គ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​​ ដក​​កាំភ្លើង​គំរាម​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​អាង​ខ្លួន​មាន​កាំភ្លើង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច ដក​កាំភ្លើង​ដេញ​បាញ់​ផ្អើល​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្បែរ​ចំណុច​ជិត​រង្វង់​មូល​ទន្លេសាប ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​បង្ក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FK-03522 ជិះ​ម្នាក់ឯង​ក្នុង​ស្ថានភាព​ស្រវឹង​អ៊ួ​ទី​នួ ។ ចំណែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​ជិះ​គ្នា​៣​នាក់ ស្រី​២​នាក់ និង​ប្រុស​ម្នាក់ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​មានឈ្មោះ​ណាត នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នក​បើកកាណូត​ទេសចរណ៍ ស្នាក់​នៅ​កន្លែង​កើតហេតុ​។

ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​បង្ក​និង​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ប៉ះ​គ្នា​ដួល​តិចតួច​នៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​ជន​បង្ក​ស្រវឹង​បាន​គំរាម​រករឿង​ជន​រង​គ្រោះ ធ្វើ​ឱ្យ​ជន​រង​គ្រោះភ័យ​បាន​លើក​ម៉ូតូ​ជិះ​រត់គេច​មក​ដល់​ចំណុច​ខាងលើ ត្រូវ​ជន​បង្ក​ដេញ​តាម​ទាន់​ដក​កាំភ្លើង​គំរាម ធ្វើ​ឱ្យ​ជន​រង​គ្រោះ​លើកដៃ​សំពះ​សុំ​អង្វរ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដែល​ជា​អ្នក​បើកកាណូត​នៅ​ក្បែរ​នោះ​ឃើញ​ហើយ​ក៏​បាន​ចូល​ទៅ​ជួយ​អន្តរាគមន៍ ធ្វើ​ឱ្យ​ជន​បង្ក​ខឹង​បាន​និយាយ​គំរាម​ថា ឯង​ចេះ​ដឹង​អី​ចាំ​មើល​បន្តិចទៀត ។

ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ប៉ះ​គ្នា​ជាមួយ​ជន​បង្ក​បាន​ហុច​លុយ​ទៅ​ឱ្យ​ជន​បង្ក​ហើយ​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ។ ចំណែក​ជន​បង្ក​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ដែរ ប៉ុន្តែ​មុន​នឹង​ចេញ​ទៅ​បាន​គំរាម​ជន​រង​គ្រោះ ដែល​ជា​អ្នក​បើកកាណូត​ថា បន្តិចទៀត​គាត់​មក​វិញ បន្ទាប់​មក​ស្រាប់តែ​ជន​បង្ក​បាន​ត្រឡប់​មក​វិញ​មែន ហើយ​ដក​កាំភ្លើង​អា​មេ​គំរាម​ជន​រង​គ្រោះ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​រត់​ចុះ​ទៅ​មាត់ច្រាំង​វិញ ត្រូវ​ជន​បង្ក​រត់​ដេញ​តាម​បាញ់ ក៏​ត្រូវ​កំលាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ល្បាត​មក​ដល់​បាន​ឃាត់ខ្លួន​ជន​បង្ក​រួម​ជាមួយ​កាំភ្លើងខ្លី​មួយ​ដើម​យក​ទៅ​សាកសួរ​នៅ​កង​រាជ​អ​វុ​ធ​ហត្ថ​ខណ្ឌដូនពេញ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អាវុធហត្ថ​ខណ្ឌដូនពេញ កសាង​សំណុំរឿង​បញ្ជូន​ជន​បង្ក​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៕