គ្រោះថ្នាក់ ចរាចរណ៍ ឆ្នាំ២០១៥ ថយចុះ ៥% បើធៀប និងឆ្នាំ២០១៤

ភ្នំពេញ៖ យោងតាមរបាយការណ៍ បូកសរុបសភាពការណ៍ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅក្នុងឆ្នាំ២០១៥ នេះមានការថយចុះ ២៤៥លើក ស្មើ៥% បើធៀបទៅនិងឆ្នាំ២០១៤ ។ នេះបើតាមរបាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ។

ក្នុងរបាយការណ៍នោះ បានបង្ហាញថា ក្នុងឆ្នាំ២០១៥នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងចំនួន ៤.៥៩៥លើក ធៀបឆ្នាំ២០១៤ មានការថយចុះ ២៤៥លើក ស្មើ៥% គិតជាមធ្យមក្នុង១ថ្ងៃមានគ្រោះថ្នាក់ ១២លើក។ ករណីគ្រោះថ្នាក់នេះ បានបណ្តាលឲ្យ មនុស្សរងគ្រោះសរុប ៩.៧៧៥នាក់ ថយ៤៤០នាក់ ស្មើ៤% ក្នុងនោះបណ្តាល ឲ្យស្លាប់ចំនួន ២.២៦៥នាក់ កើន១១៧នាក់ស្មើ៥% (ជនបរទេស២០នាក់) គិតជាមធ្យម ១ថ្ងៃស្លាប់ ០៦នាក់ និងរងរបួស សរុប ៧.៥១០នាក់ (របួសធ្ងន់ ៤.៤១៣នាក់) ថយ៥៤៧នាក់ ស្មើ៧% (ជនបរទេស១២០នាក់) ជាមធ្យម ១ថ្ងៃរងរបួស ២០នាក់។

ប្រភពរបាយការណ៍ខាងលើ បានបង្ហាញទៀតថា មធ្យោបាយខូចខាត សរុប ៧.៥៧៥ គ្រឿង (ថយ៣៩៥គ្រឿង) រថយន្តធំ ៧១៣គ្រឿង(កើន២៦គ្រឿង) យានផ្សេងៗ ៤៣៣គ្រឿង (កើន០៣គ្រឿង) ។

ខាងអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើ បណ្តាលមកពី កត្តាមួយចំនួន ដូចជាកត្តា មនុស្ស៩៤% (បើកបរលើស ល្បឿនកំណត់ ៤២%  មិនគោរពសិទ្ធ អាទិភាព ១៣% មិនប្រកាន់ស្តាំ៨% ប្រជែង១២% បើកបរស្រវឹង ១១% បត់មិនប្រយ័ត្ន៧% សុខភាព១%)។ ក្រៅពីនេះកត្តា យានយន្ត២% កត្តាផ្លូវ១% និងកត្តាផ្សេងៗ៣%៕