នារី​វ័យក្មេង​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ ខណៈ​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤

ខេត្ត​ព្រះ​សីហ​នុ ៖ នារី​វ័យក្មេង​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ខណៈ​ពេល​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩២-១៩៣ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ កើត សុ​ភី អាយុ​១៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​បិត​ត្រាំ​ង ឃុំ​បិត​ត្រាំ​ង ចំណែក​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ សួន សា​រិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្រសួងសុខាភិបាល ភ្នំពេញ បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ដឹង​ថា នារី​រង​គ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​កំពុង​ដើរ​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ាក​នី​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​១២-២-០២២៨ បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ បាន​បុក​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ក៏​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជនវាល​រេញ​ តែ​ត្រូវ​បាន​ពេទ្យ​ប្រាប់​ថា នាង​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។ ក្រោយ​ពេល​ដឹង​ថា នារី​រង​គ្រោះ​បាន​ស្លាប់ អ្នក​បើក​បរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ចំណែក​សព​នារី​រង​គ្រោះ​ប្រគល់​ជូន​បងប្អូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕