​អ្នក​ចូលរួម​ថា ជន​សង្ស័យ​ពីរនាក់​ត្រូវ​កង​រាជអាវុធហត្ថ​បាញ់ស្លាប់​ក្នុង​ខណ្ឌឫស្សីកែវ​​​​”ទើប​តែត្រូវ​បាន​ចេញពី​​​ពន្ធនាគារ​នោះ” លោក​​​បាន​​មាន​ប្រសាសន៍​​​ថា “តាម​​​របាយការណ៍​​​ខ្លះ​ឱ្យ​ដឹង​ថា  ក្រុម​ចោរ​ប្លន់​មុខ​​​ដដែល​​​ៗ​​​ ហើយ​តដៃ​​​ជា​​​មួយ​​​អាវុធ​​​ហត្ថ​រាជ​ធានី​ភ្នំពេញ​”​​​។

លោក​​​ ហ៊ុន សែន បាន​​​មានប្រសាសន៍​​​ថា “អ៊ីចឹង​ទេ សុំ​ឯក​​​ឧត្តម​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិ​​​ធម៌ [អង្គ វង្សវឌ្ឍានា ] ពិនិត្យ​ពិច័យ​អាអ្នក​ជាប់​​​ គុក​ដោយ​សារ​​​​ប្លន់ អាអ្នក​ជាប់គុកដោយ​សារ​​​​គ្រឿង​ញៀន​​​​​ កុំសូវ​ដោះពេក បើ​វា​ចេញ​មក​ ប្លន់ដដែល​ ហើយ​​​​របាយការ​ណ៍​ច្រើន​កន្លែង​ណាស់​”។

លោក​​​ អេង សោភា នាយ​​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​រាជ​​​ធានី​​​ភ្នំពេញ​បាន​​​មាន​​​ប្រសាសន៍​​​​​​ ថា នគរ​​​បាល​​​ចាប់​​​បាន​​​ជន​​​សង្ស័យ​​​បួន​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដែល​​​សារភាព​​​ថា ពួក​​​គេ​​​ជាប់​​​​​​ ពាក់​​​ព័ន្ធ​​​ការ​​​បាញ់​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ខែវិច្ឆិកា និង​​​បទ​​​ឧក្រិដ្ឋ​​មួយ​ចំនួន​​​​ទៀត។

លោក សោភា បាន​​​ថ្លែង​​​ថា “​​​ពួក​​​គេ​​​បាន​​​សារភាពថា​​​ ពួក​​​គេ​​​​​​បាន​​​ប្លន់​​​ចំនួន​​​ប្រាំ​​​លើក​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ និង​​​បាញ់​​​ជន​​​រង​​​គ្រោះ​​​ប្រា​​​ំមួយ​​​នាក់”​​​ ដោយ​​​លោក​​​កត់​​​សម្គាល់​​​ថា នគ​​​របាល​​​ដក​​​ហូត​​​បាន​​​ម៉ូតូ​​​បី​​​គ្រឿង​​​ពី​​​ជន​​​សង្ស័យ​​​បួន​​​នាក់​​​រួម​​​មាន​​​ម៉ូតូ​​​ Suzuki Nex ម៉ូតូ​​​ហុង​​​ដា​​​ឌ្រីម ​​​និង​​​ម៉ូតូ KTM Duke កាំ​​​ភ្លើង​​​ខ្លីមួយ​ដើម  ដាវ​​​សាំម៉ូរ៉ៃ និងថ្នាំញៀន​មួយ​ចំនួន​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បាន​​​ប្រាប់​​​នគ​​​របាល​​​ថា មាន​​​ជន​​​សង្ស័យ​​​ប្រាំ​​​ពីរ​​​នាក់​​​មក​​​ពី​​​ក្រុម​​​របស់​​​ខ្លួន​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​ការ​​​សើុប​​​អង្កេត​​​​​​ពាក់ព័ន្ធអំពើ​​​ប្លន់​​​សម្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ក្នុង​​​ខណ្ឌ​​​ទួល​​​គោក លោក​​​ រ័ត្ន ស៊្រាង​​​មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជ​​​ធានី​​​ភ្នំពេញ ​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា បុរស​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​​បាន​បាញ់ស្លាប់ក្នុង​​​​​​ការ​បង្ក្រាបនោះ​​​ គឺ​​​ សេត ម៉ាត់​​​រ៉ូហ្សា អាយុ​​​១៩​​​ឆ្នាំ និង​​​ ប៉ែន ​​​ចំណាប់​​​ អាយុ១៨​​​ឆ្នាំ ជា​​​មេខ្លោង​​​នៃ​​​ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​ ដែល​​​ទទួល​​​​​ខុស​​​ត្រូវ​​​ចំពោះ​​​​បទ​​​ឧក្រិដ្ឋ​​​​​មួយ​ចំនួន​​​​ក្នុង​​​រាជ​​​ធានី​​​​​​។

ដោយ​បង្វែរសំណួរ​ទាក់ទង​ជន​សង្ស័យ​បួននាក់ដែល​ចាប់ខ្លួន​បាន​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ ឧត្តម​​​សេនីយ៍​​​ទោ រ័ត្ន​​​ ស៊្រាង  បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​បាន​​​​​​ស្លាប់​​​នេះ​គឺជា​​​មេខ្លោង​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​អំពើ​​​ប្លន់​​​ជា​​​ច្រើននៅ​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​”។

ក្រុម​មន្ត្រី​​​តុលាការ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​៕ សារុន

The post លោក​នាយក​រដ្ឋមន្ត្រី​​អំពាវនាវ​ឱ្យ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ appeared first on ខេមបូឌា ដេលី.