សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​រឿង​សម្លាប់​ជនជាតិ​វៀតណាម​នៅ​​ស្វាយរៀង

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ធ្វើ​សវនាការ​បន្ត​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ធ្នូ ដោយ​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប ទាក់ទង​នឹង​អង្គហេតុ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​រូប​នេះ​អះអាង​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​អំពី​ការ​បាន​ដឹង​ឮ រឿង​ពួក​ខ្មែរក្រហម​សម្លាប់​ជន​ជាតិ​វៀតណាម នៅ​ក្នុង​ឃុំ​ស្វាយយា ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

សាក្សី​ថ្មី​មួយ​រូប​ឈ្មោះ ស៊ិន ឆែម ដែល​ជា​ប្រពន្ធ​គណៈ​ឃុំ និង​ជា​សាច់​ញាតិ​កម្មាភិបាល​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ធ្នូ ថា មាន​ជនជាតិ​វៀតណាម មួយ​ចំនួន ត្រូវ​ពួក​ខ្មែរក្រហម​យក​ទៅ​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «យក​ប្រពន្ធ​យួន​យក​ទៅ​វាយ​ចោល។ យក​ទាំង​កូន​ទាំង​ប្រពន្ធ​យក​ទៅ​វាយ​ចោល។ ប្ដី​អោប​នឹង​ទ្រូង​បេះ​យក​ទៅ​បាត់»

លោកស្រី ស៊ិន ឆែម បញ្ជាក់​ថា ជនជាតិ​វៀតណាម គេ​យក​ទៅ​សម្លាប់​ឃុំ​ស្វាយយា ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង នោះ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​បាន​រៀបការ​ជា​មួយ​ជនជាតិ​ខ្មែរ។ លោក​ស្រី​ថ្លែង​ថា ស្ត្រី​វៀតណាម ដែល​រៀបការ​ជា​មួយ​បុរស​ខ្មែរ គឺ​សម្លាប់​ទាំង​កូន៖ «កូនៗ គេ​យក​ទៅ​អស់​រលីង គេ​មិន​ទុក​ផង។ គេ​ថា​នាំ​តែ​ជាប់​សាសន៍។ ​គេ​យក​ទៅ​បាត់​ហ្នឹង ៤​គ្រួសារ។ គេ​សម្លាប់​ទាំង​សំបុក ប្ដី​ប្រពន្ធ​យក​ទៅ​ទាំង​អស់។ គេ​ថា កូន​អឹម​ទឹក​ដោះ​ម្ដាយ គេ​មិន​ទុក​ទេ។ កូន​គេ​យក​ទៅ​ទាំង​អស់។ កូន​ពីរ​នាក់​គេ​យក​ទាំង​ពីរ។ គេ​មិន​ទុក​ទេ គឺ​គេ​ទុក​តែ​ឪ​ទេ»

សាក្សី ស៊ិន ឆែម មាន​ទៀត​ថា ក្រៅ​ពី​ការ​សម្លាប់​ជនជាតិ​វៀតណាម បក្ស​កុម្មុយនិស្ត​កម្ពុជា ចាប់​ខ្លួន​កម្មាភិបាល​នៅ​តំបន់​នោះ​យក​ទៅ​សម្លាប់​ដែរ ដោយ​ចោទ​កម្មាភិបាល​ទាំង​នោះ​ថា ចូល​ដៃ​ជាមួយ​វៀតណាម ប្រឆាំង​បដិវត្តន៍។

លោកស្រី​បាន​បាត់បង់​បង និង​ប្ដី ជា​គណៈ​ឃុំ​ស្វាយយា នោះ៖ «គេ​យក​យួន​ទៅ​ហើយ បាន​គេ​មក​យក​ប្ដី​ខ្ញុំ​ទៅ។ យក​សុទ្ធ​តែ​យក​យប់ គ្មាន​យក​ថ្ងៃ​ទេ។ ប្ដី​ខ្ញុំ​ទៅ​ធ្វើការ​ខាង​ក្បែរ​ធ្លក ហើយ​គេ ហើយ​គេ​ចាប់​យក​ទៅ​ទុក​នៅ​ក្បែរ​ស្វាយរៀង។ ទុក​នៅ​ទី​នោះ​បាន ៣​ថ្ងៃ។ ឈ្មោះ ​វា​អា អោ ធ្វើ​សន្តិសុខ។ ចាប់​យក​ទៅ​អស់ គណៈ​ឃុំ​យក​ទៅ​ស្វាយរៀង យក​ទៅ​រៀនៗ យក​ទៅ​បាត់ មិន​ទៅ​ណា​មក​ណី​ទេ។ ខ្ញុំ​មិន​ដែល​បាន​ជួប​ទេ គ្រាន់​តែ​ឮ​ពាក្យ​គេ​ថា គេ​យក​មក​វិញ យក​មក​នៅ​ភូមិ​វល្លិ​យាវ​វិញ។ ដល់​ពេល​យក​ទៅ​យប់ យក​ទៅ​បាត់។ ខ្ញុំ​តាម​ទៅ​មើល​ឃើញ​ខោអាវ​នៅ​ក្នុង​អន្លង់»

ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​កំពុង​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​នានា ជុំវិញ​អង្គហេតុ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩។ អង្គហេតុ​នេះ ស្ថិត​ក្រោម​បទ​ចោទ​ប្រល័យ​ពូជសាសន៍ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

នៅ​ថ្ងៃ​ទី​១៤ ធ្នូ ដដែល សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ ទាក់ទង​នឹង​សំណុំ​រឿង ០០៣ ប្រឆាំង​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​មួយ​រូប គឺ​លោក មាស មុត។

សេចក្ដី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​លុប​ចោល​បទ​ចោទ​មួយ​ចំនួន​ប្រឆាំង​លោក មាស មុត ហើយ​ក៏​សម្រេច​លុប​ចោល​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ដែល​ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា និង​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤។ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ផ្ដល់​ហេតុផល​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​សម្រេច​លុប​ចោល​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លោក មាស មុត ក៏​ព្រោះ​តែ​លោក មាស មុត បាន​ចូល​បង្ហាញ​ខ្លួន​ដល់​តុលាការ​ដោយ​ស្ម័គ្រ​ចិត្ត។

លោក មាស មុត ត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទឧក្រិដ្ឋ​មួយ​ចំនួន ដូច​ជា អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អំពើ​រំលោភ​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ និង​ការ​រំលោភ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦។

បទ​ចោទ​ដូច​គ្នា​នេះ​ដែរ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ ក៏​បាន​ដាក់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ទៀត គឺ​លោក យឹម ទិត្យ ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដូច​គ្នា សម្រាប់​សំណុំរឿង ០០៤។ សំណុំ​រឿង ០០៤ រហូត​មក​ដល់​ពេល​នេះ មាន​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ចំនួន ៣​នាក់​ហើយ ដែល​ត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ក្នុង​នោះ គឺ​មាន​អ្នកស្រី អ៊ឹម ចែម លោក អោ អាន និង​លោក យឹម ទិត្យ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​សម្រេច​នេះ គឺ​ធ្វើ​ឡើង​ដោយ​ភាគី​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដោយ​មិន​មាន​ឯកភាព​ពី​សហ​ចៅក្រម​ស៊ើបអង្កេត​ភាគី​ជាតិ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។