អាជី​វ​ករ​​ជាង​៣០​នាក់​តវ៉ា​រឿង​ប្រធាន​ផ្សារ​ដំឡើង​ថ្លៃ​​ឈ្នួល​តូប​

ខេត្ត​ប៉ៃលិន ៖ អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ជួរ​ខាងក្រៅ​ជាង​៣០​នាក់​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​ផ្សារ ដោយ​មិន​យល់ព្រម​រឿង​ការ​ដំឡើង​ថ្លៃ​ឈ្នួល​តូប ដែល​ពួក​គាត់​កំពុង​លក់ដូរ​សព្វថ្ងៃ ខណៈ​ម្នាក់​ៗ​ទើបតែ​សាងសង់​តូប​ថ្មី​ៗ និង​បង់​បដិភាគ​ថ្លៃ​ដំបូល​ឱ្យទៅ​ខាង​គណៈកម្មការ​ផ្សារ ក្នុង​ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ​ទៅ​ហើយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ស្ថិត​នៅ​បរិវេណ​ផ្សារ​សាមគ្គី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​អាជីវករ​មួយ​ចំនួន​ក្នុង​ចំណោម​ជាង​៣០​នាក់​បាន​រៀបរាប់​ឱ្យ​ដឹង​ដំណាលគ្នា​ថា ពួក​គាត់​បាន​បង់ប្រាក់​ថ្លៃ​បដិភាគ​ជួយ​សាងសង់​ដំបូល​ផ្សារ​អស់​ម្នាក់​ៗ ចាប់ពី​៣០​ម៉ឺន រហូត​ដល់​៦០​ម៉ឺន​រៀល ដោយ​ខាង​គណៈកម្មការ​ផ្សារ​ឱ្យ​ផ្តិត​មេដៃ និង​សន្យា​ថា​មិន​តម្លើង​ថ្លៃ​ឈ្នួល​តូប​ទៀត​ទេ ។ ក្រោយមក ពួក​គាត់​បាន​ជួល​ជាង​មក​រុះរើ​តូប​ចាស់​ចេញ រួច​សាងសង់​តូប​សារ​ជា​ថ្មី​ឡើង​វិញ ដោយ​ម្នាក់​ៗ​ចំណាយ​ប្រាក់​អស់​ចាប់ពី​១.៥០០​ដុល្លារ ទៅ​២.៥០០​ដុល្លារ ។

ពួក​គាត់​បន្ត​ទៀត​ថា ការ​សាងសង់​តូប​នេះ ម្នាក់​ៗ​បាន​ទៅ​ចងការ​ប្រាក់​ពី​ធនាគារ​យក​មក​សាងសង់ ដោយ​អ្នកខ្លះ​មិន​ទាន់​រួចរាល់​ស្រួលបួល​ផង ស្រាប់តែ​ខាង​គណៈកម្មការ​ផ្សារ​ចេញ​ក្រដាស​ដោយ​ដំ​ឡង​ថ្លៃ ក្នុង​១​តូប​មាន​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង​ក្នុង​តម្លៃ​២​ម៉ឺន
៥​ពាន់​រៀល ដោយ​ពី​មុន​ត្រឹមតែ​១​ម៉ឺន​៥​ពាន់​រៀល​ប៉ុណ្ណោះ ។

ពួក​គាត់​បន្ត​រិះគន់​ថា ខាង​គណៈកម្មការ​ផ្សារ ហាក់ដូចជា​មិន​គោរព​ពាក្យ​សន្យា​សោះ ដោយ​និយាយ​ក្រឡិចក្រឡុច​បាតដៃ​ខ្នងដៃ ពី​មុន​ធ្វើ​កិច្ចសន្យា​ផ្សេង​ៗ តែ​ឥឡូវ​បន្ទាប់​ពី​អាជីវករ​សាងសង់​តូប​ស្អាតបាត ចំណាយ​ប្រាក់​អស់​ច្រើន​ស្រាប់តែ​ចេញ​សេចក្តី​ប្រកាស​រឹត​ក​អាជីវករ​តែ​ម្តង ដោយ​ចេញ​សេចក្តី​ប្រកាស​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​នឹង​ដំឡើង​ថ្លៃ​តូប​ដូច​ខាងលើ​មែន ។

ចំណែក​ប្រធាន​ស្តីទី លោក​សុខ លឹ​ម បានឱ្យ ដឹង​ថា ខាង​លោក​បាន​ដំឡើង​ថ្លៃ​តូប​អាជីវករ​លក់ដូរ​ខាងលើ​នោះ​មែន ដោយ​តូប​ទាំងនោះ ពី​មុន​យក​តម្លៃ​ថោក​ជាងគេ ហើយ​ពេល​នេះ​ខាង​ផ្សារ​ចង់​តម្រឹម​ឱ្យ​ស្មើនឹង​តូប​ខាងក្នុង និង​ម្ខាង​ទៀត ។