ម៉ាស៊ីន​បោក​ស្រូវ​រវល់​ឥត​ទំនេរ​នៅ​រដូវ​ច្រូត


ម៉ាស៊ីន​បោក​ស្រូវ​រវល់​ឥត​ទំនេរ​នៅ​រដូវ​ច្រូត

ចូល​ដល់​រដូវ​ច្រូត​កសិករ​ប្រញឹក​ដៃ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​រៀងខ្លូន។ បន្ទាប់ពី​ច្រូត​ស្រូវ​ហើយ​កសិករ​ភាគច្រើន មិន​សូវ​ជា​បោក​ស្រូ​វដោយ​ដៃ​ដូច​សម័យ​បុរាណ​ទៀត​ទេ ក៏​ព្រោះ​តែ​បច្ចុប្បន្ន​មាន​ម៉ាស៊ីន​បោកស្រូវ ដែល​វា​បាន​ជួយ​កាត់​បន្ថយ​ការ​ប្រើ​កម្លាំង​ខ្លាំង និង ប្រើ​ពេល​តិច។

 

ងាក​មក​មើល​ម្ចាស់​ម៉ាស៊ីន​បោក​ស្រូវ​វិញ គឺ​រវល់​សឹង​ដក​ដៃ​មិន​បាន។ ចេង សុភា ជាម្ចាស់​ម៉ាស៊ីន​បោកស្រូវ​បានប្រាប់​ថា ឲ្យ​តែ​ចូល​ដល់​រដូវ​ច្រូត គាត់​រវល់​ខ្លាំង​ណាស់ ដោយ​ថ្ងៃខ្លះ​បោក​តាំង​ពី​ពេលព្រឹក ដល់​យប់ រូច​បន្ត​ដល់​ព្រឹក​វិញ​ទៀត​ក៏មាន និយាយ​រួម​ គឺ​គ្មាន​ពេល​សម្រាក​ម៉ាស៊ីន​ទេ ដោយ​គាត់​មាន​គ្នា​ផ្លាស់​វេន​ធ្វើ​រហូត។

 

ឲ្យ​តែ​ដល់​រដូវ​ច្រូត មិន​បាច់​ដើរ​សួរ​គេទេ គឺ​មាន​គេ​ទូរសព្ទ​ហៅ​មិន​ដាច់ ហើយ​ឲ្យតែ​បាន​បោក​មួយ​កន្លែង​ហើយ អ្នក​នៅក្បែរៗ​នោះ​ហៅបោក​បណ្តាក់​គ្នាតែម្តង។ ឯ​តម្លៃ​ឈ្នួល​បោក​វិញ សោភា ប្រាប់ថា យក​ស្រូវ​ក៏បាន លុយ​ក៏​បាន។​ បើ​ឲ្យ​ស្រូវ ២០ធុង យក១ តែ​បើ​គិត​លុយ ១ធុង ៦០០៛។ តែ​ភាគច្រើន​គេ​ច្រើន​ឲ្យ​ជា​ស្រូវ”។
 

ម៉ាស៊ីន​បោក​ស្រូវ​រវល់​ឥត​ទំនេរ​នៅ​រដូវ​ច្រូត

 

ម៉ាស៊ីន​បោក​ស្រូវ​រវល់​ឥត​ទំនេរ​នៅ​រដូវ​ច្រូត

 

ក្នុង ១ ឆ្នាំ សុភា អាច​ដើរ​បោក​ស្រូវ​បាន​ពីរ​លើក តែ​រវល់​ខ្លាំង​នៅ​រដូវវស្សា​ ចំណែក​ឯ​រដូវ​ប្រាំង​មាន​គេហៅ​បោក​ស្រូវ​ប្រាំង​ខ្លះ​ដែរ តែ​មិន​ច្រើន​ដូច​រដូវ​វស្សាទេ ក៏​ព្រោះ​អ្នក​នៅ​តំបន់នេះ មិន​សូវ​មាន​ទឹក​ធ្វើស្រែ​ប្រាំង។​

 

ទាក់ទិន​នឹង​មុខ​របរដើរ​បោកស្រូវនេះ សុភា ដែល​ជា​អ្នក​ស្រុក​ឈូក ខេត្តកំពត រូប​នេះបានលើកឡើងថា គាត់​បាន​ចំណាយ​ប្រាក់​ប្រមាណ ៧ ០០០ដុល្លារ ដើម្បី​ទិញ​ម៉ាស៊ីន​បោក​ស្រូវ​ខ្នាត​ធំ​មួយ​ទឹក​នេះ ​។​“ឆ្នាំ​ទិញ​មក​ដំបូង រវល់​ខ្លាំង​ជាង​ឥឡូវ​នេះ​ទៀត ព្រោះ​កាល​នោះ​អត់​ទាន់​មាន​ម៉ាស៊ីន​បោក​ច្រើន”។

 

សុភា និយាយថា គ្រាន់តែ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ អាច​រក​ប្រាក់​រូច​ថ្លៃ​ទិញ​ម៉ាស៊ីន​បាន។ បុរស វ័យ ៣៣​ឆ្នាំនេះ​បាន​បន្ថែមថា ថ្ងៃ​ដែល​រវល់​ខ្លាំង បោក​បាន​ច្រើន គាត់​អាច​រក​ចំណូល​បាន​ដល់​ ១ លាន​រៀល​ក៏មាន៕

 

ម៉ាស៊ីន​បោក​ស្រូវ​រវល់​ឥត​ទំនេរ​នៅ​រដូវ​ច្រូត

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!