នៅ​ថ្ងៃ​ខួបកំណើត​ភរិយា នាយករដ្ឋមន្ត្រី​កម្ពុជា រំលឹក​រឿង​ឈឺចាប់​ខ្លះ ក្នុង​ជីវិត​ប្តី​ប្រពន្ធ​

ភ្នំពេញ: ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ ជា​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ភរិយា​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុនសែន​។ នៅ​ថ្ងៃ​ខួបកំណើត​គម្រប់ ៦១ ឈានចូល ៦២​ឆ្នាំ (១៥​ធ្នូ​១៩៥៤-១៥​ធ្នូ​២០១៥) របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​រំលឹក​រឿង​ឈឺចាប់​ខ្លះ ក្នុង​ជីវិត​ប្តី​ប្រពន្ធ​របស់​សម្តេច ដើម្បី​ចែកជូន​ញាតិមិត្ត​បាន​ជ្រាប​។​

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥​ធ្នូ​នេះ សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​រឿង​យើង​ជួបគ្នា និង​រៀបការ បង​នឹង​ផ្សព្វផ្សាយ នាពេលខាងមុខ​។ រឿង​កូន​កំសត់​ ​ស្លាប់​យ៉ាង​វេទនា កាលពី​ថ្ងៃ​១០​វិច្ឆិកា ១៩៧៦ បង​បាន​សរសេរ​ផ្សព្វផ្សាយ​រួចមកហើយ តែ​យើង​នៅសល់​រឿងរ៉ាវ​ច្រើនណាស់ ដែល​កូនៗ​ចៅៗ​យើង និង​បងប្អូន​
​ជនរួមជាតិ​ចង់ដឹង​ចង់​ឮ​ពី​ប្រវត្តិ​នៃ​ជីវិត​ប្ដី​ប្រពន្ធ​របស់​យើង​"​។​

​សម្តេច​ហ៊ុនសែន លើកឡើងថា "​បង​ចង់​និយាយ​ពី​សោកនាដកម្ម​មួយទៀត​
​ដែល​យើង​ព្រាត់​គ្នា នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ក្រោម​ទំនួញ​ទុក្ខ​ស្រី​ប្តី​ព្រាត់​
​នៅពេលដែល​អូន​កំពុងមាន​ផ្ទៃពោះ​ជាង ៥​ខែ នៃ​កំណើត​កូន​ម៉ា​ណែ​ត​។​
​បងអត់​មាន​ជំរើស​ឱយ​ល្អ​ជាង​ការ​ងើបឡើង​តស៊ូ​ដើម្បី​រំដោះជាតិ និង​ប្រជាជន​ចេញពី​របប​ប៉ុលពត បានទេ ហើយក៏​មិនអាច​នាំ​អូន​ទៅជា​មួយ​បានដែរ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំងណាស់​"​។​

​មកដល់​ត្រង់នេះ សម្តេច​តេ​ជោ ហ៊ុនសែន លើកឡើងថា "​មុន​ចេញដំណើរ បង​បាន​ប្រឹង​សរសេរ​សំបុត្រ​ផ្ញើឱយ​អូន ជាមួយ​ទឹកភ្នែក​រាប់ពាន់​ម៉ឺន​ដំណក់​។ សំបុត្រ​នោះ បាន​ទៅ​ដល់ដៃ​អូន នៅ​ថ្ងៃទី​២១​មិថុនា​១៩៧៧ តាមរយៈ​នឿន និ​រ​សារ ដែលមាន​ចិត្ត​ស្មោះត្រង់​។​ លិខិត ២​ទំព័រ​សរសេរ​ដោយ​ដៃ ចំណុច​ដែល​បង​ចាំ​មិន​ភ្លេច គឺ​នូវ​វគ្គ​ដំបូង និង​វគ្គ​ចុងក្រោយ​។ វគ្គ​ដំបូង (​មកដល់​ប្រពន្ធ​ដ៏​កំសត់រ​បស់បង ពេល​អូន​កំពុង​អាន​នូវ​សំបុត្រ​នេះ រូប​បង​កំពុង​ស្ថិតនៅ​យ៉ាង​ឆ្ងាយ ឆ្ងាយ​រហូតដល់​រូប​បង​មិនដឹងថា ខ្លួនឯង​នៅទីណា​ផង​)"​។​

​សម្តេច​ហ៊ុនសែន បាន​បន្តថា "​បងប្អូន​អ្នកអាន​អាច​ឆ្ងល់ ហេតុអ្វី​មិនអាច​ដឹងបាន​ថា​ខ្លួន​នៅទីណា​? នេះហើយ​ជា​ជីវិត​នៃ​អ្នកតស៊ូ ដែល​ចាប់ផ្តើម​ចលនា​ថ្មី​មិនដឹង​ស្លាប់​ឬ​រស់​? មិនដឹង​ទៅ​ទិស​ខាង​ណា​?​។ វគ្គ​ចុងក្រោយ​នៃ​លិខិត (​បង​សូម​លា​ហើយ លា​ដើម្បី​ជួបគ្នា​វិញ ដោយ​គ្មាន​ពេល​កំណត់​)​។ ឃ្លា​ចុងក្រោយ បង្កប់​ដោយ​ន័យ​មានសង្ឃឹម​ផង និង​គ្មាន​សង្ឃឹម​ផង​។ ការ​ព្រាត់​លើក​នេះ មិនដឹង​ព្រាត់​រស់ ឬ​ព្រាត់​ស្លាប់​។ ចាកចោល​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ​ជាមួយ​ទឹកភ្នែក​រាល់ថ្ងៃ ដោយ​អាណិត​ប្រពន្ធ អាណិត​ប្រជាជន ដែល​របប ប៉ុល ពត ធ្វើបាប និង​កាប់សម្លាប់​រាល់ថ្ងៃ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ថ្ងៃ​៧​មករា​១៩៧៩ បាន​ផ្តល់ឱយ​ប្រជាជន​កម្ពុជា​គ្រប់រូប ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់​បាន​រស់រានមានជីវិត បង្កើតកូន​បង្កើត​ចៅ​យ៉ាងច្រើន ក្នុងនោះ ក៏មាន​ក្រុមគ្រួសារ​ខ្ញុំ​ដែរ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បន្តថា "​ថ្ងៃនេះ ប្រពន្ធ​ខ្ញុំ អាយុ​គ្រប់ ៦១​ឆ្នាំ គាត់​ជាម​នុស្ស​ស្រី​ស្អាត​ជាងគេ​សំរាប់​ខ្ញុំ​។ ឯខ្ញុំ​ក៏​ជា​មនុស្ស​ប្រុស​ស្អាត​ជាងគេ សំរាប់​គាត់​។​
​សំណាប​យោង​ដី ស្រី​យោង​បុរស​។ បង​មាន​ថ្ងៃនេះ ក៏មាន​ចំណែក​របស់​អូន ក្នុងនាម​ជា​ភរិយា​ល្អ ម្ដាយ​ល្អ និង​ជីដូន​ល្អ​។ ជូនពរ​អូន​សុខភាព​ល្អ និង​កុំ​ភ្លេច​បូម​ខ្យល់​ឱយ​បង​ផង ព្រោះ​មានតែ​អូន​ទេ ដែលមាន​សិទ្ធិផ្តាច់មុខ​បូម​ខ្យល់​ឱយ​ប្តី​"៕​

នៅ​ថ្ងៃ​ខួបកំណើត​ភរិយា នាយករដ្ឋមន្ត្រី​កម្ពុជា រំលឹក​រឿង​ឈឺចាប់​ខ្លះ ក្នុង​ជីវិត​ប្តី​ប្រពន្ធ​

នៅ​ថ្ងៃ​ខួបកំណើត​ភរិយា នាយករដ្ឋមន្ត្រី​កម្ពុជា រំលឹក​រឿង​ឈឺចាប់​ខ្លះ ក្នុង​ជីវិត​ប្តី​ប្រពន្ធ​

នៅ​ថ្ងៃ​ខួបកំណើត​ភរិយា នាយករដ្ឋមន្ត្រី​កម្ពុជា រំលឹក​រឿង​ឈឺចាប់​ខ្លះ ក្នុង​ជីវិត​ប្តី​ប្រពន្ធ​

នៅ​ថ្ងៃ​ខួបកំណើត​ភរិយា នាយករដ្ឋមន្ត្រី​កម្ពុជា រំលឹក​រឿង​ឈឺចាប់​ខ្លះ ក្នុង​ជីវិត​ប្តី​ប្រពន្ធ​