ប្រទេសឡាវ ចង់បង្កើនការ នាំចេញអង្ករ ទៅកាន់ប្រទេសចិន

វៀងច័ន្ទ៖ ខេត្តសុវណ្ណ ខេត្តរបស់ឡាវ កំពុងតែសម្លឹងមើល ក្នុងការបង្កើនការនាំ ចេញអង្ករ ទៅកាន់ប្រទេសចិន ឲ្យបាន១ម៉ឺនតោន ក្នុងមួយឆ្នាំ បន្ទាប់ពីតួលេខឆ្នាំ២០១៥ នេះ អាចនឹង សម្រេចបានចំនួន កើនឡើងខ្ពស់ រហូត ដល់ ៨.០០០ តោនទៅហើយនោះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០១៥។

កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ ប្រទេសឡាវ បានធ្វើការនាំចេញអង្ករ ក្នុងទ្រង់ទ្រាយធំ ជាលើកដំបូង ពីខេត្ត សុវណ្ណខេត្ត ទៅកាន់ប្រទេសចិន ដែលស្ថិតនៅចម្ងាយ ៥០០ គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីវៀងច័ន្ទ។ ប្រការនេះ ត្រូវបានក្រុមអ្នករកស៊ី ខាងនាំចេញ មានក្តីរំពឹងថា ផលិតកម្មអង្ករ អាចនឹងកើនឡើងបន្ថែមទៀត នៅឆ្នាំក្រោយៗ ដើម្បីបំពេញការនាំចេញ។

បច្ចុប្បន្នខេត្តសុវណ្ណខេត្ត មានផ្ទៃដីស្រែប្រមាណ ៣០.០០០ ហិកតា ដែលអាចផលិតស្រូវ បានរហូតដល់ទៅ ៨០០.០០០ តោន ក្នុងមួយឆ្នាំៗ ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និង នាំចេញ ទៅកាន់ប្រទេសជិតខាង ដូចជា វៀតណាម និង ចិន ជាដើម។

គួរបញ្ជាក់តាមសម្តីលោកអភិបាលខេត្ត សុវណ្ណខេត្ត សួផាញ់ កែវមីសាយ ថាខេត្តរបស់លោក មានការប្តេជ្ញាខ្ពស់ ក្នុងការបង្កើនសង្វាក់ផលិតកម្ម ស្រូវអង្ករ ឲ្យបានលឿនបំផុត តាមដែល អាចធ្វើទៅរួច ដើម្បីបំពេញតាម តម្រូវការ នៃការនាំចេញ។ ប៉ុន្តែអ្វីដែលចាំបាច់ផងដែរនោះ គឺខេត្តនេះ តម្រូវឲ្យមានបច្ចេកទេស ល្អបន្ថែមទៀត ដើម្បីផលិត ស្រូវ ឲ្យបានលឿន និង មាន គុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ៕

ប្រទេសឡាវ ចង់បង្កើនការ នាំចេញអង្ករ ទៅកាន់ប្រទេសចិន