អ្នកបាញ់ប្រហារ នៅកាលីហ្វរញ៉ា ធ្លាប់ប្រាប់មិត្តៗ ហ្វេសប៊ុក ថាខ្លួនគាំទ្រ ពួកជីហាដ

វ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោមពីរនាក់ ដែលបានបង្កការបាញ់ ប្រហារនៅទីក្រុង សាន់ ប៊ែរណាឌីញ៉ូ នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កាលពីដើមខែធ្នូ កន្លងទៅនេះ គឺ នាង តាស់ហ្វីន ម៉ាលីក ត្រូវបាន ប៉ូលិស អាមេរិករកឃើញថា នាងធ្លាប់ទាក់ទងតាមរយៈសារ ទៅកាន់មិត្តៗមួយ ក្រុមនៅប៉ាគីស្ថាន កាលពីឆ្នាំ ២០១២ និង ២០១៤ ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដើម្បីបង្ហាញថានាង ជាអ្នកគាំទ្រចំពោះក្រុមសកម្មប្រយុទ្ធ អ៊ីស្លាម ជីហាដ ហើយ នាងក៏ចង់ ចូលរួមប្រតិបត្តិការវាយប្រហារ ជាមួយក្រុមនេះ នៅថ្ងៃណាមួយ ផងដែរ។

សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ នេះទៀតថា សារដែលនាងម៉ាលីក វ័យ ២៩ ឆ្នាំបាន បញ្ជូនទៅកាន់ មិត្តភក្តិនោះ បានកើតឡើងតែ រយៈពេលខ្លីប៉ុណ្ណោះ មុននាង កាន់ទិដ្ឋាការ K-1 fiancee ចូលមក កាន់ទឹកដីសហរដ្ឋអាមេរិក កាលពីខែកក្កដា ឆ្នាំ ២០១៤។

ប្រវត្តិរបស់នាង និង ស្វាមីឈ្មោះ Syed Rizwan Farook កំពុងតែត្រូវបានស៊ើបអង្កេតដោយ ទីភា្នក់ងារស៊ើបអង្កេត សហព័ន្ធ FBI បន្ទាប់ពីពួកគេបានរួមដៃគ្នា វាយប្រហារដ៏អាក្រក់ បណ្តាល ឲ្យមនុស្ស ១៤នាក់ស្លាប់ និង ជាង ២០ នាក់ទៀតរងរបួស ក្នុងរដ្ឋកាលីហ្វរញ៉ា៕

អ្នកបាញ់ប្រហារ នៅកាលីហ្វរញ៉ា ធ្លាប់ប្រាប់មិត្តៗ ហ្វេសប៊ុក ថាខ្លួនគាំទ្រ ពួកជីហាដ