ខឹង​ម្តាយមីង ហាម​កុំ​ឲ្យ​ដើរលេង​យប់ យក​កាំបិត​ចាក់​ពោះ ប៉ង​សម្លាប់ខ្លួន​

ភ្នំពេញ: នារី​ម្នាក់ខឹង​ម្តាយមីង​ស្តីបន្ទោសនិង​ហាម​កុំ​ឲ្យ​ដើរលេង​យប់ បាន​យក​កាំបិត​ចាក់​ពោះ​ខ្លួនឯង របួសធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗនៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្ទះជួល​មួយកន្លែង នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​នារី​ចិត្តខ្លាំង គ្រាន់តែ​ម្តាយមីងហាម​មិន​ឲ្យ​ដើរលេង​យប់ យក​កាំបិត​ចាក់​ពោះ​ខ្លួនឯង ប៉ង​សម្លាប់ខ្លួន​នេះ ឈ្មោះ រឿង សុភ័ណ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ចំណែក​ម្តាយមីង ឈ្មោះ រឿង សាក់ អាយុ​ជាង​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ជិតគ្នា ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ ដោយសារតែ​នារី​រងគ្រោះ តែងតែ​ដើរលេងរៀងរាល់​យប់​រហូត ​យប់ៗ​ជ្រៅ និង​យប់​ខ្លះ រហូត​ភ្លឺ បាន​ចូល​ផ្ទះ​វិញ ម្តាយមីង​ឃើញ​ដូច្នេះ ក៏​ហៅ​មក​អប់រំ​ណែនាំ តែ​នារី​រងគ្រោះ មិន​ព្រមស្តាប់ ក៏បាន​ដើរចូល​ទៅក្នុង​បន្ទប់​របស់ខ្លួន​ដាក់​គន្លឹះ​ជាប់​។ មួយសន្ទុះ​ក្រោយមក អ្នកជិតខាង ក៏​ឮ​សំឡេង​ស្រែក​អូយៗ ក៏បាន​ស្រែកហៅ​ម្តាយមីង ឲ្យ​មកជួយ​មើល ។ ដោយ​ទ្វារ​ដាក់​គន្លឹះ ក៏​នាំគ្នា​ទម្លាយ​ទ្វារ​ចូល ស្រាប់តែ​ឃើញ​នារី​នោះ មានកូន​កាំបិត ជាប់​ពោះ​បាត់​ទៅហើយ ។ ភ្លាមៗ​នោះ ក៏បាន​រាយការណ៍​ទៅសមត្ថកិច្ច​មូលដ្ឋាន និង​នាំ​នារី​នោះ ទៅកាន់​មន្ទីរពេទ្យ​បាយ័ន តែ​ដោយ​មិន​ហ៊ាន​ព្យាបាល ក៏​នាំ​នារី​នោះបន្ត​មក​ព្យាបាល នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​វិញ ៕V​/S

ខឹង​ម្តាយមីង ហាម​កុំ​ឲ្យ​ដើរលេង​យប់ យក​កាំបិត​ចាក់​ពោះ ប៉ង​សម្លាប់ខ្លួន​