អេហ្ស៊ីប៖ គ្មានភស្ថុតាងបង្ហាញថា ភេវរកម្មពាក់ព័ន្ធ នឹងការធ្លាក់យន្តហោះ រុស្ស៊ីឡើយ

អេហ្ស៊ីប៖ ក្រុមអ្នកស៊ើបអង្កេត ប្រចាំប្រទេស អេហ្ស៊ីប បានបញ្ជាក់ថា ពួកគេមិនបានរកឃើញ ភស្ថុតាងណាមួយ ដែលបញ្ជាក់ថា ភេវរកម្មមានពាក់ព័ន្ធនឹង ការធ្លាក់យន្តហោះដឹក អ្នកដំណើររបស់ប្រទេស រុស្ស៊ីដែលមានផ្ទុក មនុស្ស២២៤នាក់ឡើយ ដែលការលើកឡើងនេះ មានលក្ខណៈផ្ទុយពីសេចក្តីប្រកាស របស់រដ្ឋាភិបាលក្រុង ម៉ូស្គូ ដែលលើក ឡើងថា មានគ្រាប់បែកនៅលើយន្តហោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

ក្រសួងអាកាសចរណ៍ស៊ីវិល នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងបញ្ហានេះ កំពុងតែដំណើរការ ទៅមុខ។ លោក Ayman Al-Muqaddam ប្រធានក្រុមស៊ើបអង្កេតអេហ្ស៊ីប បានលើកឡើងថា គណកម្មាធិការស៊ើប អង្កេតផ្នែកបច្ចេកទេស មិនបានរកឃើញភស្ថុតាងអ្វីដែលបញ្ជាក់ថា មានសកម្មភាពភេវរកម្មនោះទេ។

សូមជម្រាបថា កន្លងមក ប្រទេស រុស្ស៊ីបានរកឃើញភស្ថុតាង ដែលបញ្ជាក់ថា គ្រាប់បែកគឺជាមូលហេតុ ដែលនាំឲ្យធ្លាក់ យន្តហោះ ស្របពេលដែលក្រុមឧទ្ទាមISIS ប្រកាសថា ពួកជាអ្នកបង្កឲ្យយន្តហោះ ដឹកអ្នកដំណើរនេះធ្លាក់៕