លោក សម រង្ស៊ី៖«ទោះ​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​ក្តៅ តែ​ចិត្ត​ខ្ញុំ​ត្រជាក់»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ទោះបីជា​បញ្ហានយោបាយ​ក​ម្ពុ​ជា​កំពុង​ឡើងក​ម្ដៅ​យ៉ាងណាក៏ដោយ តែ​ក្នុង​ចិត្ត​របស់លោក​នៅតែ«ត្រជាក់»ជានិច្ច ពោលគឺ​មិន​ក្តៅ​ដូច​ស្ថានភាព​នយោបាយ​នៅពេលនេះ​ទេ។

តាមរយៈ​វីដេអូ​ឃ្លី​ប ជាង៤នាទី នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី១៤ ធ្នូ​នោះ លោក សម រង្ស៊ី បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ៖«យើង​បារម្ភ​អំពី​វាសនា​ប្រទេសជាតិ អនាគត​ប្រទេសជាតិ​យើង គោលដៅ​យើង​ធ្វើ​ម៉េច​ឲ្យ​ជាតិ​យើង​បាន​នៅ​គង់វង្ស។ និយាយ​ថ្ងៃនេះ ទោះជា​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​ក្តៅ​យ៉ាងណា តែ​សូមបញ្ជាក់ថា ចិត្ត​ខ្ញុំ​ត្រជាក់។ យើង​នៅ​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ ទោះជា​សភាពការណ៍​យ៉ាងណា ភ្លើង​ឆេះ​មានការ​ពុះកញ្ជ្រោល​យ៉ាងណា តែ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​តាំងចិត្ត​យើង​ឲ្យ​ធ្ងន់ ឲ្យ​នឹង ឲ្យ​ត្រជាក់ ដើម្បី​មានគំនិត​មាន​ប្រាជ្ញា​គិតគូ​ចំពោះ​បញ្ហា​ប្រទេសជាតិ»។

លោក សម រង្ស៊ី ដែល​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​នៅក្រៅ​ប្រទេស​បារាំង​នោះ បាន​បន្ថែមថា  បើទោះជា​គណបក្សនយោបាយ​ណា​ឈ្នះឆ្នោត​ក៏ដោយ ក៏​មិនមែនជា​បញ្ហា​ធំ​ដែល​ខ្មែរ​ត្រូវ​ឈ្លោះ​គ្នា​នោះឡើយ។ តែ​សំខាន់​ឲ្យ​តែ​ខ្មែរ​ឈ្នះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់ទៀតថា បើសិនជា​ខ្មែរ​នៅតែ​បន្ដ​ឈ្លោះ​គ្នា​នោះ ប្រទេស​កម្ពុជា​នឹង​បន្ត​បាត់បង់​ទឹកដី​ទៀត ហើយ​មិនយូរ​ទេ ប្រទេស​នឹង​រលាយបាត់​តែម្តង៕