ឈើប្រណីត​នៅក្នុងដែនជម្រក​សត្វព្រៃភ្នំព្រេច​នៅមណ្ឌលគិរី​កំពុងរងការកាប់​បំផ្លាញ

ខេត្តមណ្ឌលគិរី ៖ ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជំរកសត្វព្រៃ​ភ្នំ​ព្រេច​នៃ​ខេត្ត​មណ្ឌលគិរី​លាត​ស​ន្ឋឹ​ង​រាប់ម៉ឺន​សែនហិ​កតា ​សំរាប់​ជា​ជំរុំ​ជំរក​​ពពួកសត្វ​ជីវៈចំរុះ​រស់​នៅ​នោះ​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​​ការ​បំផ្លាញ​ឱ្យ​រលាយ​ហិនហោច​ហើយ​​ ។ សកម្មភាព​កើត​មាន​បទល្មើស​​ទាំងនេះកំពុង​ត្រូវ​​បានប្រជាពលរដ្ឋ ​និងសហគមន៍​ការពារ​ព្រៃឈើ​​បានដាក់ការសង្ស័យ​ទៅ​លើ​អ្នក​គ្រប់គ្រង​​ដែនជំរក​និង​មន្ទីរ​បរិស្ថាន​ខេត្ត​​ឃុបឃិតជាមួយក្រុមឈ្មួញ​​បើកដៃអោយ​ជនល្មើសចូលកាប់​ អារនិង​ដឹក​ជញ្ជូន​ឈើប្រណីត​ និង​ឈើ​​លេខ​មួយ​នៅក្នុង​តំបន់​ស្នូល​​ដែនជំរកសត្វព្រៃខាងលើ​រាប់​ម៉ឺន​ម៉ែត្រគូប​ដឹកចេញពីឃុំ​ចុង​ផ្លាស់​ ឃុំ​មេ​ម៉​ង់ និង​​ស្រុក​កោះ​ញែក ​យកទៅលក់បន្តឲ្យមេឈ្មួញធំៗ ។

ប្រភពបន្តថា ​ប្រភេទ​ឈើ​ប្រណីត​​ដែល​ក្រុមជនល្មើស​ប្រព្រឹត្ត​ត្រូវ​​បានមេឈ្មួញ​ដឹក​ជញ្ជូន​ឆ្លង​​ចូល​ទៅ​លក់នៅ​ក្នុង​ខេត្តក្រចេះ​​តាម​ច្រក ភ្នំ​ព្រេច​ ក្នុងស្រុក​ស្វាយ​ជ្រះ​ ស្រុក​ស្នួល ឃុំ​ក​ន្តួ​ត ​ស្រុក​ចិត្របូ​រី ​ពី​ស្រុក​កោះ​ញែក​​ដឹក​ឆ្លងកាត់​តាម​ច្រក ​ឃុំ​រលួស ស្រុក សំបូរ​ ខេត្តក្រចេះ ។ រីឯ​ឈើ​​ប្រណីត​មួយ​ចំនួន​ទៀត​​ត្រូវ​បានគេ​ដឹកជញ្ជូន​​ឆ្លងកាត់​យក​ទៅលក់​នៅ​ព្រំប្រទល់​​ប្រទេស​វៀតណាម ។​ ​ប្រជាសហគមន៍​ការពារ​ព្រៃឈើ​​ខេត្តមណ្ឌលគិរី​បាន​សំណូមពរ​ដល់ លោក​ ឈិ​ត សុផល ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត ​និង​លោក សំ​រ៉​ង ឌី​វិចិត្រ ​នាយកដែន​ជំរក ​សត្វព្រៃ​ភ្នំ​ព្រេច​មេត្តា​ជួយ​ស្រាវជ្រាវ​​ពិនិត្យ​មើល​ទំហំ​និងវិសាលភាព​​នៃ​ការ​បាត់បង់​ព្រៃឈើ​នៅ​​តំបន់​ដែល​ខ្លួន​គ្រប់គ្រងផង ​និង ​សំណូមពរ​ដល់​ក្រសួងបរិស្ថាន​ផង​ដែរ​ សូម​ជួយ​ចាត់ចែង​មន្ត្រីជំនាញ​​ចុះស្រាវជ្រាវតាមដាន​​មើល​បទល្មើស​ខាងលើ​នេះ​​ដោយ​រួសរាន់​បំផុត ។

នៅព្រឹកថ្ងៃទី១៥ ធ្នូ ២០១៥​ កោះសន្តិភាពមិន​អាចរកការសុំអត្ថាធិប្បាយ​បំភ្លឺតបបានទេពី​ប្រធានមន្ទីរ​បរិស្ថាន​​ខេត្តមណ្ឌលគិរី​ លោក ឈិ​ត សុផល ​និង​នាយកគ្រប់គ្រង​ដែន​ជម្រកសត្វព្រៃភ្នំព្រេច​ លោក សំ​រ៉​ង ​ឌី​វិចិត្រ ​ជុំវិញការចោទប្រកាន់ខាងលើ៕