លោក សាឡេះ សុវណ្ណារ៉ា នំាអំណោយ ចែកជូនចាស់ជរា ស្រ្តីមេម៉ាយ និងកុមារទីទ័លក្រ

ភ្នំពេញ ៖ លោក សាឡេះ សុវណ្ណារ៉ា ប្រធានមូល និធិបុគ្គលិក ជី អេហ្វ ជី កាលពីពេលថ្មីៗនេះ បានដឹកនាំ សមាជិក សមាជិកា ចំនួន ៥០ នាក់ ដើម្បីចុះសួរសុខទុក្ខ និងចែក អំណោយ សប្បុរសរធម៌ ជូនចាស់ជរា ស្រ្តីមេម៉ាយ និងកុមារទីទ័លក្រ នៅបរិវេណ សាលាសាសនាឥស្លាម អាល់អៀហសាន ស្ថិតក្នុង ភូមិ ចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍ព័ត៌មាន ឲ្យដឹងនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ថា ក្នុងកម្មវិធីនោះ ក៏មានការអញ្ជើញចូល រួមពីសំណាក់ លោកបណ្ឌិត ម៉ើង លីដា នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី និង ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី និងជារដ្ធមន្រ្តីក្រសួងមហាផ្ទៃ និងលោក សោម វឺន អភិបាលស្រុករលាប្អៀរ ផងដែរ។

លោក ម៉ើង លីដា នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក៏បានផ្តល់ អាហារូបករណ៏ចំនួន ១៥០ កន្លែង ដល់អាជ្ញាធរ ដែនដីទាំងអស់ដែលបានអញ្ជើញចូលរួមក្នុង កម្មវិធីនាថ្ងៃនោះ។

លោក សាឡេះ សុវណ្ណារ៉ា បានមានប្រសាសន៍ថា មូលនិធិបុគ្គលិក ជី អេហ្វ ជី បានបង្កើតឡើងតាំងពីឆ្នាំ ២០១៣ ក្រោមការចូលរួមពីសំណាក់អំណោយ សប្បុរសធម៌ជាថវិកាពីគណៈគ្រប់គ្រង ក្រុមហ៊ុនហ្គោលហ្វាយ នេនសលគ្លូប៊ល ចំនួន ១០០ ដុល្លារអាមេរិកជារៀងរាល់ខែ និងការបរិច្ចាករបស់បុគ្គលិកធម្មតា ម្នាក់ ៣ ដុល្លារ អាមេរិក ព្រមទាំង ១០ ដុល្លារអាមេរិក សម្រាប់ថ្នាក់គ្រប់គ្រងឋានៈចាប់ពី Manager ឡើងទៅ។

លោកបានបន្ថែមថា នេះជាលើកទី៥ ហើយដែលមូលនិធិបុគ្គលិក ជី អេហ្វ ជី បាននាំយកអំណោយសប្បុរសធម៌ ចែកជូនចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ និងសិស្សានុសិស្សទីទ័លក្រ។ ដែលកាលពីឆ្នាំ ២០១៣ លោកបាន ដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាស្ទឹងមានជ័យ (រាជធានីភ្នំពេញ) និងក្នុងឆ្នាំ២០១៤ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា នៅអង្គការថែរក្សា និងបណ្តុះបណ្តាល កុមារ កំព្រា ហៅកាត់ថា (OCTO) នៅខេត្តកំពង់ស្ពឺ ចំនួនពីរដង ផងដែរ។

ជាចុងក្រោយ លោក សោម វឺន អភិបាលស្រុករលាប្អៀរ បានមានប្រសាសន៏សំណេះសំណាល ដោយបានកោត សរសើរដល់មូលនិធិបុគ្គលិក ជី អេហ្វ ជី ដែលបានមកចុះសួរសុខទុក្ខប្រជាពលរដ្ធក្រីក្រ និងនាំនូវអំណោយសប្បុរសធម៌មកចែកជូន នៅភូមិចារថ្មី នៅថ្ងៃនេះ។

ក្រុមហ៊ុន ជី គ្រុប បានបើកវិនិយោគក្នុងស្រុកខ្មែរ តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន បានបង្កើត ក្រុមហ៊ុនជាច្រើនទៀត មាន ដូចជា ក្រុមហ៊ុន Gold Financial Global, ក្រុមហ៊ុន G-Diamond, ក្រុមហ៊ុន G-Diamond ក្រុមហ៊ុន G-Star, និងក្រុមហ៊ុន G-Decoration។  ក្នុងនោះដែរ ក្រុមហ៊ុន ជី គ្រុប ក៏មានដៃគូវិនិយោគ ជាមួយបណ្តាក្រុមហ៊ុនធំៗជាច្រើនទៀត ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំរឹទ្ធិស័ក ក្រុមហ៊ុន អាស៊ីវេលុយ ក្រុមហ៊ុនសៀងហៃរីសត ក្រុមហ៊ុន KHBuy និងក្រុមហ៊ុន KHExpress ជាដើម។

សូមបញ្ជាក់ផងដែរថា ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ នៅក្នុងភូមិចាថ្មី ចំនួន ៦៣ នាក់ និងសិស្ស ទីទ័លក្រ ចំនួន ២៨៥ នាក់ ត្រូវបានទទួលអំណោយសប្បុរសធម៌ពីមូលនិធិ បុគ្គលិក ជី អេហ្វ ជី និងសប្បុរសជនមួយចំនួន ទៀត សរុបជាថវិកាប្រមាណ ១៨០០ ដុល្លារសហរដ្ឋអាមេរិក។ ហើយមូលនិធិ ក៏បានឧបត្ថម្ភជាថវិកាចំនួន ២.០០០.០០០ រៀល សម្រាប់ជួសជុលដំបូលសាលា និងទិញតុសិស្ស ដែលថវិកានះបានមកពីសប្បុរស ជនតាមរយៈមូលនិធិ ជី អេហ្វ ជី។

នៅពេលរសៀលក្រុមបាល់ទាត់មូលនិធិបុគ្គលិក ជី អេហ្វ ជី ក៏បានប្រកួតបាល់ទាត់ជាលក្ខណៈ មិត្តភាពជាមួយ ក្រុមបាល់ទាត់ប្រចាំភូមិចារថ្មី ផងដែរ។