មនុស្ស ៣ នាក់ស្លាប់ បន្ទាប់ពីព្យុះទីហ្វុង ណូណា វាយប្រហារ ភាគខាងកើត ហ្វីលីពីន

ម៉ានីល៖ ព្យុះទីហ្វុង ណូណា ឬ មេឡ័រ បានវាយប្រហារ ភាគខាងកើតប្រទេស ហ្វីលីពីន យ៉ាង ដំណំ កាលពីយប់ ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ ២០១៥ នេះ ដោយពាំនាំយកមក ជាមួយនូវភ្លៀងធ្លាក់ លាយឡំនឹងខ្យល់ បោកបក់យ៉ាងសន្ធប់ ព្រមទាំងបានឆក់យកជីវិត មនុស្សយ៉ាងតិច ៣នាក់ផងដែរ។ នេះបើតាមការផ្សាយ របស់សារ ព័ត៌មានសិង្ហបុរី CNA។

ចំពោះមនុស្ស ៣នាក់ នោះ គឺម្នាក់បានស្លាប់ដោយសាររងារ និង ២ នាក់ទៀតស្លាប់ដោយសារ លង់ទឹក ស្ថិតនៅ ក្នុងទីក្រុង ខាតារម៉ាន នៃខេត្តសាម៉ា ភាគខាងជើងឈៀងខាងកើត ប្រទេស ហ្វីលីពីន។ អ្វីដែលសំខាន់ទៀតនោះ គឺព្យុះបានបោកផ្តាច់ចរន្តអគ្គិសនី នៅខេត្តចំនួន ៧ ដែលជាហេតុនាំឲ្យប្រជាជនជាង ៥,៤ លាននាក់ រស់នៅក្នុង ភាពងងឹត។

ក្រៅពីអគ្គីសនីនោះ តំបន់ភ្នំមួយចំនួន បានទទួលរងគ្រោះថ្នាក់ដោយសារដីបាក់ និង ទឹកជំនន់ ដែលបានបំផ្លិច បំផ្លាញ អគារសាធារណ និង លំនៅដ្ឋាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ជាច្រើនខ្សែ ប៉ុន្តែអាជ្ញាធរ នៅមិន ទាន់បានកំណត់ទំហំនៃការខូចខាតសរុបនៅឡើយទេ។ ព្យុះ ខាងលើកំពុងបន្ថយឥទ្ធិពល និង ទៅដល់ដែនសមុទ្រ ចិន ខាងត្បូងនៅល្ងាចថ្ងៃអង្គារ នេះ៕

មនុស្ស ៣ នាក់ស្លាប់ បន្ទាប់ពីព្យុះទីហ្វុង ណូណា វាយប្រហារ ភាគខាងកើត ហ្វីលីពីន