ត្រីប្រហុកនៅខេត្តកំពង់ឆ្នាំងចាប់ផ្តើមត្រូវ

ត្រីប្រហុកនៅខេត្តកំពង់ឆ្នាំងចាប់ផ្តើមត្រូវ

លោក សោម  ភិរុណ នាយ​ខណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួសរាន់​ទៅ​ធ្វើ​ត្រី​ប្រហុក​ចាប់ផ្ដើម​ត្រូវ​បណ្ដើរៗ​ហើយ នៅ​ក្នុង​ខ្នើត​ខែមិគសិរ​នេះ​ ត្រីប្រហុក​ចាប់ផ្តើម​សម្បូរ​ដោយ​ត្រី​នឹង​សម្បូរ​ខ្លាំង​ចាប់ពីថ្ងៃ ៤–៥ កើត​រហូត​ដល់​ដាច់​ខ្នើត​ខែ​នេះ បើសិនជា គ្មាន​ការ​ប្រែប្រួល​អាកាសធាតុ​ទេ​នោះ ”។ លោក បាននិយាយ​បែបនេះ​កាល​ពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ពេល​លោក​បានដឹកនាំ​មន្ត្រី​ខណ្ឌរដ្ឋបាល​ជលផលចុះ​ពិនិត្យ​ស្ថានភាព​ត្រីចុះ និង​ការនេសាទត្រី​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​ពី​ភូមិចុងកោះក្រុង​កំពង់ឆ្នាំង​រហូត​ដល់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍។

 

ត្រីប្រហុកនៅខេត្តកំពង់ឆ្នាំងចាប់ផ្តើមត្រូវ

 

លោក​បញ្ជាក់ថា៖បើ​មើល​តាម​ស្ថានភាពត្រី​ដែល​ចាប់ផ្តើមត្រូវ​ពីថ្ងៃ ២​កើតនេះ​ទៅ​ផលត្រី​អាចនឹង​សម្បូរខ្លាំង​ក្នុង​ឆ្នាំនេះ ព្រោះថា តាម​ធម្មតា​រាល់​ឆ្នាំ​ត្រី​ប្រហុក​សំបូរ ពីថ្ងៃ ៥-៦កើត ខែ​មិគសិរ។ ទន្ទឹមនឹង​ត្រី​ប្រហុក​ចាប់​ផ្តើម​ត្រូវ​ជា​បណ្តើរៗ​ហើយ​នោះ គឺជា សញ្ញា​ថា​នៅតែ​ប៉ុន្មាន​ថ្ងៃទៀត​ត្រី​នឹង​សម្រុក​ត្រូវ​ខ្លាំង​លោក​បាន​អំពាវនាវ ដល់​បង​ប្អូនប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សូម​ត្រៀម​លក្ខណៈ​មក​ធ្វើត្រី​ប្រហុក​ឲ្យបាន​រួសរាន់ ​កុំឲ្យហួសពេល។

 

ដោយឡែក ទីតាំង​ដែល​សម្បូរ​ត្រី​ប្រជាពលរដ្ឋ​និយម​មកធ្វើ​ត្រីប្រហុកនោះ​មាននៅមាត់​កំពង់ទឹកផ្សារ​ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ នៅភូមិចុងកោះ ក្រុងកំពង់ឆ្នាំង នៅភូមិ​កំពង់​ប្រាសាទ និង​ភូមិកំពង់​ត្រឡាច​ក្រោម ក្នុង​ស្រុកកំពង់​ត្រឡាច។ ចំណែក មាត់កំពង់​ ឃុំឆ្នុកទ្រូ​និង​កំពង់ផែយឿ​ត្រីភូមិ​ចិង​កោះ វិញ គឺជា​ចំណត​រថយន្ត​ដឹកត្រី​គ្រប់ប្រភេទ​យកទៅ​តាមបណ្តាខេត្តផ្សេងៗមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ប៉ោយប៉ែត្រ និង រាជធានីភ្នំពេញជាដើម។

 

កាលពីព្រឹកថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ត្រីដែល ឈ្មួញចាំទិញ​ពី​ប្រជាពលរដ្ឋ​នេសាទ គឺត្រីរៀលថ្លៃ ៨០០ រៀល ត្រី​ចង្កែងថ្លៃ ៣.៥០០រៀល ត្រីរ៉ស់ ត្រីអណ្តែង​និង​ត្រីឆ្កោក​ថ្លៃ៧.០០០រៀល​ក្នុង ១គីឡូក្រាម ដែល​កាលត្រី​មិនទាន់​ត្រូវ គឺត្រីខាងលើនេះ​មាន​តម្លៃ ១គុណ និង២។ អាជ្ញាធរ​ខេត្ត និង​លោក​នាយ​ខណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​សូមអំពាវ​ដល់​អាជ្ញាធរមូលដ្ឋាន​ ភូមិ ឃុំ និង ស្រុក រួម​ទាំង​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់​សូមមេត្តា​ជួយបង្ក​លក្ខណៈ​ងាយស្រួល​ដល់ប្រជាពលរដ្ឋ​ដែលមកស្នាក់​នៅធ្វើប្រហុក ផ្អក​ដោយ​សូមយកចិត្តទុក​ដាក់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្តិភាព​ឲ្យបាន​ល្អ​ជូនប្រជាពលរដ្ឋយើងផង។  ប្រជា នេសាទ​ជាអ្នក​បណ្តែត​មង​ម្នាក់​បានឲ្យដឹងថា៖ ត្រីចាប់ផ្តើម​ត្រូវពីថ្ងៃ ១​កើតមកគាត់​នេសាទ​បានត្រី​ពីដើមខ្នើតនេះ​គាត់​មិន​ទាន់​លក់​ទេ គឺគាត់យកមក​ធ្វើត្រីឆ្អើរ​ទុកលក់​រយៈ​២​ថ្ងៃកន្លងទៅនេះ​គាត់បាន​ធ្វើត្រីឆ្អើរ​ជាង ២០០​ចង្កាក់​ក្នុង​១ចង្កាក់ៗ​លក់បាន ១.៥០០ រៀល ប៉ុន្តែ បើត្រីត្រូវខ្លាំង ក៏គាត់​មិនត្រូវ​ទុកត្រី​ស្រស់​នោះ​ដែរ​ព្រោះ​ធ្វើត្រីឆ្អើរ​មិនទាន់​នាំ​ឲ្យ​ខាត ៕
 

អត្ថបទ៖ លោក សារិទ្ធ
ប្រភព៖ Khmer Daily