ចោរ​ស្រី​ម្នាក់​ឆ្កឹះ​សោ​រថយន្ត​ឡិច​ស៊ី​ស​ចូល​លួច ត្រូវ​ម្ចាស់​ទាន់ ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​ម្ចាស់​រថយន្ត​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​រថយន្ត​ចូល​ទៅ​សំងំ​ក្នុង​រថយន្ត​ប៉ុនប៉ង​លួច​របស់​មាន​តម្លៃ តែ​មិន​បាន​សម្រេច​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លេខ​៤៩៤ ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ស្ត្រី​សង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ម៉ា​ឡែ​ន អាយុ​៤២​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ​ឡែ​ន ពុទ្ធា​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​រកស៊ី ស្នាក់​កន្លែង​កើតហេតុ​ខាងលើ រថយន្ត​ដែល​គេ​លួច​ចូល​នោះ​ម៉ាក​ឡិច​ស៊ី​ស RX300
ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-2626 ចត​ទុក​ចោល​មុខ​ផ្ទះ ។

តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​របស់​គាត់​បាន​ចត​ចោល​នៅ​មុខ​ផ្ទះ ដោយ​ក្នុងផ្ទះ​កំពុង​ធ្វើ​ពិធី​ខួបកំណើត​ឱ្យ​កូនប្រុស​របស់​គាត់ ស្រាប់តែ​មាន​អ្នក​ជិតខាង បាន​មក​ប្រាប់​ថា មាន​គេ​លួច​ចូល​ក្នុង​រថយន្ត​របស់​គាត់ ក្រោយមក​គាត់​ក៏​បាន​ដើរមក​មើល ហើយ​ឃើញ​ស្ត្រី​សង្ស័យ​ខាងលើ កំពុង​អង្គុយ​ខាងក្នុង​រថយន្ត ។

បើ​តាម​សម្ដី​របស់​អ្នក​ជិតខាង ដែល​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​២​នាក់​ធ្វើ​សកម្មភាព​លួច​ចូល​ក្នុង​រថយន្ត ហើយ​មាន​បំណង​លួច​យក​របស់របរ​ក្នុង​រថយន្ត តែ​ពេល​គាត់​ឃើញ​ក៏​បាន​ទៅ​ប្រាប់​ដល់​ម្ចាស់​រថយន្ត​ឱ្យមក​មើល ហើយ​ក៏​ផ្អើល​ឆោឡោ​រត់គេច​ខ្លួន​អស់​ម្នាក់ តែ​ចាប់​បាន​ម្នាក់ ។