សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​ស្ត្រី​បង្កើន​សមត្ថភាព ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ និង​គោលនយោបាយ​

ភ្នំពេញ: ​ក្នុង​ពិធី​បិទ​វេទិកា​ជាតិ ស្តីពី "​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ និង​គោលនយោ​បាយ​" នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន បាន​ជំរុញ​ឲ្យ​ស្ត្រី ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន ដើម្បី​ក្លាយជា​ថ្នាក់​ដឹកនាំ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា ការបង្កើន​សមត្ថភាព​ស្ត្រី ជា​បញ្ហាសំខាន់ ព្រោះថា ការកំណត់​កូតា​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ មិន​សំខាន់​ទេ តែ​សំខាន់​ស្ត្រី​នោះ ត្រូវមាន​សមត្ថភាព​ពិតប្រាកដ ហើយ​តាម​ស្ថាប័នរដ្ឋ​និ​មួយៗ អាច​នឹងត្រូវ​បាន​តែង​តាំង​​លើសពី​ការកំណត់​កូតា​ទៅទៀត​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ស្នើ​ឲ្យ​ស្ថាប័ន​ក្រសួង​ទាំងអស់ គិតគូរ​ហ្វឹកហ្វឺន​ស្ត្រី ដើម្បី​ពង្រឹងសមត្ថភាព​របស់​ស្ត្រី​ផងដែរ​។ ក្នុងនោះ សម្តេច​ហ៊ុនសែន ក៏បាន​ស្នើ​ដល់​ស្ថាប័ន​ក្រសួង ខេត្ត​រាជធានី ដែល​បានកំណត់​ឲ្យ​មាន​ស្ត្រី​មួយរូប ជា​អភិបាលរង​ខេត្ត​រាជធានី ជា​រដ្ឋលេខាធិការ ជា​អនុរដ្ឋលេខាធិការ គឺ​ការតែងតាំង​នោះ មិនមែន​ធ្វើឡើង ដើម្បី​ល្អមើល កំដរ​រោង​នោះទេ គឺ​ត្រូវប្រគល់​តួនាទី​ភារកិច្ច ដល់​ស្ត្រី ជា​ថ្នាក់ដឹកនាំ​នោះ ធ្វើ​ផង​។​

​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុនសែន បាន​រម្លឹក​ហើយ​រម្លឹក​ទៀត​ដល់​ស្ត្រី​ខ្លួនឯង ត្រូវតែមាន​សមត្ថភាព ក្នុងការ​ដឹកនាំ​។ សម្តេច​ហ៊ុនសែន ក៏បាន​ទទួលស្គាល់ថា ស្ត្រី​សព្វថ្ងៃ ធ្វើការ​ងារ​បាន មិន​ចាញ់​បុរស​នោះទេ ក្នុងនោះ ក៏មាន​ការងារ​ការទូត ជាដើម ហើយ​សូម្បីតែ​កងទ័ព​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​មនុស្ស​ធម៌​ថែរក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ក៏​ស្ត្រី​កម្ពុជា មាន​ច្រើន​ផងដែរ​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​អំពាវនាវ​ទៅកាន់​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​គិតគូរ​ដាក់​បេក្ខភាព​ស្ត្រី ក្នុងការ​បោះឆ្នោត​គ្រប់​កម្រិត រួមមាន ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្រុមប្រឹក្សា​ខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ព្រឹទ្ធសភា​។ សម្តេច​ក៏បាន​គូសបញ្ជាក់ថា គណបក្សនយោបាយ ក៏ត្រូវ​ដាក់​បេក្ខភាព​ស្ត្រី នៅក្នុង​លំដាប់​លេខ​រៀង ដែល​អាច​ជាប់ឆ្នោត ដោយ​មិន​ត្រូវដាក់​គ្រាន់តែ​កំដរ​រោង ឲ្យ​ល្អមើល​នោះទេ​៕​