វ៉ាត់ ចំរើន ​បញ្ជាក់​ថា E- Sports ​ជា​កីឡា​មួយ​ប្រភេទ មិនមែន​ជា​ល្បែង​ស៊ី​សង​ទេ

វ៉ាត់ ចំរើន ​បញ្ជាក់​ថា E- Sports ​ជា​កីឡា​មួយ​ប្រភេទ មិនមែន​ជា​ល្បែង​ស៊ី​សង​ទេ

លោក វ៉ាត់ ចំរើន ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ប្រជាជន​នៅ​ខេត្ត​កំពត​ទាំង​អស់​ថា ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E- Sports) ​គឺ​ជា​ប្រភេទ​កីឡា​ថ្មី​មួយ​របស់​កម្ពុជា​ដែល​ធ្វើ​ការ​អប់រំ​ដល់​យុវជន​ឱ្យ​ស្គាល់​និង​បង្កើន​ភាព​ឆ្លាតវៃ មិន​មែន​ជា​ល្បែង​ស៊ីសង ​ដូច​ការ​យល់​ច្រឡំ​របស់​មតិ​មួយ​ចំនួន​នោះ​ទេ។

 

វ៉ាត់ ចំរើន ​បញ្ជាក់​ថា E- Sports ​ជា​កីឡា​មួយ​ប្រភេទ មិនមែន​ជា​ល្បែង​ស៊ី​សង​ទេលោក វ៉ាត់ ចំរើន កំពុងនិយាយ​​ពន្យល់​ទៅកាន់អ្នកគាំទ្រ

 

មាន​ការ​យល់​ខុស​ជា​ច្រើន ​ចំពោះ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​ដោយ​មនុស្ស​មួយ​ចំនួន​បាន​គិត​ថា​ វា​ជា​ប្រភេទ​ល្បែង​ស៊ី​សង​មួយ​របស់​ក្មេង​ៗ​សម័យ​ថ្មី។ តែ​ជាក់​ស្ដែង​ទៅ កីឡា E- Sports ​កម្ពុជា​គឺ​ជា​ប្រភេទ​កីឡា​ថ្មី​មួយ​របស់​ពិភពលោក​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​របស់​យុវវ័យ ដើម្បី​ពង្រឹង​ភាព​ចង់​ចាំ មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ចេះ​សហការ​គ្នា​ផង​ដែរ។

 

ទាក់ទង​នឹង​រឿង​ខាង​លើ លោក វ៉ាត់ ចំរើន ​បាន​ពន្យល់​បន្ថែម​ថា​ ៖ “កម្ពុជា​មាន​មោទនភាព​ដែល​កាល​ពី​ឆ្នាំ​មុន​ៗ​នេះ យើង​មាន​កីឡាករ​ដែល​អាច​ចូល​រួម​ប្រកួត​កីឡា E- Sport ​នៅ​ក្រៅ​ប្រទេស។ នេះ​ជា​កីឡា មិនមែន​ជា​ល្បែង​ស៊ី​សង​ឬ​ជា​ការ​ភ្នាល់​គ្នា​ទេ។ វា​បាន​អប់រំ​យុវជន​ឱ្យ​ចេះ​ស្រលាញ់​គ្នា បង្កើត​គំនិត​ថ្មី​ៗ ដុះ​ខាត់​ប្រាជ្ញា​ស្មារតី​ឱ្យ​យុវជន​ទាំង​អស់​ស្គាល់​ពី​បច្ចេកវិទ្យា​ថ្មី ដែល​ពិភព​លោក​យើង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ”។

 វ៉ាត់ ចំរើន ​បញ្ជាក់​ថា E- Sports ​ជា​កីឡា​មួយ​ប្រភេទ មិនមែន​ជា​ល្បែង​ស៊ី​សង​ទេលោក វ៉ាត់ ចំរើន និង លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

 

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ ​ឬ​ International E-Sports Federation (IeSF) ​ត្រូវ​បាន​បង្កើត​ឡើង​​ កាល​​ពី​ឆ្នាំ​២០០៨​​​ដែល​​ពេល​នោះ​មាន​ប្រទេស​ចំនួន​៩​​គឺ​ សមាគម​កីឡា​អេឡិចត្រូនិក​ប្រទេស​ដាណឺម៉ាក ​កូរ៉េ​ខាង​ត្បូង​ អាល្លឺម៉ង់ អូទ្រីស​ បែលហ្ស៊ិក​ ហុល្លង់​ ស្វីស​ វៀតណាម និង​កោះ​តៃវ៉ាន់​បាន​សហការ​​បង្កើត​ជា​សហព័ន្ធ។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​​នេះ​មាន​ទី​ស្នាក់​ការ​កណ្ដាល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ខណៈ​ដែល​នៅ​កម្ពុជា​វិញ ទើបតែ​មាន​ការ​ប្រកួត​ជា​លក្ខណៈ​ផ្លូវការ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ។ ចំពោះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​មកម្ពុជា​ដែែល​ទើប​បង្កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៤​​ត្រូវ​បាន​ IeSF បោះ​ឆ្នោត​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​កាល​ពី​ដើម​ខែ​​ធ្នូ ឆ្នាំ​២០១៥​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ