លោក Mourinho ជួប​ភាព​វេទ​នា​បន្ថែម​ទៀត ខណៈ Leicester វិល​ទៅ​​ឈរ​កំពូល​តារាង​វិញ

ខ្សែ​ប្រយុទ្ធ Jamie Vardy និង​ខ្សែ​បម្រើ Riyad Mahrez បាន​ជួយ​ឲ្យ​ក្រុម Leicester  វិល​ទៅ​ឈរ​នៅលើ​កំពូល​តា​រាង​វិញ​នៃក្រប​ខ័ណ្ឌ Premier League និង​​បាន​បន្ត​ធ្វើ​ឲ្យ​ក្រុម Chelsea ជួប​ភាព​វេទ​នាជា​មួយនឹងការ​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ កាលពី​ថ្ងៃ​ចន្ត ដែល​បាន​បន្ថែមសម្ពាធ​ថ្មី​មួយ​ទៀត​ទៅលើ​លោក Jose Mourinho​។

soccer-001
Mahrez បាន​ជួយ​ឲ្យ Vardy រកគ្រាប់​បាល់​ទី​១៥​របស់គេ​នៅ​រដូវ​កាល​នេះ​ជា​មួយ​នឹងការ​​បញ្ជូន​បាល់​ឆ្លង​យ៉ាង​ល្អ​នៅនាទី ទី​៣៤​។ បន្ទាប់​មក ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​​អាល់​ហ្សេរី​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី ទី​៤៨​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់​គេ​កើន​ដល់​១២​គ្រាប់ និង​ដើម្បី​បន្ថែមការ​នាំមុខ​របស់​ក្រុម Leicester  ខណៈ​ដែល​​រដូវ​កាល​ដ៏​ល្អ​ឥត​ខ្ចោះ​​​របស់​ពួក​គេ​បាន​បន្ត​។ ក្រុម​របស់​លោក Claudio Ranieri បាន​រង​បរា​ជ័យ​តែ​មួយ​លើក​គត់​ក្នុង​រដូវកាលនេះ ហើយ​បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធ​បម្រុង Loic Remy របស់​ក្រុម Chelsea បាន​វាយ​បកមួយ​គ្រាប់​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក៏ដោយ ក្រុម​ម្ចាស់​ផ្ទះ​បាន​បន្ត​ធ្វើ​ការ​គ្រប់​គ្រង​ដើម្បី​កត់​ត្រា​ជ័យជម្នះ​​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​នាំ​មុខ​២​ពិន្ទុ​​ពី​លើ​ក្រុម​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២ Arsenal បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​របស់​ក្រុម​តោ​ខៀវ​លោក Mourinho រង​បរា​ជ័យ​ជា​លើក​ទី​៩​ក្នុង​​ចំណោមការ​ប្រកួតលីក​១៦​លើក​។ ក្រុម​របស់​ក្រុម Mourinho បាននាំមុខ​ត្រឹម​តែ​១​ពិន្ទុគត់​​ពីលើក្រុម​ស្ថិតក្នុង​​តំបន់កាត់​ចោល ហើយរយៈ​ពេល​មួយ​​សប្តាហ៍ ក្រោយ​ពីការ​រង​បរា​ជ័យ​ដ៏មិននឹក​ស្មាន​ដល់​របស់​​ពួក​គេ​ក្រោម​ស្នា​ដៃ​ក្រុម Bournemouth វា​នឹង​មានការ​លើក​​ឡើងកាន់​តែ​ច្រើន​ថា គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ​អាច​នឹង​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញ​។ លោក Mourinho បាន​ប្រាប់​សារ​ព័ត៌​មាន BBC Sport ថា៖​ «យើង​មិន​អាច​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​បាន​ឡើយ ប៉ុន្តែ យើង​នៅ​តែ​អាច​បញ្ចប់​ក្នុង​ចំណាត់​​ថ្នាក់​កំពូល​ទាំង​៦ ពីព្រោះ​​ក្រុម​ជា​ច្រើន​កំពុង​តែ​បាត់​បង់​ពិន្ទុ​។ ប៉ុន្តែ នៅ​ពេលនេះ យើង​​​កំពុង​តែ​ស្ថិត​​ក្បែរ​តំបន់​កាត់​ចោល​​ដែល​ជា​កន្លែង​ខ្ញុំ​អារម្មណ៍​ថា ខ្មាស់​អៀន​»​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia