ពុល​ស្រា​នៅ​មណ្ឌលគិរី ស្លាប់ ២ នាក់ និង​ម្នាក់ កំពុង​សង្គ្រោះបន្ទាន់​

ខេត្តមណ្ឌលគិរី: ករណី​ពុល​ស្រា នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​មនុស្ស​ពីរ​នាក់ និង​ម្នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុង​ការជួយ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​។ បុរស​ទាំងបី​នាក់​នោះ បាន​ពុល​ស្រាស បន្ទាប់ពី​ពួកគេ​ផឹក​អស់ ២ លីត្រ នៅ​ចំណុច​ក្រុមហ៊ុន​ខ្មែរ​អង្គរ ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​មួយ នៅក្នុង​ព្រៃ​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ស្រែ​ខ្ទង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។  

​របាយការណ៍​នគរបាល​ស្រុក​កែវ​សីមា បង្ហាញថា អ្នកស្លាប់​ទាំងពីរ​នាក់ ក្នុង​ហេតុការណ៍​ខាងលើ មានឈ្មោះ លី ផ្លោត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ក្រចេះ ខេត្តក្រចេះ និង​ឈ្មោះ ភ្ញើ​ញ ស្វែ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ រីឯ​អ្នក​ស្ថិតក្នុង​ការជួយ​សង្គ្រោះ​ឈ្មោះ គួ​ង ភិន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ទីលំនៅ​ឃុំ​សំបុ​ក្រ ស្រុក ចិត្រ​បូរី ខេត្តក្រចេះ​។​

​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការ​ស្រុក​កែវ​សីមា បានអោយដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាននាំគ្នា​ជួបជុំ​ផឹក​ស្រាស មាន​គ្នា​ប្រមាណ​ពី ៥ ទៅ ៦ នាក់ តែ​អ្នក​ឯទៀត ផឹក​តែមួយ​ពែង​ពីរ​ពែង ក៏​ងើប​ចេញ​។ ដោយឡែក​ជនរងគ្រោះ​ទាំងបី​នាក់ នៅ​បន្ត​ផឹក រហូត​អស់​ស្រា ២​លីត្រ ក៏​បណ្តាលអោយមាន​អាកា​រៈ​ក្អួត ចុកពោះ រាក​រួស និង​មុខ​ជាំខ្មៅ រហូត​បណ្តាល​អោយស្លាប់​ពីរ​នាក់ និង​ម្នាក់ទៀត មាន​អាកា​រៈ​ធ្ងន់ធ្ងរ ដឹកបញ្ជូន​មកជួយ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។

​ករណី​ពុល​ស្រា បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​ខេត្តក្រចេះ ក្រសួងសុខាភិបាល បានប្រកាស​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ថា គិត​ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ មាន​អ្នករងគ្រោះ ១៥៧ នាក់ ក្នុងនោះ ១៣ នាក់ បាន​ស្លាប់​។ ករណី​ពុល​ស្រា​ទាំងនោះ ដោយសារតែ​ជាតិ​មេ​តា​ណុល មាន​កម្រិត​ខ្ពស់​ខុសពី​ធម្មតា នៅក្នុង​ស្រា​ទាំងនោះ​។

ក្រសួងសុខាភិបាល ក៏ដូចជាសម្តេចហ៊ុនសែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់ការទទួលទានស្រា ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ និងកុំបរិភោគ​សត្វ ដែលឈឺ ឬស្លាប់ ដើម្បីកុំ​ឲ្យមានហេតុការណ៍អកុសលដូច្នេះកើតឡើងទៀត៕ H