​ក្បាច់​រាំ​ដ៏​អស្ចារ្យ​របស់ ក្រុម​រាំ​បែប​ស្ទ្រី​ត​ដេ​ន របស់​ជប៉ុន ដើម្បី​អបអរសាទរ​ចុងឆ្នាំ ២០១៥

ភ្នំពេញ: មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​អាស៊ី ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយ​ស្ថានទូត​ជប៉ុន និង​មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា​-​ជប៉ុន (CJCC) មាន​កិត្តិយស​នាំមក​ជូន នូវ​ការសម្តែង​របាំ របស់​កម្មវិធី DANCE DANCE ASIA - Crossing the Movements នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី សិល្បករ សិល្បការ​នី​របាំ ដូចជា Hilty & Bosch Memorable Moment និង AREA ROCK STYLER នៅ​សាលសន្និសីទ​ចតុមុខ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ និង​ថ្ងៃ សុក្រ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៦​។ (​ជាមួយនឹង​ការចូល​ទស្សនា​ដោយ​សេរី​)​។​

DANCE DANCE ASIA គឺជា​គម្រោង​មួយ​របស់ មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន នៅ​អាស៊ី ក្នុង​គោលបំណង លើកតម្កើង​ការផ្លាស់ប្តូរ ការសិក្សា និង​កិច្ចសហការ រវាង​ក្រុម​រាំ​បែប​ស្ទ្រី​ត​ដេ​ន នៅ​តំបន់​អាស៊ី​។​

​ចាប់តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ នៅ​ប្រទេស​ជប៉ុន​មក ក្បាច់​រាំ​បែប​ស្ទ្រី​ត​ដេ​ន បានក្លាយ​ទៅជា វិស័យ​របាំ​មួយ ដែលមាន​ប្រជាប្រិយភាព ជាងគេ ហើយ​ចំនួន​ស្ទូ​ឌី​យោ​របាំ និង​អ្នករាំ​ក្បាច់​ប្រភេទ​នេះ ក៏មាន​ការកើនឡើង គួរឱ្យកត់សំគាល់​ផងដែរ ក្នុងពេល​ត្រឹមតែ​ជាង ៤០ ឆ្នាំនេះ​។ ក្បាច់​រាំ​ជា​ចង្វាក់ បែបនេះ ត្រូវមាន​រួមបញ្ចូល ទៅក្នុង​កម្មវិធី​អប់រំ តាមរយៈ​មុខវិជ្ជា “​ក្បាច់​រាំ​ជា​ចង្វាក់​បែប​សម័យ​” ដែល​ញ៉ាំង ឱ្យ​ក្បាច់​រាំ​ប្រភេទ​នេះ កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍ ក្នុងចំណោម​យុវវ័យ​។​

​បន្ថែម​លើ​នេះ ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ មក ក្រុមហ៊ុន របាំ​បែប​ស្ទ្រី​ត​ដេ​ន បានចាប់ផ្តើម បង្កើត​ស្នាដៃ​របាំ ពេញលេញ រួម​ជាមួយនឹង​ការផ្តួចផ្តើម បច្ចេកទេស និង​ការដឹកនាំ​របាំ​ប្លែកៗ ដែល​បាន​ក្លាយទៅជា​ចលនា របាំ​មួយ​មាន​ប្រជាប្រិយភាព​ខ្ពស់ និង​ជា​វិស័យ​របាំ​ថ្មី​មួយ ដែល​កំពុង​រីក​លូត លាស់​ខ្លាំង នៅក្នុង​ឧស្សាហកម្ម សិល្បៈ​ទស្សនីយភាព​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ ប្រជាប្រិយភាព របស់​ស្ទ្រី​ត​ដេ​ន បាន​នឹង​កំពុង​រីក​រាលដាល ទៅ​ប្រទេស​ឯទៀត​នៅ​តំបន់​អាស៊ី ហើយ​អ្នករបាំ​ស្ទ្រី​ត​ដេ​ន ក៏​ចាប់ផ្តើម​បង្កើត បណ្តាញ​របស់​ពួកគាត់​ផងដែរ តាមរយៈ​ការប្រកួត​ក្បាច់​រាំ​ផ្សេងៗ​។​

​ពឹង​ផ្អែកលើ​កម្លាំង​រប​ស់​ចលនា​ទាំងនេះ កម្មវិធី DANCE DANCE ASIA បាន​ខិតខំ​ប្រឹងប្រែង​បង្កើត ស្នាដៃ​សិល្បៈ​មហោស្រព​ថ្មី ដោយ​ខ្លួនឯង និង​លើកតម្កើង​ការ ផ្លាស់ប្តូរ បទពិសោធន៍ នៅ​អាស៊ី​តាមរយៈ ក្បាច់​រាំ បែប​ស្ទ្រី​ត​ដេ​ន ដើម្បី​ដើរតួនាទី​សំខាន់​មួយ នៅក្នុង​វប្បធម៌​ថ្មី​នេះ នៅ​អាស៊ី​។​

Hilty & Bosch ដែលជា​អ្នកជំនាញ​ក្បាច់​រាំ​បែប locking គឺជា​គូ​សិល្បករ​របាំ កម្រិត​ពិភពលោក ដែល​បានធ្វើ​ការសម្តែង​មហោស្រព ការសម្តែង​តាម​ទូរទស្សន៍ ការបង្កើត​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ និង​ធ្វើជា​គណៈវិនិច្ឆ័យ ការប្រកួត​នានា នៅ​ទីក្រុង​ធំៗ​ជាង ១៥០ ក្នុងប្រទេស​ជាង ៣០ នៅលើ​ទ្វីប ចំនួន​៥​។ អ្នករបាំ​អន្តរជាតិ​មួយគូ​នេះ គឺជា​ក្រុម​របាំ​ក្មេង​ជាងគេ និង​មាន​ចំនួន​សមាជិក​ក្រុម តិចជាងគេ ដែល​ឈ្នះ​ពានរង្វាន់​ជើងឯក ក្នុង​វេទិកា​ប្រកួត​របាំ​ស្ទ្រី​ត​ដេ​ន ធំ​បំផុត​គឺ JAPAN DANCE DELIGHT និង បន្តទៅ​ឈ្នះ​ពានរង្វាន់ ផ្សេងៗ​ទៀត​ទូ​ទាំ​ពិភពលោក​។​

Memorable Moment គឺជា​ក្រុម​របាំ Jazz បែប​អ៊ិ​ច​ប្រេ​សិន​នី​ស ដែល​បានទទួល​ការហ្វឹកហាត់ និង​ដឹកនាំ​ពី KAORIalive ដែលជា​អ្នក​តំឡើង របាំ​កំពូល​ជនជាតិ​ជប៉ុន​ម្នាក់​។ ក្រុម​របាំ​មួយ​នេះ បង្កើត​ស្នាដៃ​របាំ ជាច្រើន តាមរយៈ​ចលនា​រាំ​របស់​ពួកគេ ដែលមាន​ភាព​ស្រុះគ្នា និង​ក្បាច់​រាំ​ប្លែកៗ ប្រកបដោយ​ភាព​ច្នៃប្រឌិត ព្រមទាំង​ឆ្លុះបញ្ចាំង អំពី​ទស្សនៈ សកល​ផងដែរ​។ ពួកគាត់​បានឈ្នះ​ពានរង្វាន់ ជាច្រើន​ពី​ការប្រកួត លំដាប់ថ្នាក់​អន្តរជាតិ មាន​ជាអាទិ៍ ពានរង្វាន់​លេខ​មួយ នៅ  Legend Tokyo ព្រមទាំង​ពានរង្វាន់ ប្រធានបទ​នៅ​វេទិកា​របាំ World of Dance នៅ​ទីក្រុង ឡូ​សអាន់​ជឺ​ឡេស សហរដ្ឋអាមេរិក​។​

​ក្រុម​ចុងក្រោយ​គឺ AREA ROCK STYLER ដែលមាន​សមាជិក ដូចជា Mad Skills Styler KoRock GENTA និង HIDEMARU ហើយ​ពួកគាត់ បានទទួល​រង្វាន់​ជាច្រើន រួមទាំង​ពាន Asia Champion តាំងពី​ជំនាន់​ថ្នាក់​វិទ្យាល័យ​។ គ្រប់​សមាជិក​របស់​ក្រុម សុទ្ធតែ​សកម្ម ក្នុង​ការពង្រីក​សក្តានុពល របស់ របាំ​ផ្នែក ស្ទ្រី​ត​ដេ​ន កាន់តែខ្លាំង​ជា រៀងរាល់ថ្ងៃ ដោយ​រួមបញ្ចូល​នូវ ក្បាច់​រាំ​ផ្សេងៗ​បែប ហ៊ី​ប​ហប ប៉ុប និង​ប្រែក​អ៊ី​ន​។​

​គួរ​កត់សំគាល់ថា ក្រុម​របាំ​ទាំងបី​នេះ នឹង​បង្កើត​វគ្គ​បណ្តុះបណ្តាល ផ្សេងៗ​ផងដែរ សម្រាប់​អ្នក​ដែល ស្រឡាញ់​វិស័យ​របាំ (​ទោះជា​អ្នក​ទាំងនោះ គ្មាន​បទពិសោធន៍ របាំ​ក៏ដោយ​) ដែល​វគ្គ​បណ្តុះបណ្តាល ទាំងនេះ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ អង្គារ ទី ១៥ និង​ថ្ងៃ ពុធ ទី ១៦ ខែធ្នូ នៅ មជ្ឈមណ្ឌល​សៀក និង​សិល្បៈ​ទស្សនីយភាព និង​នៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា​-​ជប៉ុន (CJCC)៕V​/S

​ក្បាច់​រាំ​ដ៏​អស្ចារ្យ​របស់ ក្រុម​រាំ​បែប​ស្ទ្រី​ត​ដេ​ន របស់​ជប៉ុន ដើម្បី​អបអរសាទរ​ចុងឆ្នាំ ២០១៥