លោក សម រង្ស៊ី ថា ខ្សែរាជវង្សខ្មែរ ចូលចិត្តពឹងបរទេស មកដណ្តើមអំណាចគ្នា

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានថ្លែងពីប្រទេសបារាំង មកថាខ្សែរាជវង្សានុវង្ស ចូលចិត្តពឹងបរទេស មកដណ្តើមអំណាចគ្នា ពិសេសទៅពឹងប្រទេស ថៃ និងវៀតណាម។

យោងតាមវីឌីអូខ្លីប របស់លោក សម រង្ស៊ី ក្នុងឱកាសសំណេះសំណាល ជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅប្រទេសបារាំង លោក សម រង្ស៊ី បានលើកឡើងថា បើក្រឡេកមើលប្រវត្តិសាស្ត្រប្រទេសកម្ពុជា ៤០០ឆ្នាំមុន ឃើញថា ខ្មែរឈ្លោះគ្នាឥតឈប់ឈរ ពេលឈ្លោះគ្នាឥតឈប់ឈរចរិកខ្មែរ គឺចង់ឈ្នះចាញ់ដាច់ខាត ហើយបើចង់ឲ្យសម្រេចគោលដៅ ឲ្យក្រុមខ្លួន បក្សខ្លួន គ្រួសារខ្លួន ជូនកាលខ្លួនឯង ជាពិសេសរាជវង្សានុវង្ស ចង់ឡើងសោយរាជ្យ គឺធ្វើអីក៏ធ្វើដែរ ឲ្យតែខ្លួនបានឈ្នះ ខ្លួនបានសម្រេច ហើយដើម្បីឈ្នះ គឺទៅពឹងបរទេស។

លោកបានបន្តថា “៤០០ឆ្នាំហើយ បើមិនពឹងបរទេសខាងលិច ពឹងបរទេសខាងកើត ប៉ុន្តែគេជួយឲ្យយើងឈ្នះ មិនមែនជួយទទេទេ គេគិតផលប្រយោជន៍គេ គេជួយឲ្យក្រុមណាឈ្នះ គេលេបត្របាក់ទឹកដីយក យើងត្រូវតែសង់គុណគេ ដឹងគុណគេ ហើយគេអត់ចង់បានអ្វីក្រៅពីទឹកដីទេ ព្រោះគេជួយឲ្យក្រុមមួយឈ្នះ យើងឲ្យទឹកដីទៅគេ បើយើងមិនឲ្យក៏គេយកដែរ”។

ប្រធានគណបក្សប្រឆាំងរូបនេះ បានបន្ថែមថា រយៈពេល ៤០០ឆ្នាំហើយ មិនដែលខ្មែរណាឈ្នះដោយខ្លួនឯងទេ គឺដោយសារបរទេស មកជួយអន្តរាគមន៍។ លោកបានបញ្ជាក់ថា បក្សនយោបាយណាឈ្នះក៏ដោយមិនសំខាន់ប៉ុន្មាននោះទេ អ្វីដែលសំខាន គឺខ្មែរឈ្នះ ខ្មែររស់ រស់ដើម្បីឲ្យរុងរឿង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចវេះពីការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរកម្ពុជា ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងដីកាកោះហៅរបស់តុលាការ ទាក់ទងនឹងរឿងឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បង្ហោះឯកសារក្លែងបន្លំសាធារណៈ នៅលើបណ្តាសង្គម (Facebook) របស់លោកនាពេល កន្លងមក ចុងក្រោយមេធាវីសម្តេច ហេង សំរិន លោក គី តិច ក៏បានដាក់ពាកក្យបណ្តឹងផងដែរ ទាក់ទងនឹងបរិហាកេរ្តិ៍សម្តេច ហេង សំរិន៕