អាជ្ញាធរភ្នំពេញ មិនទាន់ទទួល លិខិតពីលោក ជា មុនី ស្នើសុំដង្ហែ កម្រងផ្កាគោរព វិញ្ញាណក្ខន្ធលោក ជា វិជ្ជា

ភ្នំពេញ៖ លោក ឡុង ឌីម៉ង អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងថា រហូតមកដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៥នេះ សាលារាជធានី នៅមិនទាន់បាន ទទួលលិខិតពីលោក ជា មុនី ប្អូនប្រុសលោក ជា វិជ្ជា ដើម្បីសុំ អនុញ្ញាតដាក់ កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជានៅឡើយទេ។

លោក ឡុង ឌីម៉ង បានប្រាប់មកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ថា  លោកនៅមិនទាន់ បានទទួល លិខិតរបស់ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ ដែលបានស្នើសុំក្នុងការ ដង្ហែកម្រងផ្កាទៅដាក់ គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ធ្នូ លោក ជា មុនីបានដាក់លិខិតមួយច្បាប់ទៅ អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើ សុំហែក្បួន គោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា។ ក្នុងលិខិតបានលើកឡើងថា នឹងមានអ្នកចូលរួមប្រហែល ជា ១៥០នាក់ មានទាំងក្រុមគ្រួសារសាច់ញាតិ មិត្តភ័ក្ត ដែលនឹងចាប់ផ្តើមពី ម៉ោង៨និង៣០នាទីព្រឹក នៅទីកន្លែង តម្កល់រូបសំណាក លោក ជា វិជ្ជា តែម្តង។

លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី២២ មករា ឆ្នាំ២០០៤ នៅមុខតូបលក់ កាសែតក្បែរ វត្តលង្កា៕

អាជ្ញាធរភ្នំពេញ មិនទាន់ទទួល លិខិតពីលោក ជា មុនី ស្នើសុំដង្ហែ កម្រងផ្កាគោរព វិញ្ញាណក្ខន្ធលោក ជា វិជ្ជា