CPP ៖ ស្ថានការណ៍ នយោបាយ នឹងធូរស្រាលក្រោយវិល ចូលប្រជុំសភា របស់CNRP

ភ្នំពេញ៖លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) នៅព្រឹកថ្ងៃអង្គារ៍ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានថ្លែង ដោយក្ដីសង្ឃឹម យ៉ាងមុតមាំថា ក្រោយការវិលត្រឡប់ ចូលប្រជុំសភារបស់ សមាជិកសភាគណបក្ស សង្រ្គោះជាតិ (CNRP) វិញ ស្ថានការណ៍នយោបាយ នៅកម្ពុជានឹងមានសភាព ធូរស្រាលឡើងវិញ។

លោក សុខ ឥសាន្ត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា CPP ស្វាគមន៍ និងអបអរសាទ ចំពោះ ការប្រកាសវិលចូលប្រជុំសភារបស់សមាជិកសភាCNRPដើម្បីកាត់បន្ថយកម្ដៅនយោបាយនៅកម្ពុជា។

  លោកបានថ្លែងបន្ថែមថា “ យើងសង្ឃឹមថា ក្រោយពេលដែលចូលប្រជុំសភាវិញ ធ្វើឲ្យសភាពការនយោបាយ នៅកម្ពុជា វាមានសភាល្អប្រសើរឡើងវិញ”។

  លោក សុខ ឥសាន្ត បានថ្លែងបន្តថា រាល់ការប្រជុំសភាម្ដងៗ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាតែងតែ ដាក់លិខិតអញ្ជើញសមាជិកសភាគណបក្សសង្រ្គោះជាតិជានិច្ចដោយឡែកការចូលប្រជុំ ឬក៏មិនចូលប្រជុំវាជា រឿងរបស់ពួកគេ។

  គួរបញ្ជាក់ថា ការប្រកាសវិលចូលប្រជុំសភារបស់សមាជិកសភាគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើង បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៥ បានណែនាំ ដល់សមាជិកសភារបស់គណបក្សសង្រ្គោះជាតិទាំងអស់ ជាពិសេស ប្រធាន និងអនុប្រធានគណៈកម្មការ ជំនាញរដ្ឋសភា ឲ្យចូលប្រជុំសភាឡើងវិញ ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងសេចក្តីព្រាងផ្សេងៗ  និងសកម្មភាពរបស់រាជរដ្ឋាភិបាល៕