លោក សម រង្ស៊ី បញ្ជាក់​ថាបើ​ខ្មែរ​យើង​នៅតែ​បន្ត​ឈ្លោះ​គ្នា​ទៀត យើង​នឹង​បន្ត​បាត់បង់​ទឹកដី​ទៀត​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​ថាបើ​ខ្មែរ​យើង​នៅតែ​បន្ត​ឈ្លោះ​គ្នា​ទៀត យើង​នឹង​បន្ត​បាត់បង់​ទឹកដី​ទៀត ហើយ​មិនយូរ​ទេ ប្រទេសជាតិ​យើង​នឹង​រលាយបាត់​តែម្តង​។ លោក សម រង្ស៊ី បាន​លើកឡើងថា នៅពេលដែល​ខ្មែរ​បែកបាក់​នោះ​ហើយ​ដែល​បរទេស ពិសេស​បរទេសជិតខាង​បាន​ឆ្លៀតឱកាស​លេប​យក​ទឹកដី​ខ្មែរ និង​ទាញយក​ផលប្រយោជន៍​ពី​ខ្មែរ​ក្នុងពេលដែល​ខ្មែរ​កំពុងតែ​បែកបាក់​សាមគ្គី និង​សង្គ្រាម​ផ្ទៃក្នុង​ហែកហួរ​គ្នា​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងឱកាស​ចូលរួម​ពិធី​បុណ្យផ្កា​សាមគ្គី​នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​រ៉ូ​បេ ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​នេះ បាន​ពន្យល់ថា​បើទោះជា​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្តៅ ឬ​តានតឹង​យ៉ាងណាក៏ដោយ ក៏​រូបលោក​នៅតែ​តាំងចិត្ត​ឲ្យ​ប្រជាក់ ដើម្បី​មានគំនិត ប្រាជ្ញា​គិតគូរ​ពី​បញ្ហា​ប្រទេសជាតិ​។ គណបក្សនយោបាយ​ណាមួយ​ឈ្នះឆ្នោត​ជា​ករណី​មួយ តែ​អ្វីដែល​សំខាន់បំផុត​គឺ​ខ្មែរ​ទាំងអស់​ឈ្នះ និង​អាចរ​ស់បាន​ដោយ​រុងរឿង​ទាំងអស់គ្នា ដូច្នេះ​ខ្មែរ​មិនត្រូវ​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាតិ​ដូច​ក្នុង​ប្រវត្តិសាស្ត្រ​នោះទេ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​រំលឹកថា​ជាង​៤០០​ឆ្នាំ​ចុង​ក្រោយនេះ​ខ្មែរ​យើង​បាន​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់​ដែល​បញ្ហា​នេះ​គឺ​បណ្តាលមកពី​ការឈ្លោះគ្នា​កាប់សម្លាប់​គ្នា​ជា​បន្តបន្ទាប់​។ លោក សម រង្ស៊ី​បាន​បញ្ជាក់ថា​ខ្មែរ​យើង​មួយចំនួន​ក្នុង​អតីតកាល​បាន​កាប់សម្លាប់​គ្នា​ដើម្បី​តែ​គ្រួសារ​ខ្លួន បក្ខពួក​ខ្លួន ហើយ​បានរ​ត់ទៅ​ពឹង​បរទេស​។ លោក សម រង្ស៊ី ពន្យល់ថា​បរទេស​ដែល​ចូលមក​ជួយ​ភាគី​ខ្មែរ​ណាមួយ​គេ​តែងតែ​គិតពី​ផលប្រយោជន៍​របស់គេ ព្រោះ​ពួកគេ​មិន​អាចជួយ​ខ្មែរ​ដោយ​មិន​ទទួលបាន​ផលប្រយោជន៍​អ្វីមួយ​នោះទេ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា​យើង​ជា​ខ្មែរ​មិនត្រូវ​បណ្តោយ​ឲ្យ​ប្រវត្តិសាស្ត្រ​ជូរចត់​កើតឡើង​នៅលើ​ទឹកដី​ខ្មែរ​នៅ​សម័យកាល​បច្ចុប្បន្ន និង​ពេលអនាគត​នោះទេ ហើយ​យើង​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​សន្តិវិធី​។ ជុំវិញ​បញ្ហា​នេះ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះដែរ​ថាបើ​ទោះ​ជួប​ឧបសគ្គ​ខ្លះៗ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​សម្រេច​គោលដៅ​របស់ខ្លួន​ដដែល​នោះ​គឺ​ដំណើរ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ដោយ​សន្តិវិធី​៕

12369119_1007356455987754_8001745615738824168_n 12316216_1007356302654436_4630934485948521183_n